
(អត្ថបទដោយ ម៉ែន ណាត /CWCI Cambodia /15-6-2019)
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ (CNRP) និងជាសកម្មជនព្រំដែនផង សំដែងក្តីព្រួយបារម្ភជាថ្មី ចំពោះរបប ហ៊ុន សែន បន្តសាងសង់ស្តូបអនុស្សាវរីយ៍វៀតណាម-កម្ពុជា នៅតាមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ដូចកាលពីទសវត្សទី៨០ ក្នុងសម័យវៀតណាម ត្រួតត្រាប្រទេសកម្ពុជា។
នៅលើបណ្តាញសង្គម លោក អ៊ុំ សំអាន បានសរសេរអត្ថបទ ២ ផ្សេងគ្នា ដែលភ្ជាប់ជាមួយរូបថតមួយចំនួន បង្ហាញអំពីស្តូបវៀតណាម ដែលត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
អត្ថបទរបស់លោក អ៊ុំ សំអាន មានខ្លឺមសារថា «ស្តូបយួន មានមួយបន្ថែមទៀតហើយ នៅខេត្តសៀមរាប កំពុងតែសាងសង់ នៅម្តុំផ្លូវ ៦០ ម៉ែត្រ តំបន់នោះគេហៅថា ដី ហ៊ុន ម៉ាណែត។ មានគ្រប់ខេត្ត រាជធានី ហើយបងប្អូន! គេអាចនឹងសាងសង់ស្តូបនេះ ដល់គ្រប់ស្រុក ឃុំ និងភូមិ ទៀតនៅពេលអនាគត។ ដំណើរឆ្ពោះមកទិសខាងលិច របស់ ហូ ជីមិញ ជិតបានសម្រេចហើយ ព្រោះមេដឹកនាំខ្មែរ {ហ៊ុន សែន, ហេង សំរិន} ជួយវៀតណាម ក្នុងការអនុវត្តផែនការរបស់ ហូ ជីមិញ នេះ»។
លោក សំអាន បន្តទៀតថា «ស្តូបយួន មាននៅខេត្តបន្ទាយមានជ័យ ផង និងមានគ្រប់ខេត្ត រាជធានី ហើយបងប្អូន! ល្មមភ្ញាក់ខ្លួនហើយ! កុំឲ្យហួសពេល ដូចកម្ពុជាក្រោម! ថាសម័យទសវត្សទី៨០ យួនគ្រប់គ្រងកម្ពុជាទៅ ទើបសាងសង់ស្តូបយួន នៅកម្ពុជា! ចុះបច្ចុប្បន្ន ហេតុអីក៏នៅសាងសង់ ស្តូបយួន ទៀត ?»
ការព្រួយបារម្ភរបស់លោក អ៊ុំ សំអាន ដូចបានលើកឡើងនេះ គឺជាការដាស់តឿនស្មារតីពលរដ្ឋខ្មែរ ឲ្យភ្ញាក់រលឹក និងចេះយកចិត្តទុកដាក់ចំពោះរឿងស្រុកទេស រឿងជាតិ និងរឿងទឹកដីខ្មែរ ដែលប្រឈមនឹងហានីភ័យខ្ពស់ ដោយសារតែរបបដឹកនាំក្រុងភ្នំពេញសព្វថ្ងៃរបស់ ហ៊ុន សែន នៅជាប់ជំពាក់គុណយួន ដោះដៃមិនរួច។
ក្រៅពីវៀតណាម សព្វថ្ងៃនេះនៅមានប្រទេសចិន ផងដែរ ចូលត្រួតត្រាសេដ្ឋកិច្ចខ្មែរ តាមរយៈការផ្តល់ប្រាក់កម្ចីជាង ៤៦០០ លានដុល្លារ ដល់កម្ពុជា បើគិតមកទល់ដំណាច់ឆ្នាំ២០១៨។ ខេត្តព្រះសីហនុ និង កោះកុង កំពុងតែធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន ជាបណ្តើរៗ ខណៈពេលរបប ហ៊ុន សែន គ្មានលុយសងបំណុលចិន និងត្រូវការចិន ជួយគាំទ្រផ្នែកនយោបាយ បន្ទាប់ពីរបបនេះ រំលាយចោលរចនាសម្ព័ន្ធគណបក្សប្រឆំាំង និងចាប់ខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០១៧ បើទោះបីអឺរ៉ុប អាមេរិក និងអង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងណាក្តី៕