ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ

ករណីរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់កំបាំងលទ្ធផលចរចា ជាមួយ យួន រឿង «ដូរដីខ្មែរឲ្យយួន យកដីខ្មែរ» ដោយអនុវត្ត តាមផែនទី និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ហើយនិង សន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ២០០៥ កាលពីថ្ងៃទី១៨-២០ តុលា ២១០៦ នោះធ្វើឲ្យ យើងនឹកឃើញ សំដីសំដៅ និងសកម្មភាពជាច្រើន របស់សមាជិកសភា លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំឃាំង ដោយសារប្រឆាំង ការកំណត់ផែនទី និង សន្ធិសញ្ញាខុសច្បាប់ខាងលើ ដើម្បីបោះបង្គោលព្រំដែនខ្មែរ ជាមួយ យួន។

លោក អ៊ុំ សំអាន សមាជិកសភា ពីបក្សសង្គ្រោះជាតិ និង ក្រុមសកម្មជន បានធ្វើរឿង​ដ៏​ត្រឹមត្រូវ ដែលជាសកម្មភាពស្នេហាជាតិ និង ការពាបូរណភាព​ទឹកដីខ្មែរ​ពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា២ មាត្រា៥៥។

កិច្ចប្រឹងប្រែងរបស់លោក អ៊ុំ សំអាន មិនទាន់គ្រប់គ្រាន់ទេ ពោលគឺ​គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងតែមួយគត់ក្នុង​រដ្ឋសភាជាតិ មិនត្រូវទុកចោល​តួនាទី​ដ៏សំខាន់មួយនេះ មួយអន្លើទេ ក្នុងខណៈពេល​រដ្ឋាភិបាល ហ៊ុន សែន កំពុងតែដោះស្រាយបញ្ហាជម្លោះព្រំដែន ជាមួយវៀតណាម ចាញ់ប្រៀបវៀតណាម ដែលហៅថា «កាត់ទឹកដីខ្មែរ​ឲ្យទៅយួន ដោយយកលេសថា ដូរ​យក​ដីខ្មែរ មកវិញ»

យើង​មានការសោកស្តាយ ចំពោះតួនាទីរបស់គណបក្សប្រឆាំង ក្នុងរដ្ឋសភាជាតិ ដែលនៅតែមានជំហរស្ទាក់ស្ទើរ និង មិនហ៊ាន​លើកបញ្ហានេះ ឲ្យទៅជាបន្ទុករបស់រដ្ឋសភា ជាការ​ចូលរួម​ការទទួលខុសត្រូវ​ចំពោះ​បញ្ហាជាតិ និង​ជាការជំរុញឲ្យគណបក្សកាន់អំណាច ត្រូវ​ទទួលខុសត្រូវ​​ចំពោះមុខ​ប្រវត្តិសាស្ត្រ។

យើងសូមថ្កោលទោសជាដាច់ខាត ចំពោះទង្វើក្បត់ជាតិ និងការធ្វើជាតិប្រហារ​ទាំង​ឡាយ​ណា ក្រោមការដឹកនាំ​ដោយរដ្ឋាភិបាល ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជា បាត់បង់យ៉ាងធំធេង នូវទឹកដីព្រំដែន​ខ្មែរ ទៅខាងភាគីវៀតណាម ក្រោយពី​ការបោះបង្គោលព្រំដែន និង បង្គោលតម្រុយព្រំដែន​​នីមួយៗ។

ដំណោះស្រាយបញ្ហាព្រំដែននេះ «កម្ពុជា ត្រូវតែប្តឹងតវ៉ាភាគីវៀតណាម ទៅភាគីអន្តរជាតិ» ក្នុងនោះមានម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស និង តុលាការអន្តរជាតិ។

ម៉ែន ណាត
ប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦

captureyyyyy
268145_100943893335056_5131402_n
រូបថតលោក ម៉ែន ណាត (២០០៨)

.