ករណីតំបន់«ស»រវាងកម្ពុជា និងភាគី ថៃ បានចែងក្នុង អនុស្សារណៈយោគយល់គ្នា (MOU – Memorandum Of Understanding) ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០០០ (សូមទាញយកជាភាសាអង់គ្លេស Download) ដែលកាលនោះប្រទេសថៃ ដឹកនាំដោយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមហាមិត្តរបស់លោក ហ៊ុន សែន មេដឹកនាំផ្តាច់ការយោធានិយមរបស់កម្ពុជា។ ការបង្កើត «តំបន់.ស» នេះ ក្នុងគោមបំណងដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធី សប្រតិបត្តិការ និងដោយទ្វេភាគី។
ក្រុមចលនានិស្សិតខ្មែរ ហើយក្រោយមកក្រុមនេះ ជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមជាមួយ គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង និងបក្សប្រឆាំងផង បានប្រឆាំងជំទាស់ដាច់អហង្កា ចំពោះអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា និង ថៃ នោះ។ ការជំទាស់នោះ ដោយផ្អែកលើ កម្ពុជា និង ថៃ មានព្រំដែនរឹងមាំជាអន្តរជាតិរួចហើយ តាមសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ ១៩០៤ និងឆ្នាំ ១៩០៧ ដែលមានបង្គោលព្រំដែន ៧៣ បង្គោល។ តាមរយៈសន្ធិសញ្ញាទាំងពីរនេះ បានធ្វ់ើឲ្យភាគីកម្ពុជា ឈ្នះក្តីលើភាគីថៃ រឿងប្រាសាទព្រះវិហារ នៅឆ្នាំ ១៩៦២ ហើយដែរ។ កាលនោះ ក្រុមអ្នកជំទាស់ បានហៅរដ្ឋាភិបាលលោក ហ៊ុន សែន ថា «ចាញ់ប្រៀបភាគី ថៃ ដូចចាញ់ប្រៀបវៀតណាម ដែរ ក្នុងដោះស្រាយបញ្ហាព្រំដែន ដោយបង្កើតអនុសញ្ញា សន្ធិសញ្ញាថ្មីៗ ឬ អនុស្សារណៈយោគយល់គ្នា ជាដើម។ល។»
ផលវិបាកនានា ត្រូវធ្លាក់មកលើពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន តែងតែទទួលរងគ្រោះ ដោយសារការរំលោភឈ្លានពាន ពីសំណាក់ប្រទេសជិតខាង ខណៈពេលក្រុមមេដឹកនាំរដ្ឋាភិបាលខ្មែរ ជាមន្ត្រីខ្វះការទទួលខុសត្រូវ និង ខ្វះឧត្តមគិតជាតិពិតប្រាកដ។
(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
អាជ្ញាធរថៃ បង្ខំឱ្យពលរដ្ឋខ្មែរ ៣ គ្រួសារ រើផ្ទះចេញពីព្រំដែន នៅប៉ោយប៉ែត
(ពីវិទ្យុអាស៊ីសេរី /១៩ កុម្ភៈ ២០២០)
ប្រជាពលរដ្ឋចំនួន ៣ គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំង នៅពេលខាងមុខ បន្ទាប់ពីនាំគ្នារើផ្ទះចេញពី ដីព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី ១៩ កុម្ភៈ។ អ្នកភូមិអះអាងថា អាជ្ញាធរថៃ បានបង្ខំពួកគាត់ ឱ្យរុះរើផ្ទះចេញពីតំបន់ព្រំដែន ក្រោមហេតុផលថា ជាតំបន់«ស»។
ប្រជាពលរដ្ឋទាំង ៣គ្រួសារនោះលើកឡើងស្រដៀងគ្នាថា ពួកគេមិនចង់ចាកចេញពីផ្ទះនៅព្រំដែនក្រុងប៉ោយប៉ែតនោះទេ ព្រោះក្រីក្រ ហើយគ្មានមុខរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារឡើយ។លោកស្រី សំ ស្រីឡឹង ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១៩ កុម្ភៈថា ទាហាននិងអាជ្ញាធរខ្មែរជាច្រើននាក់បានទៅដល់ផ្ទះរបស់លោកស្រី ហើយបង្ខំពួកគេរុះរើផ្ទះចេញពីតំបន់ព្រំដែននៅភូមិក៥ សង្កាត់ប៉ោយប៉ែត។លោកស្រី បន្ថែមថា ផ្ទះរបស់ពួកគាត់មានដំបូល និងជញ្ជាំងប្រក់ស័ង្កសីត្រូវបានអាជ្ញាធរកម្ពុជា និងថៃរុះរើចេញពីដីព្រំដែនអស់ហើយ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ។ លោកបន្តថា អាជ្ញាធរក្រុងប៉ោយប៉ែតសន្យាបញ្ជូនពួកគាត់ឱ្យទៅតាំងទីលំនៅថ្មីលើដី ២០គុណនិង៥០ម៉ែត្រនៅថ្មពួក ខេត្តបន្ទាយមានជ័យវិញ៖ «ពីមុនមកខ្ញុំជួលផ្ទះគេនៅ តែដល់ខ្ញុំរត់មិនរួចក៏សន្សំលុយទិញឈើបានបន្តិចបន្តួចក៏ខ្ញុំបបួលគ្នាធ្វើផ្ទះនៅ ក៏បញ្ហាតែម្ដង។ កន្លងមកប្រជាពលរដ្ឋមកតវ៉ាដែរ ប៉ុន្តែតវ៉ាមិនបានគេមិនឱ្យនិយាយ គេថា នៅតែខុសៗ។ ខ្ញុំឆ្ងល់ចុះត្រង់អ្នកផ្សេងជាច្រើនគ្រួសារហេតុអីបានជាគេធ្វើផ្ទះនៅបាន»។
លោកស្រីបន្តថា ពួកគេមិនចង់ទៅរស់នៅលើដីដែលអាជ្ញាធរចែកឱ្យនោះទេ ព្រោះជាតំបន់គ្មានប្រភពទឹក និងឆ្ងាយពីទីប្រជុំជន ដែលធ្វើឱ្យពួកគាត់ពិបាករកការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
ចំណែកពលរដ្ឋម្នាក់ទៀត លោក គង់ ហ៊ាន ថ្លែងថា គ្រួសាររបស់លោកមានសមាជិកចំនួន ៨នាក់ រស់នៅភូមិក៥ ប្រមាណ៥ឆ្នាំហើយ ដោយសារជីវភាពក្រីក្រ ក៏បានចាកចេញពីស្រុកមោងឬស្សី ខេត្តបាត់ដំបងទៅរកការងារធ្វើនៅក្រុងប៉ោយប៉ែត។ លោកបញ្ជាក់ថា សព្វថ្ងៃគ្រួសាររបស់លោកទៅស៊ីឈ្នួលកាប់អំពៅឱ្យជនជាតិថៃ ទៅព្រឹកវិលល្ងាច បានប្រាក់គ្រាន់ដោះស្រាយជីវភាពគ្រួសារស្ទើរតែរៀងរាល់ថ្ងៃ។ ប៉ុន្តែលោកថា នៅពេលអាជ្ញាធរបញ្ជូនពួកគាត់ទៅរស់នៅតំបន់ផ្សេង គឺប្រឈមនឹងគ្មានអង្កច្រកឆ្នាំ ព្រោះគ្មានដីដាំដុះនិងគ្មានមុខរបរផ្សេងក្រៅអំពីធ្វើជាកម្មករនៅព្រំដែនថៃនោះឡើយ៖ «ខ្ញុំជួបការលំបាកច្រើនណាស់លោកពូអើយ រាល់ថ្ងៃនេះខ្ញុំរកមួយថ្ងៃហូបមួយថ្ងៃទម្រាំបាន គេឱ្យដោះដូររឿងដីធ្លីនោះ ខ្ញុំក៏មិនទាន់ដឹងថា ដីធ្លីរៀបម៉េចអីរបៀបម៉េចទេ។ ប៉ុន្តែខ្ញុំទៅនេះអត់មានលុយកាក់ក្នុងខ្លួន ព្រោះមានកូនច្រើន។ បើថានៅកើតខ្ញុំនៅបើនៅមិនកើត ខ្ញុំមានតែត្រឡប់មកទីនេះវិញ ព្រោះនៅទីនេះខ្ញុំអាចស៊ីឈ្នួលកាប់អំពៅរកមួយថ្ងៃរស់មួយថ្ងៃបាន»។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត គាល ហ៊ុល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
អាស៊ីសេរីក៏ព្យាបាលទាក់ទងទៅអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បន្ថែមទៀត ដោយលោកប្រាប់ថា ជាប់រវល់ការងារ៖ «ខ្ញុំកំពុងជាប់រវល់ការងារ»។
ប៉ុន្តែមេភូមិក៥ លោក ឈុន ស្រ៊ាង ប្រាប់អាស៊ីសេរីថា ការរុះរើផ្ទះនេះធ្វើឡើងស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ បន្ទាប់ពីអាជ្ញាធរថៃបានស្នើសុំមកអាជ្ញាធរក្រុងប៉ោយប៉ែតរុះរើផ្ទះប្រជាពលរដ្ឋទាំងនោះចេញពីតំបន់ស។លោកបញ្ជាក់ថា កន្លងទៅអាជ្ញាធរប្រទេសទាំង២បានឯកភាពគ្នាទុកដីតាមមាត់អូរព្រំដែនតំបន់នោះឱ្យនៅទំនេរដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា ថៃ សង់អាគារឬធ្វើផ្ទះនៅលើដីនោះឡើយ៖ «ទាំងអស់គ្នាទាំង៣គ្រួសារហ្នឹងសម្រេចថ ទៅតាមសំណើរបស់លោកអភិបាលក្រុងប៉ោយប៉ែត ដែលគាត់ស្នើដោះស្រាយបញ្ហាប្រឈមហ្នឹង គាត់សម្រេចទៅហ្នឹង។ថ្ងៃស្អែកនេះឱ្យខាងអាជ្ញាធរឃុំហ្នឹង ដែលមានកង់បីរួមហ្នឹងដឹកគាត់ទៅសាលាក្រុង ហើយលោកអភិបាលក្រុងគាត់រកមធ្យោបាយនិងជួយថ្លៃឡានជួយដឹកពួកគាត់យកទៅទីតាំងហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យកន្លងមក ភាគីកម្ពុជាតែងចាញ់ប្រៀបថៃ ជារឿយៗមក ដូចជាការរុះរើផ្ទះ និងហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យដាំដុះនៅលើតំបន់ព្រំដែនជាច្រើនករណីមកហើយ ដោយចាត់ទុកជាតំបន់ស។ លោកបន្ថែមថា ការដោះដូរទីតាំងថ្មីរបស់អាជ្ញាធរក្រុងប៉ោយប៉ែតនេះ គ្រាន់តែជាការធ្វើល្អមើល ដើម្បីបញ្ចៀសបញ្ហាមួយគ្រាប៉ុណ្ណោះ ហើយប្រជាពលរដ្ឋទាំងនោះនឹងត្រូវវិលត្រឡប់ទៅព្រំដែនវិញនៅថ្ងៃខាងមុខ ដើម្បីរកការងារដោះស្រាយជីវភាពគ្រួសារ៖ «ការរស់នៅព្រំដែនជាយុទ្ធសាស្ត្រការពារព្រំដែន គេមានតែធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋឱ្យរស់នៅព្រំដែនឱ្យបានហ្នឹង ដើម្បីជួយមើលជួយការពារព្រំដែន។ ព្រោះប្រជាពលរដ្ឋក៏ជាកោសិកាមួយរបស់ជាតិដែរ។ អីចឹងបើគាត់រស់នៅតាមព្រំដែនអីត្រឹមត្រូវគួរពិនិត្យមើលថា តើមានដីមានធ្លីកន្លែងណាជួយពួកគាត់ ហើយបើសិនជាតំបន់សកន្លែងហ្នឹងបើហាមឃាត់ត្រូវឃាត់ទាំងអស់គ្នា»។
របាយការណ៍មេភូមិក៥ ឱ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនក្នុងភូមិក៥ សង្កាត់ប៉ោយប៉ែត មានជាង៦០០គ្រួសារ ហើយភាគច្រើនជាពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្នុងនោះពលរដ្ឋជាង២០គ្រួសាររស់នៅជាប់អូរព្រំដែនកម្ពុជា-ថៃ។
ពលរដ្ឋទាំង៣គ្រួសារនោះ អះអាងថា ប្រសិនបើទីតាំងថ្មីដែលអាជ្ញាធរផ្ដល់ជូននោះ គ្មានមន្ទីរពេទ្យ សាលារៀន ទឹកភ្លើងប្រើប្រាស់ និងមុខរបររកប្រាក់ចំណូលទេនោះ ពួកគេនឹងវិលត្រឡប់មករស់នៅតំបន់ព្រំដែនថៃវិញក្នុងពេលឆាប់ៗ៕
.
Cambodia, Thailand, Vietnam, Laos will need to work together for one last time to get the border to finalize.