ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌ លើអ្នកប្រឆាំង, ជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!

អត្ថបទ ម៉ែន ណាត,  08-8-2017 (Update)
«នៅទីណាក៏ដោយ ចិត្តយើងមិនអាចស្ងប់បានទេ ពីព្រោះយើងជាផ្នែកមួយ នៃយុត្តិធម៌សង្គម និង ជាជាតិសាសន៍របស់ខ្មែរ»

ក្រោមការដឹកនាំលោក ហ៊ុន សែន តាំងពីទសវត្សទី៨០ មកទល់សព្វថ្ងៃ មិនដែលផ្តល់យុត្តិធម៌ ជូនជនស្លូតត្រង់ និង អ្នកទន់ខ្សោយ ម្តងណាទេ។ មានមនុស្សជាច្រើន ស្លាប់ ជាប់គុក និងក្លាយជាជនពិការ យ៉ាងអយុត្តិធម៌ ហើយបញ្ហាបូរណភាពទឹកដី ក៏បាត់បង់ ទៅប្រទេសជិតខាង ជាពិសេសវៀតណាម រួមទាំងប្រជុំ កោះត្រល់ (សន្ធិសញ្ញាព្រំដែនទឹក ដែលចុះហតុថលេខាដោយលោក ហ៊ុន សែន ជាមួយវៀតណាម ខែកក្កដា ១៩៨២)។

ពួកយើង ជាមនុស្សជំនាន់ថ្មី បានលះបង់ជាច្រើន និង បាត់បង់ជីវិត មិត្តរួមការងារជាច្រើន ក្នុងការចូលរួមតវ៉ាមហាបាតុកម្ម ជួយ សម្តេចក្រុព្រះ និង លោក សម រង្ស៊ី ដើម្បីប្រឆាំង លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៩៨។ ហើយមកដល់ឆ្នាំ២០១៣ ឆ្នាំ២០១៤ ក៏យើង ជួយកិច្ចការខ្លះជូន បក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤ មកពួកយើង លែងជាចំណែកនៃគណបក្សប្រឆាំងទៀតហើយ ប៉ុន្តែយើង នៅតែបន្តធ្វើកិច្ចការចំពោះមុខជាតិ, ជនងាយរងគ្រោះ និងរឿងបូរណភាពទឹកដី។

គណបក្សសង្គ្រោះជាតិ ដឹកនាំមហាបាតុកម្ម ទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត ក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដែលមានពលរដ្ឋប្រមាណ ១ លាននាក់ចូលរួម។ ថ្ងៃទី០២-០៤ ខែមករា ឆ្នាំ២០១៤ រដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន បង្ក្រាបមាហាបាតុកម្មយ៉ាងឃោរឃៅ សម្លាប់បាតុករ ៥ នាក់, របួស ៤០ នាក់, បាត់ខ្លួន ១នាក់ និង ចាប់ខ្លួនឃុំឃាំង ៤០ នាក់។ គណបក្សសង្គ្រោះជាតិ ចុះកិច្ចព្រមព្រៀងជាមួយ គណបក្សកាន់អំណាច របស់លោក ហ៊ុន សែន ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បីដោះស្រាយ បញ្ហាជាប់គាំង នយោបាយ ហើយដឹកនាំតំណាងរាស្រ្តរបស់ខ្លួន ៥៥ រូប បំពេញកិច្ចការរដ្ឋសភា។

សមាជិករដ្ឋសភា ២ រូបគឺលោក ញ៉ាយ ចំរើន និង គង់ សុភា ត្រូវបានក្រុមកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយដំ រងរបួសជាទម្ងន់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ លោក កឹម សុខ អនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានដកហូតតំណែងយ៉ាងអយុត្តិធម៌ និងរំលោភរដ្ឋធម្មនុញ្ញ ពីសំណាក់រដ្ឋសភា និងរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៥។ លោក សម រង្ស៊ី ត្រូវបានដកហូតពីសមាជិករដ្ឋសភា ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំដដែលនេះ ដូចករណីលោក កឹម សុខា ដែរ។  ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា ហុង សុខហួរ និងសកម្មបក្សប្រឆាំងជាច្រើរូបទៀត ក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ។ ដោយឡែកសមាជិករដ្ឋសភាបក្សប្រឆាំង ដែលរឿងកិច្ចការព្រំដែន គឺលោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ ក្រោយពេលោក បានភៀសខ្លួន ទៅសហរដ្ឋអាមេរិក ជាងកន្លះឆ្នាំ។ លោក សម រង្ស៊ី ត្រូវបានបង្ខំលាឈប់ពីប្រធានគណបក្សប្រឆាំង ខែកុម្ភះ ឆ្នាំ២០១៧ បន្ទាប់លោក ហ៊ុន សែន បញ្ជាឲ្យរដ្ឋសភា ហេង សំរិន ធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ ច្បាប់គណបក្សនយោបាយនេះ ជាច្បាប់បង្ខំ និងដាក់ទណ្ឌកម្មរដល់អ្នកនយោបាយរងគ្រោះ ដែលជាប់បទឧក្រិដ្ឋ។

រំលឹក‬៖
– មិត្តរួមការងាររបស់យើងនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងមហាបាតុកម្ម ឆ្នាំ១៩៩៨ ត្រូវបានកម្លាំងរដ្ឋាភិបាល ហ៊ុន សែន បាញ់សម្លាប់បាតុករ ៣២ នាក់ និង បាត់ខ្លួនជាង ១០០ នាក់
– មិត្តរួមការងាររបស់យើងនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី២២ មករា ២០០៤ លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ ក្រោមការបញ្ជា របស់ខ្មោចលោក ហ៊ុក ឡងឌី និងពាក់ព័ន្ធដល់ ហេង ពៅ ផង។
– ថ្ងៃទី១៤ តុលា ២០០៥ ពួកយើង ត្រូវបានលោក ហ៊ុន សែន ប្រកាស ចាប់ខ្លួន ដោយសារយើង ប្រឆាំងនឹងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលជាសន្ធិសញ្ញា កាត់ទឹកដីឲ្យ យួន។ សមាសភាពមាន ខ្ញុំ ម៉ែន ណាត, លោក រ៉ុង ឈុន, លោក ជា មុន្នី, លោក ឆាំ ឆានី, លោក ប៉ាង សុខឿន, លោក អៀ ចាន់ណា
– ថ្ងៃទី២៦ តុលា ២០១៥ សមាជិកសភា ញ៉យ ចំរើន ដែលអតីតក្រុមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបាតុករហិង្សា របស់លោក ហ៊ុន សែន វាយឲ្យរបួសធ្ងន់ធ្ងរ ជាមួយសមាជិកសភា គង់ សុភា ដែលទាន់បានទទួល យុត្តិធម៌ នៅឡើយ។
– ថ្ងៃទី១១ មេសា ២០១៦ សមាជិកសភា លោក អ៊ុំ សំអាន ត្រូវបាន រដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់គុក ដោយរំលោភរដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ។ លោក សំអាន គឺជាក្រុមការងាររបស់យើង តាំងពីឆ្នាំ១៩៩៨ ជាមួយលោក សារ៉ូ ស៊ីវុត្ថា, លោក ទូច វិបុល និង សមាជិកសភា ញ៉យ ចំរើន