លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានទទួលស្គាល់ថា «ការបន្តបាត់បង់ដីព្រៃ និង ព្រៃឈើ បណ្តាលមកពីអ្នកមានអំណាច ប្រើមធ្យោបាយទុច្ចរិត បំផុសឲ្យពលរដ្ឋ កាប់បំផ្លាញ ក្រោមរូបភាពទិញដូរ និង ការទន្ទ្រានយកដីព្រៃ»។ នេះជាការទទួលស្គាល់ដ៏កម្រមួយរបស់រដ្ឋមន្រ្តីកសិកម្ម។

ជាហូរហែរ ក្រុមបណ្តាញសកម្មជនបរិស្ថាន ក៏បានបង្ហាញរបាយការណ៍ អំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីយកដីធ្លី ធ្វើកសិកម្ម និងអាជីវកម្មផ្សេងៗ។ ហើយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចុះផ្សាយ អំពីវិនាសកម្មព្រៃឈើ នៅកម្ពុជាយ៉ាងគំហុកនេះផងដែរ ប៉ុន្តែមន្រ្តីរដ្ឋាភិបាល តែតែឆ្លើយដោះសារ ឬឆ្លើយបដិសេធតែម្តង។

រឿងវិនាសកម្មព្រៃឈើ និងធនឌធានធម្មជាតិ គឺជាក្តីកង្វល់ធំបំផុតរបស់ពិភពលោក ដែលជាផ្នែកមួយយ៉ាងសំខាន់ នាំឲ្យមានការបម្រែបម្រួលអាកាសធាតុ ការធ្វើឲ្យឡើងកំដៅ​ភពផែនដី និង​បង្កឲ្យមានបាតុភូតធម្មជាតិមិនប្រក្រតីជាច្រើនទៀត។
(អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត)


រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋ​នៅ​បន្ត​បាត់បង់​ដីព្រៃ ដោយសារ​អ្នកមានអំណាច​បំផុស​ឱ្យ​ពលរដ្ឋ​ទ​ន្ទ្រា​ញ និង​រំលោភ​កាន់កាប់

(ដោយ ធឿន បញ្ញាឬទិ្ធ / ThmeyThmey News /03-3-2020)
ភ្នំពេញ​៖ រដ្ឋ​នៅតែ​បន្ត​បាត់បង​ដីព្រៃ ដោយសារ​ការ​ទ​ន្ទ្រា​ញ និង​រំលោភ​​កាន់កាប់​​ពី​សំណាក់​ពលរដ្ឋ ក្រោម​ការ​បំផុសបំផុល​របស់ ​អ្នកមានអំណាច​។ បញ្ហា​បាត់បង​ដីព្រៃ​នេះ ត្រូវបាន​​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់ ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ ដើម្បី​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅ​ថ្ងៃទី​៣ មីនា ២០២០។​

លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ទោះបីជា​រដ្ឋាភិបាល បាន​​ដាក់​ចេញ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​ដីធ្លី​ យ៉ាងណាក្តី ប៉ុន្តែ​បញ្ហា​រំលោភ​កាន់កាប់​ដីព្រៃ​ឈើ​របស់​រដ្ឋ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ តាម​គ្រប់​រូបភាព​ផ្សេងៗ​ រួមមាន ការកាប់​រាន​ដី​ព្រៃឈើ​ ធ្វើ​កសិកម្ម ពាណិជ្ជកម្ម សង់​លំនៅឋាន​ជាដើម​។ ជាពិសេស​គឺ​ជន​មានអំណាច ដើរ​បំផុស​ចលនា​ប្រជាពលរដ្ឋ​ក្រីក្រ ​ឱ្យ​កា​ប់ទ​ន្ទ្រា​ញ​ដី​ព្រៃឈើ​ រួចហើយ ធ្វើលិខិត​ទិញ​លក់​-​ផ្ទេរកម្មសិទ្ធិ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ ពី​រដ្ឋអំណាច​។​ {លោកថា} «​បញ្ហា​ទាំងអស់នេះ ជា​ចំណោទ​ធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡា​គ្នា ដែល​ធ្វើឱ្យ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ មានការ​បារម្ភ​ ចំពោះ​ការបាត់បង់​ធនធាន​ដីព្រៃ​ឈើ​ជាតិ​យើង ​នាពេល​អនាគត​»។

កន្លងមក​ ក្រសួងបរិស្ថាន ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​កាន់កាប់​រាន​ដីព្រៃ ដោយ​​ខុស​ច្បាប់​ដែរ​។ លោក នេត្រ ភក្ត្រា ធ្លាប់បាន​បញ្ជាក់ថា ​ជនខិលខូច​​មួយចំនួន បាន​​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ទាញយក​ប្រយោជន៍​​ពី​សំណុំរឿង​ដីធ្លី​នេះ តាមរយៈ «​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។ ត្រង់ចំណុច​នេះ​លោក នេត្រ ភក្ត្រា ចង់​សង្កត់ធ្ងន់ថា នៅពេលដែល​ក្រុម​ជន​ខិល​ខូច ទិញ​ដី​ពី​ពលរដ្ឋ​យកមក​កាន់កាប់​ហើយ ប៉ុន្តែ​ដី​ទាំងនោះ ត្រូវបាន​រដ្ឋ​រឹបអូស​វិញ ដោយសារ​​ជា​សម្បត្តិ​រដ្ឋ ឬ​ស្ថិតនៅក្នុង​តំបន់​ការពារ​នោះ វា​ក៏​កើត​មានរឿង​​ទំនាស់​ដីធ្លី​ជាមួយ​រដ្ឋ​​តែម្ដង​។ ក្នុងករណី​ទំនាស់​នេះ ពួកគេ​អាច​ទទួលបាន​ដី ឬ​លុយ ដោយ​រដ្ឋ​ត្រូវ​​ចេញ​សំណង ទោះបីជា​ពួកគេ​ចាញ់​-​ឈ្នះក្តី​៕

.