(អត្ថបទដោយ ម៉ែន ណាត /០៦ សីហា ២០១៧)
ញឹក ប៊ុនឆាយ អតីតទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងអតីតមេទ័ពជាតិ មកពីបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ត្រូវបានចាប់ខ្លួន ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ «ក្រោមបទ​ចោទ​ប្រកាន់រឿងពាក់ព័ន្ធគ្រឿងញៀន ១០ ឆ្នាំមុន គឺនៅឆ្នាំ២០០៧ ជិតតំបន់គីរីរម្យ ខេត្តកំពង់ស្ពឺ»។ នៅថ្ងៃទី០៤ សីហា ក្រុមអាជ្ញាធរ បានទៅឆែកឆរ ដល់ផ្ទះលោក ញឹក ប៊ុនឆាយ។ នៅថ្ងៃទី០៥ សីហា លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាអាជ្ញាធរ រកតម្រុយឃើញខ្លះហើយអំពីលោក ញឹក ប៊ុនឆាយ ពាក់ព័ន្ធរឿងគ្រឿងញៀននោះ។

បុព្វហេតុនៃការចាប់ខ្លួន លោក ញឹក ប៊ុនឆាយ បានកើតឡើងក្រោយពេល លោក បានហៅទូរស័ព្ទទៅ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង នៅចុងខែ មិថុនា ឆ្នាំ២០១៧ គឺក្រោយការបោះឆ្នោតឃុំសង្កាត់។ ពេលនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្តៅក្រហាយជាខ្លាំង ពេលដឹងថា លោក ញឹក ប៊ុនឆាយ មានទំនាក់ទំនង ជាមួយគណបក្សប្រឆាំង ដោយចាត់ទុកថា «ក្បត់»។ ប៉ុន្តែលោក ញឹក ប៊ុនឆាយ បានឆ្លើយតបទៅវិញថា «ទូរស័ព្ទច្រឡំលេខ»។ ទោះជាយ៉ាងណាក្តី លោក ហ៊ុន សែន ក៏បានដកហូតតួនាទីលោក ញឹក ប៊ុនឆាយ ពីទីប្រឹក្សារដ្ឋាភិបា រួមនឹងមន្ត្រីជិតស្និទ្ធជាង ១០ រូបទៀត។

ក្រុមបណ្តាញសង្គម និងអ្នកប្រឆាំង បានរំលឹកដល់ ឧកញ៉ា ម៉ុង ប្ញទ្ធី មេឈ្មួញគ្រឿងញៀន នៅឆ្នាំ១៩៩៧ ដែលត្រូវបានលោក ហូ សុខ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការបកអាក្រាត តាមរយៈវីដេអូមួយ មុនពេលព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៩៧។ លោក ហូ សុខ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីទី២ ហ៊ុន សែន គ្រានោះជាអ្នកការពារការរកស៊ីខុសច្បាប់ របស់លោក ម៉ុង ប្ញទ្ធី។ លោក ហ៊ុន សែន កាលនោះក៏បានសារភាពថា លោកបានលុយមកពីការលក់ «កញ្ឆា» ដើម្បីូរៀបចំផ្តួលរំលំ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្រ្តីទី១ ។ ខ្សែវីដេអូឯកសារនេះ ត្រូវបានចែកចាយជាចំហ លើបណ្តាញសង្គមរួចហើយដែរ។ ចំពោះលោក ហូ សុខ វិញ ត្រូវបានសម្លាប់ ដោយកងកម្លាំង ដែលស្មោះត្រង់នឹងលោក ហ៊ុន សែន នៅក្រសួងមហាផ្ទៃ ក្នុងថ្ងៃរដ្ឋប្រហារ ឆ្នាំ១៩៩៧។

តាមរយៈរឿងក្តីគ្រឿងញៀន ដែលចោទប្រកាន់លោក ញឹក ប៊ុនឆាយ នេះ ធ្វើឲ្យពលរដ្ឋក្នុងបណ្តាញសង្គមទាមទារ ឲ្យរដ្ឋាភិបាល និង តុលាការ ត្រូវមានក្តីក្លាហាន ស៊ើបអង្កេតបទឧក្រិដ្ឋគ្រឿងញៀន របស់លោក ម៉ុង ប្ញទ្ធី កាលពី ២០ ឆ្នាំមុន ហើយត្រូវស៊ើបអង្កេតករណីលោក ហ៊ុន សែន ពាក់ព័ន្ធ «រឿងលក់កញ្ឆា» ផង៕