
គណៈកម្មការអឺរ៉ុប ស្នើរដ្ឋសមាជិកខ្លួន នៅចុងខែនេះដើម្បីឈានទៅសម្រេចព្យួរ EBA ពីកម្ពុជា
(ដោយលោក មាន ប្ញទ្ធិ / RFA Khmer / 23-1-2019)
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្ម របស់ សហភាពអឺរ៉ុប បានកំណត់យកថ្ងៃទី ២៩ ខែមករា ២០១៩ ជាកាលបរិច្ឆេទចុងក្រោយ តម្រូវឱ្យរដ្ឋាភិបាលនៃ រដ្ឋសមាជិកទាំង ២៨ របស់ខ្លួន ផ្ដល់ភ្លើងខៀវ ឬការគាំទ្រ ចំពោះការឈានទៅរកការសម្រេចគោលនយោបាយ ដកហូតប្រព័ន្ធអនុគ្រោះពន្ធពិសេស «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា។ ការកំណត់កាលបរិច្ឆេទនេះ ធ្វើឡើងក្រោយពីស្នងការពាណិជ្ជកម្ម អឺរ៉ុប បានជជែកទ្វេភាគី ជាមួយប្រមុខការទូតកម្ពុជា កាលពីថ្ងៃទី ២១ មករា ជុំវិញលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា។
សារព័ត៌មានពាណិជ្ជកម្មអាមេរិក Bloomberg រាយការណ៍ថា សហភាពអឺរ៉ុប កំពុងបន្តចំណាត់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា មួយជំហានទៅមុខបន្ថែមទៀត ដែលហេតុការណ៍នេះ កាន់តែរំកិលជិតដល់ការសម្រេចជាស្ថាពរ នៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។
សារព័ត៌មាននេះ ផ្សាយកាលពីថ្ងៃទី ២២ មករា សរសេរថា ផ្អែកតាមប្រភពពីមន្ត្រី ២ រូបដែលដឹងច្បាស់អំពីដំណើរការនេះ ហើយនិយាយដោយសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើសុំការគាំទ្រពីបណ្ដារដ្ឋាភិបាលសមាជិករបស់ខ្លួន ឱ្យផ្ដល់ភ្លើងខៀវត្រឹមថ្ងៃទី ២៩ មករា ដើម្បីឈានទៅរកការសម្រេចគោលនយោបាយ ដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា តែម្ដង ដោយសារតែរបបក្រុងភ្នំពេញ បានរំលោភសិទ្ធិមនុស្ស និងរម្លាយប្រជាធិបតេយ្យ នៅកម្ពុជា។ យ៉ាងណាក៏ដោយ សារព័ត៌មានដដែលនេះថា តាមរយៈការផ្តល់ភ្លើងខៀវ ឬការគាំទ្រចំពោះគោលនយោបាយដកហូតប្រព័ន្ធអនុគ្រោះពន្ធ តាមរយៈប្រទេសសមាជិករបស់ខ្លួននេះហើយ គណៈកម្មការអឺរ៉ុប នៅត្រូវការពេលវេលាដល់ទៅ ១២ ខែទៀត ទើបអាចឈានទៅសម្រេចជាផ្លូវការ ក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះតែម្ដង។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
ក៏ប៉ុន្តែ កន្លងមករបបក្រុងភ្នំពេញ បានបង្កើនការប្រុងប្រយ័ត្នខ្លាំង ចំពោះព័ត៌មានពាក់ព័ន្ធនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ជាពិសេសក្រោយពេលសហភាពអឺរ៉ុប បានសម្រេចយកពន្ធ លើអង្ករកម្ពុជា ដែលជាសំណុំរឿងដាច់ដោយឡែកមួយទៀត។ របបនេះ បានព្រមាន ចាត់វិធានការម៉ឺងម៉ាត់ និងគ្រប់រូបភាព ចំពោះសារព័ត៌មាន និងអ្នកអត្ថាធិប្បាយទាំងឡាយណា ដែលរបបនេះយល់ថា ព្យាយាមបង្កើតទស្សនៈអវិជ្ជមាន និងបំភ័ន្តមតិសាធារណជន ជុំវិញរឿងសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ តាមរយៈការបង្កើតជាព័ត៌មានមិនពិត។
ការសម្រេចរំកិលសំណុំរឿង ដកហូតប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា ដើម្បីសុំការគាំទ្រពីបណ្ដារដ្ឋសមាជិករបស់ សហភាពអឺរ៉ុបនេះ ដោយគណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីមានជំនួបជជែកគ្នាទ្វេភាគីមួយ រវាងស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម ជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ២១ មករា ស្របពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប លើកទី២២ ។ ក្នុងជំនួបនោះ អ្នកស្រីបានជជែករឿងកិច្ចព្រមព្រៀងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ ជាមួយនឹងលោក ប្រាក់ សុខុន ហើយក៏បានលើកឡើង អំពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជាដែរ។ អ្នកស្រី ក៏បានបញ្ជាក់ឡើងវិញដដែល អំពីកង្វល់នានា របស់សហភាពអឺរ៉ុប ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ យ៉ាងណាក៏ដោយ អ្នកស្រីថា សហភាពអឺរ៉ុបនៅតែបន្តរក្សាបើកចំហ ឱ្យមាននូវកិច្ចសន្ទនាជាមួយកម្ពុជា មុននឹងឈានទៅរកការសម្រេចជាស្ថាពរ លើការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ នាពេលអនាគត ឬយ៉ាងណានោះ។
កាលពីដើមខែ តុលា ឆ្នាំ ២០១៨ សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការ ដល់ភាគីកម្ពុជា ជាផ្លូវការអំពីចំណាត់ការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា ក្រោយរបបក្រុងភ្នំពេញនៅតែរឹងទទឹងមិនព្រមស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលត្រូវសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា «ជាការបោះឆ្នោតក្លែងក្លាយ» រួចមក។
កន្លងមកមានប្រទេសចំនួន ៣ ហើយ ដែលសហភាពអឺរ៉ុប ធ្លាប់បាន សម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួន ក្នុងនោះមានប្រទេស មីយ៉ាន់ម៉ា ឬភូមា (Myanmar) ប្រទេសបែលឡារូស (Belarus) និងប្រទេសស្រីលង្កា (Sri Lanka) ដោយសារតែប្រទេសទាំងនេះ បានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភបំពានសិទ្ធិការងារជាដើម៕