(អត្ថបទ ខែ សុណង នៃ​វិទ្យុអាស៊ៅសេរី RFA Khmer /19-10-2019)
ក្រុម​យុវជន និង​ពលរដ្ឋ​ចាត់ទុកថា ការ​បណ្ដោយឲ្យ​ពលរដ្ឋ​វៀតណាម​ ចូល​មក​រស់នៅ​លើកដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន​ច្រើន​ស្អេកស្កះ នឹង​ធ្វើ​ឱ្យ​កម្ពុជា ​បាត់បង់​ទឹកដី​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត​។ តំបន់​ដែល​ប្រជាជន​វៀតណាម ​រស់នៅ​ច្រើន​រួមមាន តំបន់​ថ្ម​បី​ដុំ ​ខេត្ត​តាកែវ, តំបន់​ក្អម​សំណ តំបន់​ជ្រៃ​ធំ ភូមិ​ប៉ាកណាម ក្នុង​ខេត្ត​កណ្ដាល និង​ ក្រុង​បាវិត នៅ​ខេត្ត​ស្វាយរៀង។

ក្រុម​យុវជន និង​ពលរដ្ឋ បារម្ភ​ពី​ហានិភ័យ​ជាច្រើន ដែល​ធ្វើ​ឱ្យ​កម្ពុជា ​ងាយ​នឹង​របូត​ដី​ទៅ​វៀតណាម​ គ្រប់គ្រង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស នៅ​ខេត្ត​មួយ​ចំនួន រួមមាន​ខេត្ត​តាកែវ ខេត្ត​កណ្ដាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ជាដើម​។ ក្រុម​យុវជន​អះអាង​ថា ពួកគេ​បាន​ចុះទៅ​ស្រាវជ្រាវ​ផ្ទាល់​នៅ​តំបន់​នោះ ហើយ​រក​ឃើញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម ចូល​មក​រស់នៅ​លើ​ដី​ខ្មែរ និង​តាំង​ទីលំនៅ​ដោយ​ខុសច្បាប់ លើក​ទឹកដី​ខ្មែរ​ជាច្រើន​ឆ្នាំ​មក​ហើយ មក​ទល់​ពេលនេះ ​នៅតែ​គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​នៅឡើយ​ទេ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ស៊ឺន ពិសិទ្ធិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា រដ្ឋាភិបាល ​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​នេះ​ទាល់តែសោះ បើ​ទោះ​បី​ពួកគេ បាន​ចុះ​ប្រមូល​ព័ត៌មាន និង​ផ្សាយ​វីដេអូ បង្ហាញ​តឹកតាង​មួយ​ចំនួន ដែល​បញ្ជាក់​ថា មាន​ពលរដ្ឋ​វៀតណាម​​ ជាង ៩០ ​ភាគរយ​រស់នៅ​ខុសច្បាប់ នៅ​តំបន់​ថ្ម​បី​ដុំ ក្នុងស្រុក​បុរី​ជលសា ខេត្ត​តាកែវ​។ លោក​គិត​ថា ការ​ធ្វេស​ប្រហែល​របស់​រដ្ឋាភិបាល នឹង​បង្ក​ឱ្យ​កម្ពុជា ​របូត​ដី តាម​បណ្ដោយ​ព្រំដែន​នៅ​ថ្ងៃ​អនាគត​។ លោកថ្លែងថា «នៅ​តំបន់​ហ្នឹង​ខ្ញុំ​ធ្លាប់​ចុះទៅ និង​មាន​ឯកសារ​ធ្លាប់​ធ្វើ​មាន គឺ​ពលរដ្ឋ​វៀតណាម ​ស្ទើរ​ទាំងអស់ មក​រក​ស៊ី​ចេញចូល ដោយ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ខ្មែរ​របស់​យើង គ្មាន​សមត្ថភាព​គ្រប់គ្រង​តំបន់​នោះ​បាន​។ ការគ្រប់គ្រង​កម្សោយ​របៀប​ហ្នឹង មាន​ហានិភ័យ​ខ្ពស់​មែនទែន»។

លោក ស៊ឺន ពិសិទ្ធិ បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា ប្រសិនបើ​រដ្ឋាភិបាល ​នៅតែ​អូស​បន្លាយ​ពេល មិន​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​នឹង​លំបាក​ទាមទារ​ដី​នៅ​តំបន់​នោះ​ ពី​ភាគី​វៀតណាម​។ លោក​ថា ល្បិច​ឈ្លានពាន​ទឹកដី គឺ​សំណាក់​រដ្ឋាភិបាល​វៀតណាម ​មាន​គ្រប់​រូបភាព រួមមាន ការបំពាន​ដោយ​ប ញ្ជូន​ប្រជាជន​វៀតណាម ឱ្យ​មក​រស់នៅ​តាម​ព្រំដែន ដើម្បី​​រំកិល​ព្រំដែន សកម្មភាព​ទិញ​ដី និង​ជួល​ដីស្រែ​ពី​ពលរដ្ឋ​ខ្មែរ និង​ការ​សង់​ផ្នូរ​ខ្មោច​ច្រើន​ស្អេកស្កះ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាដើម​។ លោកថា «ចាញ់​ប្រៀប​វៀតណាម​ច្រើន វា​ជា​វិធីសាស្ត្រ ក្នុង​ការ​ទន្ទ្រាន​យក​ដី​ខ្មែរ ​ដោយសារតែ ការដឹកនាំ​ឆ្លុះបញ្ចាំង​ពី​ភាព​ខ្សោយ​របស់​មេដឹកនាំ​របស់​យើង រឿង​បូរណភាព​ទឹកដី យើង​ចាញ់​ប្រៀប​ច្រើន​ណាស់​។ ផ្លូវ​គម​នា​គម ហេដ្ឋារចនាសម្ព័ន្ធ និង​បទដ្ឋាន​រដ្ឋបាល​យើង​ ខ្សោយ​ណាស់»។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​ប្រជុំ​៖ «កំពុង​ជាប់​ប្រជុំ​បាទ សុំ​អធ្យាស្រ័យ​»​។​

​អាស៊ីសេរី ​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល ​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី ​១៩ តុលា។

កន្លង​ទៅ ក្រុម​ការងារ ១០០​រាត្រី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ រក​ឃើញ​ថា តំបន់​ថ្ម​បី​ដុំ ឋិត​នៅ​ភូមិ​ថ្ម​បី​ដុំ ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ​ខេត្ត​តាកែវ មាន​ជនជាតិ​វៀតណាម រស់នៅ​ខ្ពស់​បំផុត​ជាង ៩០ ​ភាគរយ ប្រើ​ភាសា​វៀតណាម​ស្ទើរ​ទាំងអស់​។ ពួកគេ​បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន ឆ្លុះបញ្ចាំង​ថា តំបន់​នោះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​ ​រួមមាន រចនាបថ​សាងសង់​អគារ ផ្ទះសម្បែង ស្លាក​យីហោ​រកស៊ី មាន​លក្ខណៈ​វៀតណាម និង​មាន​ពលរដ្ឋ​វៀតណាម ​ចេញចូល​ដោយ​សេរី​។ ក្រុម​យុវជន​ថា ពុំ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេ​នៅ​ខាង​ទឹកដី​ខ្មែរ នៅ​ចន្លោះ​បង្គោល​ព្រំដែន​ពី​លេខ ២៦៥ ដល់ ២៧៥ និង​គ្មាន​ផ្លូវ​ធ្វើដំណើរ ​ទៅកាន់​ភូមិ​នោះ​ឡើយ ដែល​ផ្ទុយ​ពី​ខាង​ទឹកដី​វៀតណាម មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវថ្នល់​ត​ភ្ជាប់​ភូមិ​ថ្ម​បី​ដុំ ចូល​ទៅ​ខាងក្នុង​ប្រទេស​របស់​វៀតណាម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុមការងារ ១០០​រាត្រី លោក មួង សូ​នី ដែល​ធ្លាប់​ចុះ​ដល់​តំបន់​នោះ ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​ប៉ុស្តិ៍​យាម​ព្រំដែន​នៅ​ទីនោះ និង​មាន​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​តំបន់​នោះ​ឱ្យ​ច្បាស់លាស់ ជាពិសេស​ត្រូវ​ស្រង់​ស្ថិតិ​ជនជាតិ​វៀតណាម ​ដែល​កំពុង​រស់ តាម​បណ្ដោយ​ព្រំដែន នៅ​ចំណុច​ក្អម​សំណ តំបន់​ជ្រៃ​ធំ និង​ភូមិ​ប៉ាក់ណាម នៅ​ខេត្ត​កណ្តាល​។ លោក​បន្ថែម​ថា មន្ត្រី​ជំនាញ ដែល​ទៅ​ឈរជើង​នៅ​តំបន់​នោះ ត្រូវ​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ឆន្ទៈ​រឹងមាំ ការពារ​អធិប​តេយ្យ​​ជាតិ​​របស់​ខ្លួន​។ លើស​ពី​នេះ អាជ្ញាធរ​ខ្មែរ​ ត្រូវមាន​វិធានការ​អនុវត្ត​ច្បាប់ លើ​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​៖ «រឿង​វៀតណាម​ចូល​មក​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ពុំ​មែន​ជា​រឿង​មួយ ដែក​កើតឡើង​ដោយ វៀតណាម​ចូល​មក​បែប​រកស៊ី ធ្វើ​អាជីវកម្ម និង​ជនភាសន៍​ខ្លួន​ទេ​។ ខ្ញុំ​មើល​ទៅ ទំនងជា​រឿង​នយោបាយ​ច្រើនជាង ព្រោះ​តំបន់​នោះ​ជា​ភូមិ​ ដែល​វៀតណាម​ទាមទារ»។

​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា តំបន់​ថ្ម​បី​ដុំ ឋិត​ក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា។ លោក​ថា មាន​ហេតុផល​មួយវចំនួន ដែល​តំបន់​នោះ មិន​ឋិត​ក្នុង​ទឹកដី​វៀតណាម រួមមាន កម្ពុជា​មាន​ច្រក​ថ្ម​បី​ដុំ មាន​កាស៊ីណូ​ថ្ម​បី​ដុំ មាន​អ្នកតា​ថ្ម​បី​ដុំ មាន​ព្រំដែន​ច្រក​ថ្ម​បី​ដុំ និង​មាន​រដ្ឋបាល​​ឃុំ​ច្បាស់លាស់​។ ទាកទិ​ន​ការ​លើក​ឡើង​របស់​លោក សុខ ទូច ក្រុម​យុវជន​ទាមទារ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុជា ផ្តល់​សេរីភាព​ពេញលេញ ឱ្យ​សាធារណជន ចូល​ទៅ​សិក្សា ស្រាវជ្រាវ​តំបន់​នោះ ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង៕

តំបន់ថ្មបីដុំ ស្រុកបុរីជលសារ តាកែវ