—————-
ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថា​រដ្ឋាភិបាល​ប្រើ ​«ផែនទី​ក្លែង​ក្លាយ»
(ដោយ អ៊ុម វ៉ារី, Sept 04, 2015, http://monoroom.info/news/post/6240)

ការអះអាងរបស់រដ្ឋាភិបាលកម្ពុជា ដែលខិតខំពន្យល់ ឲ្យអ្នកផងមើលឃើញថា ផែនទីព្រំដែន ដែល​ខ្លួន​យក​ទៅ​ចរចា ជា​មួយ​នឹង​ប្រទេស​វៀតណាម ថាមានលក្ខណៈដូចទាំង​ស្រុង នឹង ផែនទីព្រំដែនកម្ពុជា ដែល​ទុក​នៅ​ប្រទេស​មហា​អំណាច​នានា និង ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) នោះ មិនបានធ្វើឲ្យក្រុម{អ្នកឃ្លាំមើល} ដែលមាន​ទីតាំង ​នៅ​ក្រៅ​ប្រទេស យល់​ស្រប​ជា​មួយ​​ទេ។ ក្រុម​នោះ បានប្រកាសថា ផែនទី ដែលរដ្ឋាភិបាល ប្រើនោះជា ​«ផែនទី​ក្លែង​ក្លាយ»

ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលសព្វថ្ងៃនេះ ជាផែនទីមួយ ដែលប្រធាន គណៈ​កម្មាធិការ​កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ធ្លាប់បានថ្វាយអង្គព្រះបរមរតនៈកោដ្ឋ (ព្រះបាទ នរោត្តម សីហនុ) ដែលកាលនោះ ​ព្រះ​អង្គ បានបញ្ជាក់ថា នោះជា «ផែនទី ក្លែងក្លាយ»។ នេះជាការ អះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ ​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៥ នេះ ទាក់ទងនឹងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្នុងពេលកន្លងមក ដើម្បីយក​ទៅចរចា ជាមួយប្រទេស វៀតណាម ហើយក្រុមនេះ បានបញ្ជាក់​​ទៀត​ថា ខ្លួនមិនដែល​ទទួលស្គាល់ជាដាច់ខាត ចំពោះ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ​២០០៥ ទៅលើ​សន្ធិ​សញ្ញា​ព្រំដែនរដ្ឋខុសច្បាប់ រវាកម្ពុជា​-​វៀតណាម ឆ្នាំ១៩៨៥ ឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមាន លោក ម៉ែន ណាត ជាប្រធាន បានស្រង់នូវព្រះឱង្ការ នៃ អតីតអង្គ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ មកសរសេរ ក្នុងសេចក្ដីថ្លែងការណ៍នេះថា «ឯកឧត្តម វ៉ា គឹមហុង ហ៊ានបង្ហាញខ្ញុំ នូវផែនទីក្លែងក្លាយ ជាផែនទីពីសម័យសង្គម​រាស្រ្តនិយម។ (…) ផែនទី ទាំងឡាយណា ដែលផ្ទុយពីការកំណត់ ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាផែនទី មិនអាចយកប្រើប្រាស់ ក្នុងការបោះបង្គោល ជាមួយវៀតណាម ​ជាដាច់ខាត»។

បន្ថែមពីលើការដកស្រង់ខាងលើ លោក ម៉ែន ណាត បានយកសំណេរ ដែលមាននៅក្នុង សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៥ មករំលឹកឡើងវិញថា «សូមចូលរួមកាន់ទុក្ខ ចំពោះភាព​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ នៃ​បញ្ហាបូរណភាពទឹកដីខ្មែរ»។ «តំណាងរាស្រ្ត​បក្សសម រង្ស៊ី ២៤ រូប នៅពេលនោះ បានដើរចេញ​ពី​រដ្ឋសភា ប្រឆាំង​សន្ធិសញ្ញា​នេះ​ដែរ»។

ការប្រកាសខាងលើរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេស​ណ័រវេស (Norway) បានផ្សាយ​ចេញ បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់ ផែនទីព្រំដែនកម្ពុជា ត្រូវ​បាន​ធ្វើឡើង យ៉ាងគគ្រឹកគគ្រេង រវាងផែនទីព្រំដែន ដែល​រដ្ឋាភិបាល​​កម្ពុជា​ប្រើប្រាស់ ជាមួយនឹងផែនទី ផ្ញើ​ទុក​នៅ​ប្រទេសមហា អំណាចនានា និងនៅអង្គការ​សហ​ប្រជាជាតិ។ បន្ទាប់​​ពី​ការ​ផ្ទៀង​ផ្ទាត់នោះ រដ្ឋាភិបាលខ្លួនឯង ក៏ដូច​ជា​រាជបណ្ឌិត សភាកម្ពុជា (ដែលជា​ស្ថាប័ន​មួយ របស់​រដ្ឋា​ភិបាល​​ដដែល) តែង​បាន​ប្រកាស ថា ផែនទីទាំង​អស់ មាន​លក្ខណៈដូចគ្នាទាំងស្រុង។ តែការ​ប្រកាស​នោះ មិន​ទាន់​​​ត្រូវ​​បាន​គណបក្ស​​សង្គ្រោះ​​ជាតិ និងអ្នកគាំទ្រ​​គណបក្ស​នេះ បង្ហាញពីជំហរ​ទទួល​យក​នៅ​ឡើយ។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានអះអាង និងទទួលស្គាល់ថា អង្គអតីត​ព្រះ​មហាក្សត្រកម្ពុជា ធ្លាប់មានព្រះបន្ទូលថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ចម្រុះខណ្ឌសីមា និង​បោះ​បង្គោលព្រំដែនកម្ពុជា បានយក «ផែនទីក្លែងក្លាយ ថ្វាយទ្រង់ទត។»

តែការលើកឡើង ថារដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់ ​«ផែនទី​​ក្លែង​ក្លាយ» ត្រូវបាន ទាត់ចោល ដោយរដ្ឋាភិបាលខ្លួនឯង និងតាមរយៈមន្ត្រី ជាន់ខ្ពស់ ជាបន្តបន្ទាប់។ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (ដែល កំពុងកាន់អំណាច) បានហៅការចោទរដ្ឋាភិបាល ថាប្រើ «ផែនទី​​ក្លែង​ក្លាយ» នេះ គ្រាន់តែចង់បានប្រជាប្រិយភាព ពីពលរដ្ឋ របស់ក្រុម ឬគណបក្សនោះប៉ុណ្ណោះ។ ហើយ​​ដើម្បី​​ជម្រះ​មន្ទិលនេះ យុទ្ធនាការ​ផ្ទៀងផ្ទាត់ផែនទី ត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ រហូតឈាន ទៅ​ដល់​​ការ​​ព្រមាន ថា ​នឹង​​ចាត់​​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​នរណា ឬ​ក្រុម​ណា​ក៏ដោយ ដែលនៅតែ​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ប្រើ ​​«ផែនទី​​​ក្លែង​ក្លាយ»។

ផ្ទុយទៅវិញ យុទ្ធនាការផ្ទៀងផ្ទាត់ផែនទីនោះ ត្រូវបានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដដែល វាយតម្លៃ ថា មាន​បំណង​ដើម្បី​លុបលាង​កំហុសប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន ធ្វើឡើងក្នុង​អំឡុង​ពេល នៃការដឹកនាំ​របស់​ខ្លួន។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី​ផ្សេង មកផ្ទៀងផ្ទាត់ ក្នុង​បំណង​ចង់​ស្តារ​ប្រជាប្រិយភាព នយោបាយ, ចង់លុបលាងកំហុសប្រវត្តិសាស្រ្ត និងចង់ឲ្យ​ប្រជា​ពលរដ្ឋស្ងប់ចិត្ត។ ប៉ុន្តែ​ការ​បោះ បង្គោលព្រំដែន លើដីជាក់ស្តែង រដ្ឋាភិបាលប្រីប្រាស់ផែនទីមិន​ត្រឹមត្រូវ “ក្លែង​ក្លាយ”​ជាផែនទី​អម​​សន្ធិ​សញ្ញា​ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាមឆ្នាំ១៩៨៥»៕

ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ដែលចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃនេះ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

—————–