ហ៊ុន សែន ពឹងពាក់ យួន គ្រប់កាលៈទេសៈ ទាំងនៅពេលឡើងកាន់អំណាច និង នៅពេលភ័យខ្លាចបាត់បង់អំណាចវិញ។ ជាពិសេសថ្មីៗនេះ សហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក អឺរ៉ុប សហភាពអន្តរសភា (IPU) និងប្រទេសលោកសេរី ដាក់សម្ពាធធ្ងន់ធ្ងរ លើរបប ហ៊ុន សែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ដោយសារ ហ៊ុន សែន បញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, បងក្រាប និង គាប់អង្គការសង្គមស៊ីវិលឯករាជ្យ ហើយបន្ទាប់មក ហ៊ុន សែន បញ្ជាឲ្យតុលាការកំពូល រំលាយគណបក្សសងគ្រោះជាតិ ដែលមានគាំទ្រប្រមាណកន្លះប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្រុមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ១១៨ រូប រួមទាំងតំណាងរាស្រ្ត ៥៥ រូបផង ត្រូវបានហាមប្រាម មិនឲ្យធ្វើនយោបាយ ៥ ឆ្នាំ ព្រមទាំងរំលាយរចនាសម្ព័ន្ធ គណបក្សប្រឆាំងនេះទាំងស្រុង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញទាំងស្រុង។ ចាប់តាំងពីពេលនោះមក របប ហ៊ុន សែន បានបាត់ភាពស្របច្បាប់ទៅហើយដែរ។
ហ៊ុន សែន បង្ហាញជំហរម្តងហើយម្តងទៀត សុំឲ្យ យួន ជួយគាំទ្រខ្លួន ដើម្បីបន្តកាន់កាប់អំណាច ជាលេសបង្ក្រាបអ្នកប្រឆាំង បើទោះជាខ្លួន និងគណបក្សរបស់ខ្លួន បាត់បង់ការគាំទ្រ ពីពលរដ្ឋខ្មែរ ជាងកន្លះប្រទេសទៅហើយក្តី។ ដោយហេតុនេះហើយ ហ៊ុន សែន មិនអាចដោះស្រាយបញ្ហា យួនខុសច្បាប់រាប់លាននាក់ នៅកម្ពុជា ដោយបញ្ជូនត្រឡប់ទៅស្រុកយួនវិញបាននោះ។ ហើយបញ្ហាព្រំដែន ក៏ត្រូវបាត់បង់ច្រើនពាន់គីឡូម៉ែត្រក្រឡា ទៅខាង យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥។ (អត្ថបទដោយ ម៉ែន ណាត) / 22-12-2017
ហ៊ុន សែន ស្នើវៀតណាម ជួយចែករំលែកបទពិសោធន៍ ប្រយុទ្ធប្រឆាំងបដិវត្តពណ៌
(RFA Khmer, 21-12-2017 ដោយ តាំង សារ៉ាដា)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យប្រទេសវៀតណាម ជួយផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ដល់កម្ពុជា។ រីឯអ្នកវិភាគយល់ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចបាត់បង់អំណាចតាមរយៈការបោះឆ្នោត ទើបពង្រឹងកិច្ចសហការជាមួយប្រទេសកុម្មុយនិស្តដើម្បីកម្ចាត់ក្រុមអ្នករិះគន់ និងបក្សប្រឆាំង ក្រោមការចោទថា បដិវត្តន៍ពណ៌។
ការស្នើសុំឲ្យវៀតណាម ជួយបណ្ដុះបណ្ដាល ផ្តល់ព័ត៌មាន និងចែករំលែកទៅវិញទៅមកអំពីបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌នេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) នៅថ្ងៃទី២១ ខែធ្នូ នាវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ង្វៀន ជីវិញ កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧ នេះ។ ទាក់ទងនឹងការចែករំលែកបទពិសោធន៍នៃយុទ្ធសាស្ត្រកម្ទេចបដិវត្តន៍ពណ៌នេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែរ នៅល្ងាចថ្ងៃទី២១ ខែធ្នូ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានលើកឡើងដែរទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន ព្រមទាំងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសទាំង ៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងប្រទេសចិន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចបាត់បង់អំណាចយ៉ាងខ្លាំង ដូច្នេះហើយទើបលោកចាត់ទុកការប្រើប្រាស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតនោះថា ជាអំពើបដិវត្តន៍ពណ៌ទៅវិញ ហើយខំប្រឹងសហការជាមួយប្រទេសកុម្មុយនិស្ត ដូចជាចិន និងវៀតណាម ជាដើម៖ «»។
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងឆ្នោតយ៉ាងសន្ធឹកសន្ធាប់ទៅលើបក្សប្រឆាំង និងប្រឈមការបាត់បង់អំណាចនោះ លោក ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សមកហើយនេះ បានប្រើនយោបាយចោទប្រកាន់តាមទំនើងចិត្តលើគណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថាបានឃុបឃិតគ្នាធ្វើបដិវត្តន៍ពណ៌ដោយមានបំណងផ្ដួលរំលំរដ្ឋាភិបាលតាំងពីឆ្នាំ២០១៣ ក្រោមរូបភាពនៃការធ្វើបាតុកម្មដោយមានសហរដ្ឋអាមេរិក នៅពីក្រោយ។
បន្ទាប់មក នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន បានចាប់ផ្តើមបង្ក្រាបយ៉ាងចាស់ដៃជាបន្តបន្ទាប់ដូចជាការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ហើយប្ដឹងរំលាយបក្សសង្គ្រោះជាតិ បិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
ទោះយ៉ាងណា គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ បានបដិសេធចំពោះការចោទប្រកាន់ និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាល ព្រោះពួកគេចាត់ទុកថា វាជាលេសកម្ចាត់សំឡេងក្រុមអ្នករិះគន់ និងគណបក្សប្រឆាំងចោលនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ក្នុងបំណងក្ដោបក្ដាប់អំណាចតទៅទៀត។ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពច្បាប់ និងសិទ្ធិមនុស្ស គឺរដ្ឋាភិបាលត្រូវឈប់គិតអំពីរឿងបដិវត្តន៍ពណ៌ ព្រោះប្រទេសសេរី គ្មានច្បាប់ណាអនុញ្ញាតអោយប្រើកងកម្លាំងបង្ក្រាបលើបដិវត្តន៍ពណ៌នោះឡើយ ពោលគឺមានតែប្រទេសកុម្មុយនិស្តនោះទេ។ លោកថា រដ្ឋាភិបាលត្រូវតែគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិនានា ដែលបានទទួលស្គាល់ថា ជាច្បាប់របស់ខ្លួន។ ទន្ទឹមគ្នានេះ ដើម្បីកុំឲ្យមានបដិវត្តន៍ពណ៌ រដ្ឋាភិបាលត្រូវធានាឲ្យមាននីតិរដ្ឋ តុលាការឯករាជ្យ និងយុត្តិធម៌-សង្គមជាដើម។
កម្ពុជា-វៀតណាមបង្កើនការសាងសង់បង្គោលព្រំដែន
ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យប្រទេសវៀតណាម ជួយផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌ដល់កម្ពុជានោះ ប្រទេសទាំងពីរក៏កំពុងបង្កើនការសាងសង់បង្គោលព្រំដែននៅខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់-ដាក់ណុង ប៊ិនភឿក របស់វៀតណាម។ ជាងនេះទៅទៀត កម្ពុជា ក៏កំពុងសាងសង់ផ្លូវក្រវាត់ព្រំដែនមួយនៅតំបន់នេះផងដែរ ដើម្បីអភិវឌ្ឍនៅតាមតំបន់ព្រំដែន។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានដកស្រង់សម្ដីរបស់អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនឱ្យដឹងថា កម្ពុជា-វៀតណាម បានបោះបង្គោលព្រំដែនធំ ឬបង្គោលព្រំដែនគោលបានចំនួន ៧៣ភាគរយហើយរហូតដល់ពេលនេះ។ អ្នកស្រីបន្តថា ការបោះបង្គោលព្រំដែនបំពេញបន្ថែម ត្រូវបានសាងសង់ចំនួន ៤៨ភាគរយ ហើយនៅសល់ ៥២ភាគរយទៀត ដែលភាគីទាំងពីរកំពុងបន្តការសាងសង់។
អ្នកស្រីបានបញ្ជាក់ថា ភាគីកម្ពុជា-វៀតណាម ពេលនេះកំពុងតែបង្កើនសកម្មភាពក្នុងការសាងសង់បង្គោលព្រំដែន នៅតាមបណ្តាខេត្តជាប់ព្រំដែនទាំងអស់ ហើយសម្រាប់ការបោះបង្គោលព្រំដែនគោកវិញ ក៏ត្រូវបានបញ្ចប់នៅតាមតំបន់ខ្លះផងដែរ។ រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕