មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានច្រានចោលថា របាយការណ៍អង្គការសារព័ត៌មានគ្មានព្រំដែន មិនបានឆ្លុះបញ្ចាំងពីការពិត ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០១៨ កាន់តែអាក្រក់ ដោយសារគណបក្សកាន់អំណាច ព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយ ដែលរិះគន់ខ្លួន។
(VOA Khmer /ដោយ កាន់ វិច្ឆិកា / 18-4-2019)
ភ្នំពេញ — សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានលើពិភពលោក ឆ្នាំ២០១៩ របស់អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ ២០១៨ អាក្រក់ជាងឆ្នាំ ២០១៧ មួយកម្រិត ដោយសារគណបក្សកាន់អំណាច ព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយ ដែលរិះគន់ខ្លួន ស្របពេលប្រទេសចិន កំពុងបង្កើនឥទ្ធិពលលើប្រទេសនេះ។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ (Press Freedom Index 2019) ដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានវាយតម្លៃសេរីភាពសារព័ត៌មាន នៅប្រទេសចំនួន ១៨០ លើពិភពលោក បង្ហាញថា ការថ្លែងរបស់មេដឹកនាំនយោបាយ ក្នុងប្រទេសជាច្រើន ប្រឆាំងទៅនឹងអ្នកសារព័ត៌មាន បានញុះញង់ឱ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ ដែលបានបង្កឱ្យមានការភ័យខ្លាច និងគ្រោះថ្នាក់ ដល់អ្នកកាសែត ដែលមិនធ្លាប់មានពីមុនមក។
សម្រាប់កម្ពុជា របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចេញនៅថ្ងៃព្រហស្បតិ៍នេះ បង្ហាញថា ស្ថិតក្រោមការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន ការរិតត្បិតសេរីភាពសារព័ត៌មាន ត្រូវបានពង្រីកនៅកម្ពុជា និងត្រូវធ្លាក់ចុះចំណាត់ថ្នាក់កាន់តែអាក្រក់ ដោយស្ថិតក្នុងលេខ ១៤៣ នៅឆ្នាំ ២០១៨។
របាយការណ៍នោះ រៀបរាប់យ៉ាងដូច្នេះថា៖ «ដោយបារម្ភអំពីលទ្ធភាពនៃការចាញ់ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីបានកាន់អំណាចជាង ៣០ ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលមានស្ថានីយវិទ្យុចំនួន ៣០ ត្រូវបានបិទ និង កាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) ដែលជាកាសែតជាភាសាអង់គ្លេស បានជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យផុយស្រួយ នៅកម្ពុជា ត្រូវបានបង្ខំឱ្យបិទទ្វារ។ សារព័ត៌មានឯករាជ្យចុងក្រោយ គឺកាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ត្រូវបានទិញដោយពាណិជ្ជករជនជាតិម៉ាឡេស៊ី ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា នៅខែឧសភា ឆ្នាំ២០១៨»។
របាយការណ៍ដដែលបន្ថែមថា លទ្ធផលនៃការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានតែព័ត៌មាន ដែលផ្សាយពីសកម្មភាពល្អៗ របស់រដ្ឋាភិបាល ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ដែលរណបនឹងរដ្ឋាភិបាល របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
របាយការណ៍នោះបញ្ជាក់ថា៖ «អ្នកសារព័ត៌មាន ដែលនៅតែហ៊ានធ្វើព័ត៌មានស៊ើបអង្កេត លើប្រធានបទផ្សេងៗ ដែលរបបនេះ មិនចូលចិត្ត ដូចជាពេស្យាចារលើអនីតិជន ត្រូវចាប់ដាក់ពន្ធនាគារ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការលើកឡើងរបស់របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននោះ ដោយលោកថា មិនឆ្លុះបញ្ចាំងពីការពិត នៅកម្ពុជា។ លោកប្រាប់ VOA ថា កម្ពុជាតែងអនុវត្តការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន តាមបែបប្រជាធិបតេយ្យ ដោយមានការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក មានជំនួបរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរដ្ឋាភិបាល ព្រមទាំងមានការកើនឡើង នូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន។
លោកបញ្ជាក់ថា៖ «កម្ពុជាគឺជាប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ជាការគោរពនូវសិទ្ធិសេរីភាពសារព័ត៌មាន ជាការគោរពនូវសិទ្ធិសេរីភាពបញ្ចេញមតិ ដែលផ្ទុយពីលើកឡើងអំពីស្ថាប័នមួយចំនួនដែលមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដរបស់កម្ពុជា»។ លោក មាស សុភ័ណ្ឌ បន្ថែមថា ស្ថាប័នព័ត៌មាន ដែលត្រូវបានបិទទ្វារកន្លងមក គឺកើតឡើងដោយសារពួកគេ មិនអនុវត្តច្បាប់ នៅកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០១៧ មក ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរួមមាន កាសែតឌឹ ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ត្រូវបង្ខំចិត្តបិទទ្វារ លែងដំណើរការនៅកម្ពុជា ចំណែកស្ថានីយវិទ្យុក្នុងស្រុកជាច្រើនទៀត ត្រូវបានរដ្ឋាភិបាល បិទឈប់ឲ្យផ្សាយបន្តកម្មវិធីព័ត៌មាន ជាភាសាខ្មែររបស់វិទ្យុ VOA អាស៊ីសេរី និង VOD។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានសរសេរសារអេឡិចត្រូនិកមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា ការបិទទ្វារបស់សារព័ត៌មានមួយចំនួន កាលពីឆ្នាំ ២០១៧ គឺដោយសារតែអង្គភាពទាំងនោះ មិនគោរពតាមច្បាប់របស់កម្ពុជា។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បន្ថែមថា បញ្ហាកាសែត ឌឹ ខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី គឺបិទទ្វារដោយខ្លួនឯង ដើម្បីគេចវេសមិនបង់ពន្ធជូនរដ្ឋ និងថា វិទ្យុក្នុងស្រុកចំនួន ៣០ ស្ថានីយផ្សេងទៀត ត្រូវបានបិទដោយក្រសួងព័ត៌មាន ដោយសារវិទ្យុទាំងនោះ មិនគោរពកិច្ចសន្យាជាមួយក្រសួង។
លោក សុខ ឥសាន បានសរសេរក្នុងន័យដើមថា៖ «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើន និងដុះដាលច្រើនដូចផ្សិត។ ក្នុងការផ្សាយមានសិទ្ធិផ្សាយដោយសេរី ដោយគ្មានការត្រួតពិនិត្យខ្លឹមសារផ្សាយជាមុន ដូចនៅប្រទេសមួយចំនួនទ្បើយ»។
យ៉ាងណាក៏ដោយ លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងថា របាយការណ៍របស់ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ពិតជាបានឆ្លុះបញ្ចាំងពីស្ថានភាពនៃសេរីភាពសារព័ត៌មាន នៅកម្ពុជា និងថា កំពុងបន្តធ្លាក់ចុះពិតមែន។ លោកបន្តថា រដ្ឋាភិបាល គួរតែចាត់ទុកសារព័ត៌មានគ្រប់ប្រភេទ ជាដៃគូដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍសង្គម។
លោក បញ្ជាក់ថា៖ «គួរតែមានការបើកលំហ ឲ្យបានទូលំទូលាយច្រើនជាងមុន ចំពោះសេចក្តីសម្រេចចិត្ត ឬមួយក៏កិច្ចសហប្រតិបត្តិការរបស់ ស្ថានីយវិទ្យុមួយចំនួន ជាមួយនឹងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នផលិតកម្មវិធី ឬក៏ព័ត៌មានឯករាជ្យផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋ ហ្នឹងគាត់អាចទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ឬមួយក៏ព័ត៌មានពីគ្រប់និន្នាការនយោបាយ នៅក្នុងសង្គមយើង។ ធ្វើដូច្នេះ នឹងជួយឲ្យប្រជាពលរដ្ឋហ្នឹងមានការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ»។
យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន ១៤ នាក់ ត្រូវបានសម្លាប់ នៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ មក ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគេ។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
បច្ចុប្បន្ន មានអ្នកបកប្រែភាពយន្តឯកសារ ឲ្យស្ថាប័នព័ត៌មានបរទេសមួយរូប កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយរង់ចាំការកាត់ទោស និងអតីតអ្នកកាសែត ២ នាក់ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំង ២ នាក់ទៀត ភៀសខ្លួនចេញក្រៅប្រទេស ដោយសារតែការចោទប្រកាន់ពីអាជ្ញាធរ។
កាសែត ឌឹ ខេមបូឌា ដេលី បានបង្ខំចិត្តបិទទ្វារ លែងដំណើរការក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារតែរងសម្ពាធពីរដ្ឋាភិបាលឲ្យបង់ពន្ធ ៦.៣ លានដុល្លារ៕