លោកស្រី អ៊ែណា ស៊ុលប៊ែក (Erna Solberg) នាយករដ្ឋមន្រ្តីប្រទេសន័រវេស៍ (Norway) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ នេះ បានប្រកាសដាក់ប្រទេសទាំងមូលក្នុងភាពអាសន្ន និងបិទប្រទេស ១៤ ថ្ងៃជាបណ្តោះអាសន្ន ដែលជាវិធានការដំបូង ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា (Covid-19)។ នេះបើតាមការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិ NRK1 នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
សាលារៀន សាលាមតេយ្យកុមារ មណ្ឌលកំសាន្ត ការជួបជុំជាក្រុម ឬកម្មវិធីជួបជុំ និងទីប្រជុំជននានា ត្រូវបានប្រកាសឲ្យផ្អាក និងបិទទ្វារមួយរយៈសិន ចាប់ផ្តើមបិទ នៅថ្ងៃទី ១២ ខែមីនា ពីម៉ោង ០៦:០០ ល្ងាចតទៅ។ វិធានការនេះ តម្រូវឲ្យពលរដ្ឋ នៅក្នុងផ្ទះ ប៉ុន្តែត្រូវទំនាក់ទំនងគ្នាតាមប្រព័ន្ធទូស័ព្ទ ជាមួយមណ្ឌលសុខភាព នៅតាមសង្កាត់ និងទីក្រុងរៀងៗខ្លួន បើសិនមានការចាំបាច់។
ដោយឡែកទីផ្សារលក់ម្ហូបអាហារ, មណ្ឌលសុខភាព និងស្ថាប័នរដ្ឋ មិនមានការផ្អាកទេ ពោលគឺនៅដំណើរការជាធម្មតា។
លោកស្រី Erna Solberg បានថ្លែងថា អ្នកដែលបានមកពីក្រៅប្រទេស ឬបានចូលមកដល់ប្រទេសន័រវេស៍រួចហើយ គឺតម្រូវឲ្យដាក់នៅកន្លែងដោយឡែកដើម្បីតាមដានជំងឺ ១៤ ថ្ងៃ លើកលែងតែអ្នកចូលមកពីក្រុមប្រទេស ពីអឺរ៉ុបខាងជើង «(Nordic countries) ដូចជា ដាណឺម៉ាក (Denmark), ហ្វាំងឡង់ (Finland), អ៊ីសឡង់ដ៍ (Iceland), ក្នុងន័រវេស៍ (Norway) ខ្លួនឯង និង ស៊ុយអែត (Sweden)»។
លោកស្រី Erna Solberg បញ្ជាក់បន្ថែមថា ប្រទេសន័រវេស៍ មិនទទួលអ្នកដំណើរអន្តរជាតិ ទាំងតាមជើងហោះហើរ ផ្លូវគោក និងផ្លូវទឹក នៅក្នុងអំឡុងពេលវិធានការ ២ សប្តាហ៍ដំបូងនេះទេ។
តូលេខអ្នកឆ្លងមេរោគកូរ៉ូណា (Covid-19) ក្នុងប្រទេស កើនឡើង ៨០០ នាក់ ហើយមនុស្សវ័យចំណាស់ ១ នាក់ បានស្លាប់ (VG -live) ដោយសារមេរោគនេះ។ នេះគិតមកត្រឹមម៉ោង ២៤:០៥ នាទី (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោង ០៦:០៥ នាទីព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី ១៣ ខែមីនា។
គួររំលឹកថា កាលពីថ្ងៃទី ២៦ កុម្ភៈ ២០២០ ពលរដ្ឋន័រវេស៍ បានឆ្លងមេរោគកូរ៉ូណា ឬ Covid-19 តែ ១ ករណីប៉ុណ្ណោះ។
ប្រទេសន័រវេស៍ (Norway) ជាប្រទេសឧស្សាហកម្មជឿនលឿនមួយ ក្នុងចំណោមប្រទេសអឺរ៉ុប។ ប្រទេសនេះ មានពលរដ្ឋជាង ៥,៣ លាននាក់ និងមានក្រឡាផ្ទៃដី ៣៨៥២០៧ គ.ម.ក្រឡា ដែលស្ថិតនៅប៉ែកអឺរ៉ុបខាងជើង៕
(អត្ថបទដោយលោក ម៉ែន ណាត /ពីប្រទេសន័រវេស៍)
.