(CWCI Cambodia /Updated 04th-2-2020 /អត្ថបទដោយលោក ម៉ែន ណាត )
លុះមកដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មានប្រទេស ៨ ជាសមាជិកអាស៊ាន (ASEAN) បានសម្រេចផ្អាកជាបណ្តោះអាសន្ន មិនទទួលភ្ញៀវទេសចរ ពីប្រទេសចិន។ ប្រទេសជាសមាជិកអាស៊ានទាំងនោះ រួមមាន៖ វៀតណាម (Vietnam), ឡាវ (Laos), ហ្វីលីពីន (Philippines), សិង្ហបុរី (Singapore), ប្រ៊ុយណេ (Brunei), ម៉ាឡេស៊ី (Malaysia), ឥណ្ឌូណេស៊ី (Indonesia) និង ភូមា (Myanmar)។ ចំណែកឯប្រទេសដែលមិនប្រកាសផ្អាកនៅឡើយទេ រួមមាន កម្ពុជា (Cambodia) និង ថៃ (Thailand)។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ៣ ខែកុម្ភៈ បានបញ្ជាក់ជំហរជាថ្មីថា កម្ពុជា នៅបន្តដំណើរការជើងហោះហើរ ចេញចូលពីប្រទេសចិន ជាធម្មតា។ លោកធ្លាប់បានថ្លែងកាលពីថ្ងៃទី ៣០ មករា ថា «កម្ពុជា ត្រូវរួមសុខទុក្ខជាមួយចិន និងរក្សាទំនាក់ទំនងល្អ ជាមួយចិន»។ ហើយលោកបន្ថែមថា «ធ្វើដូច្នេះ មិននាំឲ្យកម្ពុជាខាតបង់សេដ្ឋជាតិ» (?)។ ចំណែកក្រុមអ្នករិះគន់ បានស្តីបន្ទោសលោក ហ៊ុន សែន ធ្ងន់ៗថា «លោក ហ៊ុន សែន មិនចេះស្រឡាញ់ជាតិសាសន៍របស់ខ្លួន»។ ទោះបីយ៉ាងណាក្តី លោក ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃទី ០៥ កុម្ភៈ ទៅសួរសុខទុក្ខក្រុមនិស្សិតខ្មែរ ២៣ នាក់ ដែលជាប់ផុង នៅទីក្រុងវូហាន ប្រទេសចិន ក្រោយពេលលោក បញ្ចប់កិច្ចប្រជុំកំពូល នៅកូរ៉េខាងត្បូង ជាមុនសិន។ លោក ថ្លែងថា ការធ្វើដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងក្រុមអ្នករិះគន់នានា។ ប៉ុន្តែមន្រ្តីក្រសួងការបទេសចិន ប្រាប់មករដ្ឋាភិបាលលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី ០៤ កុម្ភៈ នេះថា «រដ្ឋាភិបាលចិន កំពុងមានទុក្ខលំបាក មិនអានរៀបចំទទួលលោក ហ៊ុន សែន ទៅកាន់ទីក្រុងវូហានទេ»។
ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានសម្រេចចិត្តផ្អាកជើងហោះហើរ ចេញចូលប្រទេសចិន ដូចប្រទេសដទៃដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននានា។
តាមព័ត៌មានសម្លេងសហរដ្ឋអាមេរិក វីអូអេ (VOA News) ជាភាសាអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុនយន្តហោះ ៣ របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាកការហោះហើរទាំងស្រុង ទៅប្រទេសចិន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូរ៉ូណា។ ក្នុងនោះមាន ក្រុមហ៊ុន American Airlines ផ្អាករហូតដល់ថ្ងៃទី ២៧ ខែមីនា។ ក្រុមហ៊ុន Delta Airlines ផ្អាករហូតដល់ថ្ងៃទី ៣០ ខែមេសា។ ក្រុមហ៊ុន United Airlines ផ្អាករហូតដល់ថ្ងៃទី ២៨ ខែមីនា។ ការផ្អាកនេះធ្វើឡើង នៅពេលដែល សហរដ្ឋអាមេរិក ប្រកាសភាពអាសន្ន លើផ្នែកសុខាភិបាល និងហាមឃាត់ជនបរទេសណា ដែលធ្លាប់ទៅប្រទេសចិន គឺមិនឱ្យចូលសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ក្រុមហ៊ុន Apple បានប្រកាសបិទការិយាល័យទាំងអស់ និង ហាងទាំង ៤២ នៅប្រទេសចិន ជាបណ្តោះអាសន្ន។ នេះបើតាមសារព័ត៌មានអាមេរិក វីអូអេ (VOA)។ ហើយក្រុមហ៊ុន Google, Amazon, និងក្រុមហ៊ុន Microsoft ក៏បានប្រកាសបិទការិយាល័យជាបណ្តោះអាសន្នដូចគ្នាដែរ។ ហាងកាហ្វេស្តាបាក់ (Starbucks) និងហាងអាហារម៉ាក់ដូណាល់ (McDonald’s) ក៏បានបិទទ្វារមួយចំនួន។
មេរោគកូរ៉ូណា បានសម្លាប់មនុស្សកើនឡើងចំនួន ៤៩២ នាក់ និងបានឆ្លងកើនឡើង ២៤៥៣៩ នាក់ហើយ។ នេះបើយោងតួលេខពីសារព័ត៌មាន South China Morning Post គិតមកទល់ម៉ោង ១២ និង ៤៥ នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា នាថ្ងៃទី ០៥ ខែកម្ភៈ ឆ្នាំ២០២០។
នៅសហភាពអឺរ៉ុប ក៏មានការរឹតបន្តឹងសម្រាប់អ្នកទេសចរ ពីប្រទេសចិន ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានប្រកាសផ្អាកការហោះហើរជាបណ្តោះអាសន្ន ចេញចូលប្រទេសចិនហើយដែរ។ នេះបើតាម គេហទំព័ររបស់សហភាពអឺរ៉ុប។ ចំណែកប្រទេស រ៉ុស្ស៊ី ក៏បានសម្រេចចិត្តមិនខុសគ្នាពី សហភាពអឺរ៉ុបទេ ក្នុងរឿងទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណាថ្មីនេះ។ នេះបើតាមកាសែត The New York Times ។
គួរបញ្ជាក់ថា ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ «ពិភពលោកក្នុងភាពអាសន្ន» កាលពីថ្ងទី ៣១ ខែមករា ឆ្នាំ២០២០ ដោយចាត់ទុកជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយ មេរោគកូរ៉ូណា (Coronavirus) មានប្រភពចេញពីទីក្រុង វូហាន (Wuhan) ប្រទេសចិន ធ្វើឲ្យជំងឺប្រភេទនេះ រីករាលដាលយ៉ាងឆាប់រហ័ស ទៅកាន់បណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។
កាសែតឌីខេមបូឌា ដេលី បានផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន ធ្វើបទបង្ហាញពីការសិក្សាលើលេខ កូដ ហ្សេនេទិច (genetic code) របស់ វីរុសកូរ៉ូណាថ្មីនេះ ដោយរកឃើញថា វាមានលក្ខណៈប្រហាក់ប្រហែលទៅនឹង មេរោគកូរ៉ូណា នៃជំងឺសារ (SARS) ដែលឆ្លងពី «សត្វប្រចៀវ»។ ពួកគេអះអាងថា មេរោគនេះ ជាប្រភេទមេរោគ ឆ្លងពីសត្វ ទៅមនុស្ស ឬគេហៅថា មេរោគហ្សូណូទិក (zoonotic virus)។ ប៉ុន្តែបច្ចុប្បន្ននេះ មេរោគ កូរ៉ូណាថ្មី ដែលមានប្រភពចេញមកពីទីក្រុង វូហាន ប្រទេសចិននោះ ត្រូវបានគេទទទួលស្គាល់ថា «អាចឆ្លងពីមនុស្ស ទៅមនុស្ស» ដោយសារ ប្រូតេអ៊ីន នៃមេរោគកូរ៉ូណាថ្មីនេះ ទំនងជាអាចឆ្លងមកពី «សត្វពស់» ដែលត្រូវបានគេរាយការណ៍ថា មានលក់ដូរ នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង ក្នុងទីក្រុងវូហាន៕
.
