ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែត្រូវបានវៀតណាម ធ្វើទុក្ខបុកម្នេញ ការបំពានលើសេរីភាពសាសនា ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជាជនជាតិដើម ពីសំណាក់វៀតណាម ដែលទំនងជាវៀតណាម ភ័យបារម្ភជ្រុលពេក ចំពោះការងើបឡើងរបស់ខ្មែរក្រោម ប្រឆាំងនឹងរដ្ឋាភិបាលខ្លួន។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងតស៊ូមតិ នៅលើឆាកអន្តរជាតិ រួមទាំងនៅ អង្គការសហប្រជាជាតិផង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ដែលធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម។
ដោយឡែកនៅប្រទេសកម្ពុជាឯនេះវិញ ពលរដ្ឋខ្មែរ កំពុងព្រួយបារម្ភ ចំពោះរដ្ឋាភិបាលវៀតណាម ដាក់អាណានិគមន៍បែបទំនើបថ្មី តាមរយៈការរំកិលព្រំដែនចូលកម្ពុជា និង ការបង្ហូរចូលអន្តោប្រវេសន៍យួន ទាំងខុសច្បាប់ ទាំងស្របច្បាប់ បន្តរស់នៅយ៉ាងសុខស្រួល ដោយមានជួយជ្រោមជ្រែង ពីរដ្ឋាភិបាល លោក ហ៊ុន សែន ផង ដូចជាករណីការប្រគល់ដីធ្លី ៤០ ហិកតារ ឲ្យរស់នៅ ក្នុងខេត្តកំពង់ឆ្នាំង កាលពីខែវិច្ឆិកា ២០១៩ កន្លងទៅ ជាដើម។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត)
អាជ្ញាធរវៀតណាម ដកលិខិតឆ្លងដែន និងសួរចម្លើយព្រះសង្ឃខ្មែរ រឿងបទល្មើស លើអ៊ីនធឺណិត
(VOA Khmer /ដោយ សុខ ខេមរា និង Anh Hai /18 កុម្ភៈ 2020)
វ៉ាស៊ីនតោន — ព្រះសង្ឃខ្មែរមួយអង្គព្រះនាម សឺន ទី ព្រះជន្ម ៣៦ ព្រះវស្សាត្រូវអាជ្ញាធរវៀតណាម នៅក្នុងខេត្ត សុក ត្រាង (Sóc Trăng) សួរចម្លើយ និងដកហូតលិខិតឆ្លងដែន (Passport) ទុកអស់ ១២ ថ្ងៃ មុនពេលប្រគល់ប្រគេនជូនវិញ។ រឿងនេះ កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីព្រះសង្ឃខ្មែរ និមន្តទៅដល់ភាគខាងត្បូងប្រទេសវៀតណាម ដែលជាតំបន់មានពលរដ្ឋខ្មែរជាច្រើន រស់នៅជាជនជាតិដើមភាគតិច នៅទីនោះ តាំងពីដើមកំណើត។ ការសួរចម្លើយ និងដកហូតលិខិតឆ្លងដែននេះ បណ្តាលមកពីការមើល និងការបង្ហោះឬ ចែកចាយព័ត៌មានតាមហ្វេសប៊ុក ដែលវៀតណាម ចាត់ទុកថាជាការរំលោភច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ហៅថា The Law on Cybersecurity និងការប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម។
ព្រះតេជគុណ សឺន ទី ដែលគង់នៅក្នុងវត្តអង្គតាមិញ (គោកចំបក់) រាជធានីភ្នំពេញ បាននិមន្តទៅដល់ដែនដី កម្ពុជាក្រោម ដើម្បីទៅលេងស្រុកកំណើត សាច់ញាតិ និងចូលរួមមង្គលការប្អូនស្រី នៅក្នុងឃុំ សាឡុងភូ ( Sa Long Phu) ស្រុកឡុងភូ (Long Phu) កាលពីថ្ងៃទី ២៤ ខែមករា កន្លងទៅ។ ហើយដល់ថ្ងៃទី ២ ខែកុម្ភៈ អាជ្ញាធរវៀតណាម បានកោះហៅទៅសាកសួរ មិនដូចក្នុងលិខិតកោះហៅ ដែលមិនបានដាក់ថា មានការរំលោភច្បាប់នោះឡើយ។ ព្រះតេជគុណ សឺន ទី មានសង្ឃដីកាបញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះតាមទូរសព្ទពីប្រទេសវៀតណាម៖ «កាលពីថ្ងៃទី២ ខែ ២ (កុម្ភៈ) ២០២០ ហ្នឹង អាជ្ញាធរក៏ហៅអាត្មាទៅហ្នឹង ដើម្បីនិយាយពិភាក្សារឿងមួយចំនួនទេ ក៏ប៉ុន្តែអាជ្ញាធរវៀតណាមហ្នឹងបានសួរចម្លើយអាត្មាវិញ ហើយនៅក្នុងហ្នឹងគេចោទប្រកាន់អាត្មា ថាបានធ្វើខុសច្បាប់ប្រទេសវៀតណាម ដូចជាច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង»។
ព្រះតេជគុណថា នេះជាលើកទីពីរហើយ ដែលវៀតណាម ដកលិខិតឆ្លងដែន របស់ព្រះអង្គ។ លើកទី១ បានធ្វើឡើងកាលពីឆ្នាំ ២០០៩។ ព្រះតេជគុណ បានបន្ថែមថា អាជ្ញាធរវៀតណាម បង្ខំឲ្យព្រះតេជគុណ និយាយភាសាវៀតណាម នៅពេលសួរចម្លើយ ដើម្បីរៀបរាប់អំពីការចែករំលែកព័ត៌មាន ការស្តាប់ និងអានព័ត៌មានលើគេហទំព័រហ្វេសប៊ុកនោះ។ បន្ថែមលើនេះ អាជ្ញាធរវៀតណាម ក៏បានបង្ខំឲ្យព្រះតេជគុណ ចុះហត្ថលេខាលើឯកសារ តែព្រះតេជគុណ បានបដិសេធ ដោយសារតែព្រះតេជគុណជាអ្នកទេសចរ ដែលច្បាប់ មិនតម្រូវឲ្យធ្វើដូច្នោះ។ «ហើយលើកនេះ គេយកច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង គេយកមកហើយឲ្យអាត្មា ចុះហត្ថលេខា ដើម្បីឲ្យយើងបានទទួលស្គាល់ថា យើងបានចែករំលែកព័ត៌មាន share បាននេះហ្នឹង គេសួរចម្លើយអាត្មា នៅក្នុងហ្នឹង អីចឹងអាត្មា មិនចុះ គេដកម្តងហ្នឹងទៀត»។
ព្រះតេជគុណ និងក្រុមអ្នកតស៊ូមតិ បានបង្ហាញឲ្យដឹងថា អ្វីដែលអាជ្ញាធរវៀតណាម មិនសប្បាយចិត្ត ទំនងជាការបង្ហោះលិខិត កោះហៅទៅសាកសួរ ការផ្សព្វផ្សាយលើហ្វេសប៊ុកព្រះអង្គ ហើយនិងការអាន ស្តាប់នូវព័ត៌មានរបស់បណ្តាញព័ត៌មានសេរីមួយ ចំនួន រួមទាំងសម្លេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី ដែលនិយាយទាក់ទងនឹង បញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើត ស្ថិតនៅភាគខាងត្បូងវៀតណា មជាប់នឹងព្រំដែននៃ ខេត្តស្វាយរៀង ភាគអាគ្នេយ៍របស់កម្ពុជា។ ដែនដីកម្ពុជាក្រោមនេះ ត្រូវបារាំងកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ចាប់តាំងពីឆ្នាំ ១៩៤៩ មក។
មានប្រតិកម្មជាច្រើន បានកើតឡើង ក្រោយពេលមានការដកហូតលិខិតឆ្លងដែន និងការសួរដេញដោល រាប់ចាប់តាំងពីការមកដល់ពេលណា ស្នាក់នៅទីណា ជួបអ្នកណា ឆ័នទីណា អ្នកនោះធ្វើអ្វី មានចេតនាយ៉ាងណាដែលបានបង្ហោះសារ និងព័ត៌មានលើហ្វេសប៊ុកជាដើមនោះ។
លោក ប្រាក់ សេរីវុធ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកបានជម្រាបខាងក្រសួងការបរទេស អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា និងអង្គការសហប្រជាជាតិ ដើម្បីជួយអន្តរាគមន៍ អំពីបញ្ហាខ្មែរក្រោមនេះ។ {លោកថ្លែងថា} «បើយើងមិនធ្វើការតវ៉ាអីទេ រឿងអស់ហ្នឹង មានបញ្ហារហូត ចេះតែយកលេសចាប់ ហើយការមើលហ្នឹង វាគ្មានប៉ះពាល់អីទេ ការផ្សាយវិទ្យុ អាស៊ីសេរី វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក VOA ឬមួយវិទ្យុខ្មែរកម្ពុជាក្រោម ផ្សាយតែពីរឿងត្រឹមត្រូវ ច្បាប់ទម្លាប់អន្តរជាតិ ដែលគេផ្តល់សិទ្ធិឲ្យខ្មែរក្រោមយើង ជនជាតិទូទៅ យើងមើល។ តែអស់ហ្នឹងតើ មានទៅធ្វើស្អីជារឿងភេរវកម្ម តែវៀតណាម យកមធ្យោបាយហ្នឹង ទៅធ្វើអីចឹង»។
លោក សេរីវុធ បានអះអាងបន្ថែមថា ការប្រើច្បាប់សន្តិសុខ លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីបិទសិទ្ធិសេរីភាពនេះ មិនមែនជារឿងត្រឹមត្រូវទេ ហើយថា នៅប្រទេសជាច្រើន គេប្រើច្បាប់សន្តិសុខ តាមប្រព័ន្ធអ៊ីធឺណិតនេះ ដើម្បីតាមដានក្រុមភេរវជនតែប៉ុណ្ណោះ តែលោកថា ការបង្ហោះសារ ឬព័ត៌មាននេះ មិនមែនជាអំពើភេរវកម្ម ដែលវៀតណាម ត្រូវបារម្ភ ឬតាមដាននោះទេ។
ច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិត របស់វៀតណាម ដែលសភា បានអនុម័តកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម ដូចជា Google និង Facebook លុបចោលខ្លឹមសារណា ដែលអាជ្ញាធរវៀតណាម ចាត់ទុកថា ជាការវាយប្រហារវៀតណាម ក្នុងរយៈពេល ២៤ ម៉ោង ហើយរក្សាទុកទិន្នន័យ របស់អតិថិជនខ្លួន ក្នុងប្រព័ន្ធផ្ទុកទិន្នន័យក្នុងប្រទេសវៀតណាម ហើយនិងរក្សាទុកនៅកន្លែងតែមួយ ក្រៅពីការរឹតត្បិតដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដែលចែករំលែកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
មាត្រាមួយនៃច្បាប់នេះ បានបញ្ជាក់ថា៖ «ច្បាប់នេះមានគោលបំណង ធ្វើឲ្យត្រឹមត្រូវរាល់សកម្មភាពទាំងឡាយ ទាក់ទងនឹងកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពនៃ ប្រព័ន្ធអ៊ីនធឺណិត ការទទួលខុសត្រូវរបស់ក្រសួងនានា អង្គការនានា និងរូបវន្តបុគ្គលទាំងឡាយ ដែលពាក់ព័ន្ធ»។
លោក ហ្វ៊ីល រ៉បប៊ឺសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានចាត់ទុកថា ការដកហូតលិខិតឆ្លងដែន និងការសួរចម្លើយនេះ ជាការរំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាម ចុងក្រោយមួយទៀត ដោយយោងថា វៀតណាម មិនគួរដកហូតលិខិតឆ្លងដែន និងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងសិទ្ធិបញ្ចេញមតិ ដោយប្រើច្បាប់សន្តិសុខ លើប្រព័ន្ធអ៊ីនធឺណិត ដែលលោកអះអាងថា ជាច្បាប់ធូរលុង សម្រាប់ប្រើជាលេសចោទប្រកាន់ និងដាក់ទោសទណ្ឌលើអ្នកណាដែលវៀតណាម ចាត់ទុកថាប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។ {លោកថា} «រឿងនេះ បង្ហាញយ៉ាងច្បាស់ណាស់ថា វៀតណាម គឺជាប្រទេសដែលមានកំណត់ត្រាអាក្រក់បំផុតខាងការរំលោភសិទ្ធិមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ រឿងនេះ គ្មាននរណាម្នាក់ត្រូវគិតថា ស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាម បានល្អប្រសើរនោះទេ តែជាការពិតវាកាន់តែអាក្រក់ឡើងៗ។ យើងឃើញការបង្ក្រាបជាច្រើន យើងឃើញមនុស្សជាច្រើន ត្រូវកាត់ទោសដាក់គុក ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋាន និងសិទ្ធិនយោបាយ។ ហើយបន្ថែមពីលើនេះទៀត យើងឃើញការយាយី ដោយរដ្ឋាភិបាល ទៅលើក្រុមសកម្មជន ដែលទាមទារយុត្តិធម៌ និងទាមទារការគោរពសិទ្ធិមនុស្ស»។
លោក រ៉បប៊ឺសុន បានទទូចដល់សហគមន៍អន្តរជាតិ ថ្កោលទោសវៀតណាម ចំពោះការ រំលោភសិទ្ធិមនុស្សតាមទ្រង់ទ្រាយធំ។ «ប្រទេសវៀតណាម បារម្ភអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួន លើឆាកអន្តរជាតិ គឺបារម្ភនៅពេលមានការលើកឡើងនៅឯ អង្គការសហប្រជាជាតិ ឬ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដូច្នេះវាពិតជាច្បាស់លាស់ណាស់ថា មានវិធីដែលដាក់សម្ពាធលើវៀតណាម ដើម្បីឲ្យធ្វើឲ្យប្រសើរឡើង។ តែរឿងនេះ ត្រូវតែជាការដាក់សម្ពាធរួមគ្នា ដោយមិនគ្រាន់តែជាការចេញសេចក្តីថ្លែងការណ៍ទីនេះ ឬ ទីនោះទេ។ វាត្រូវតែមានយុទ្ធនាការ ទាមទារឲ្យមានការគោរពសិទ្ធិខ្មែរក្រោម និងពលរដ្ឋទាំងអស់ នៅក្នុងប្រទេសវៀតណាម»។
នៅមុនពេលអាជ្ញាធរវៀតណាម ប្រគល់លិខិតឆ្លងដែន ប្រគេនជូនព្រះតេជគុណ សឺន ទី លោក ហ្វ៊ីល រ៉បប៊ឺតសុន បានជំរុញដល់វៀតណាម ឲ្យប្រគល់ជូនលិខិតឆ្លងដែន ប្រគេនដល់ព្រះសង្ឃខ្មែរវិញ ដោយបញ្ជាក់ថា វៀតណាម គួរត្រូវបញ្ជូនព្រះតេជគុណចេញពីវៀតណាម បើរកឃើញថា មានកំហុស តែគ្មានសិទ្ធិរឹបអូសលិខិតឆ្លងដែនដែលជាកម្មសិទ្ធិរបស់កម្ពុជា តាមដាន រឹតត្បិតសេរីភាពពលរដ្ឋទេ។
លោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA កាលពីថ្ងៃ ទី ១៤ ខែកុម្ភៈ ចំថ្ងៃវៀតណាម ប្រគល់លិខិតឆ្លងដែនប្រគេនព្រះសង្ឃខ្មែរវិញនោះថា បញ្ហានេះ បានដោះស្រាយចប់ហើយ។ «តាមយើងទទួលព័ត៌មានពីថ្ងៃហ្នឹង គឺស្ថានទូតកម្ពុជាយើង បានធ្វើការជាមួយអាជ្ញាធរវៀតណាម ហើយបានប្រគល់លិខិតឆ្លងដែនហ្នឹង ប្រគេនទៅព្រះអង្គវិញហើយ»។
លោក កុយ គង់ នៅពេលសួរពីមូលហេតុ ដែលព្រះសង្ឃខ្មែរត្រូវអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែន លោកបានបញ្ជាក់ថា៖ «ទទួលព័ត៌មានកន្លងមកថា គេចោទថាព្រះអង្គ បានធ្វើអំពើខុសច្បាប់ នៅក្នុងប្រទេសគេហ្នឹង ដោយមានការផ្សព្វផ្សាយព័ត៌មាន ប្រឆាំងនឹងរដ្ឋាភិបាលគេ»។
ព្រះតេជគុណ សឺន ទី ដែលបានបដិសេធថា គ្មានធ្វើអ្វីខុសនឹងច្បាប់វៀតណាមនោះ បានបញ្ជាក់ប្រាប់ VOA ផ្នែកខេមរភាសា អំពីការប្រគេនលិខិតឆ្លងដែនវិញដែរ កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។ «ស្ថានទូតខ្មែរ នៅទីក្រុងហាណូយ គេអន្តរាគមន៍ ហើយទើបតែបានពីល្ងាចមិញ ម៉ោងជាង ៤ (ថ្ងៃទី១៤ ខែកុម្ភៈ)»។
ក្រុមអាជ្ញាធរវៀតណាមប៉ូលិស ព្រះសង្ឃវៀតណាមផង បន្តគំរាមជាពាក្យសម្តី និងសកម្មភាពនានា មុនពេលបួនថ្ងៃនៃការផ្តល់លិខិតឆ្លងដែន ប្រគេនជូនដល់ព្រះតេជគុណវិញ។ {ព្រះអង្គមានសង្ឃដីកាថា} «ថ្ងៃទី១០ ខែកុម្ភៈ ខាងមន្ត្រីសង្ឃនិងអាជ្ញាធរហ្នឹង គេបានមកវត្ត ហើយគេយកឡានមកដឹកអាត្មាទៅ តែខាងមន្ត្រីសង្ឃហ្នឹង គេបានគំរាមកំហែងដល់អាត្មា ប្រាប់ញោមអាត្មាហ្នឹងថា បើសិនជាលោកគ្មានកំហុសអីចឹងអត់អីទេ តែបើទៅជាមួយគេមានកំហុសទេ អីចឹងកន្លែងលោកមិនខ្វះទេអាវ ខោ អីចឹងគេត្រៀមទុកឲ្យហើយ គេគំរាមកំហែង។ តើគេចង់ផ្សឹក? យើងមិនបានទៅថ្ងៃហ្នុង បើសិនជាទៅ មិនដឹងថា ហេតុការណ៍ហ្នឹងវាធ្លាក់ទៅយ៉ាងម៉េចទៀត»។
ព្រះតេជគុណ បានពន្យល់ថា ព្រះអង្គបដិសេធ មិននិមន្តទៅជាមួយឡានអាជ្ញាធរវៀតណាម ដោយសារថាព្រះតេជគុណប្រាប់គេថា កំពុងជាប់រវល់ធ្វើការតាមទូរសព្ទជាមួយមន្ត្រីទូតខ្មែរ។ ហើយជាចុងក្រោយ នៅថ្ងៃប្រគល់លិខិតឆ្លងដែននោះទៀតសោត ក៏មានការគំរាម និងព្រមានមួយលើកទៀត ដែលព្រះតេជគុណបញ្ជាក់ដោយសង្ឃដីកាថា អាជ្ញាធរវៀតណាម លើកឡើងថា ព្រះតេជគុណ «បានធ្វើហួសហេតុ ចំពោះការបង្ហោះសារ និងចែករំលែកព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុក»។
ក្រុមមន្ត្រីវៀតណាម នៅក្នុងឃុំ សាឡុងភូ ស្រុកឡុងភូ ខេត្ត សុកត្រាង បដិសេធធ្វើសេចក្តីអាត្ថាធិប្បាយឆ្លើយតបនឹងសំណួរ VOA ដោយអះអាងថា មិនបានដឹងអំពីរឿងនេះទេ។
ទាំងព្រះតេជគុណ សឺន ទី និង សហព័ន្ធខ្មែរកម្ពុជាក្រោម សម្តែងចេញនូវភាពរីករាយ និងអរគុណដល់ស្ថានទូតខ្មែរ នៅក្នុងទីក្រុងហាយណូយ ក្នុងប្រទេសវៀតណាម។ ព្រះតេជគុណ បានអះអាងដោយមានសង្ឃដីកាថា មិនទាន់និមន្តត្រឡប់មកកម្ពុជាវិញទេ ដោយសារញោមស្រីជាម្តាយ និងសាច់ញាតិ នៅមានការភិតភ័យ ក្រោយពីកើតហេតុការណ៍នេះ ដោយសម្រេចបន្តគង់នៅ ស្រុកសាឡុងភូ មួយរយៈពេលសិន។
ព្រះតេជគុណ បានអះអាងបន្ថែមថា គម្រោងដំបូងត្រូវវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីបន្តការសិក្សា និងជួយដល់កិច្ចការអន្តោប្រវេសន៍មួយចំនួនដល់ញាតិញោម នៅកម្ពុជា។ តែគម្រោងនោះ ត្រូវអាក់ខានដោយសារតែការដកលិខិតឆ្លងដែន ពីអាជ្ញាធរវៀតណាម។
ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋនៅលើទឹកដីកម្ពុជាក្រោម រងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង បំភិតបំភ័យលើសេរីភាពសាសនា ការរំលោភសិទ្ធិមនុស្ស ដោយសារតែអ្វីមួយដែលក្រុមអ្នកតស៊ូមតិ និងពលរដ្ឋអះអាងថា វៀតណាម បារម្ភជ្រុលពេកចំពោះការងើបប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕