ចាប់ផ្តើមពីអ៊ីតាលី ដែលជាប្រទេស រីករាលតដាលមេរោគកូរ៉ូណា (Covid-19) ធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេបង្អស់ ក្នុងចំណោមប្រទេសនានា នៅទ្វីបអឺរ៉ុប។ អ៊ីតាលី មានអាត្ររិករាលដាលខ្ពស់ (ឆ្លងមេរោគជាង ២ ម៉ឺននាក់់, ស្លាប់ជាង ១៨០០ នាក់ និងធូរស្បើយជាង ២៣០០ នាក់) បន្ទាប់ពីប្រទេសចិន (ឆ្លងមេរោគជាង ៨ ម៉ឺននាក់់, ស្លាប់ជាង ៣០០០ នាក់ និងធូរស្បើយជាង ៦ ម៉ឺននាក់) គិតមកទល់ថ្ងៃទី ១៦ មីនា ២០២០ ម៉ោង ៧ ល្ងាច ម៉ោងនៅកម្ពុជា។
កំណើននៃការរីករាលដាលមេរោគកូរ៉ូណា (Covid-19) យ៉ាងគំហុក បានធ្វើឲ្យប្រទេសជាច្រើន នៅអឺរ៉ុប ប្រកាសបិទប្រទេសរបស់រៀងៗខ្លួន បិទច្រកព្រំដែន ផ្អាកជើងហោះហើរ ផ្អាកទទួលអ្នកទេសចរបរទេស បិទ្វារសាលារៀន បិទមណ្ឌលកំសាន្ត ផ្អាកការជួបជុំជាក្រុមតូច ឬក្រុមធំទាំងអស់ និងបិទស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ជាដើម ដែលជាវិធានការដំបូង ក្នុងការទប់ស្កាត់មេរោគនេះ ក្នុងអំឡុងពេល ១ សប្តាហ៍ ទៅ ២ សប្តាហ៍ ឬយូរជាងនេះ។ ពលរដ្ឋ ត្រូវបានតម្រូវឲ្យនៅក្នុងផ្ទះ ហើយពួកគេ អាចទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធទូរស័ព្ទ ឬបណ្តាញសង្គម ដែលអាចធ្វើទៅបាន។ ចំណែកសិស្ស និស្សិត ត្រូវបានតម្រូវឲ្យសិក្សារៀនសូត្រ តាមប្រព័ន្ធអ៊ីទែណិតរបស់សាលា នៅតាមលំនៅឋានរៀងខ្លួន។
បណ្ឌលសុខភាព និងទីផ្សារលក់ម្ហូបអាហារ នៅដំណើរការជាធម្មតា។ ប៉ុន្តែខាងផ្សារលក់ដូរ ត្រូវបានកាត់បន្ថយពេលម៉ោងធ្វើការ។ ករណីចំាបាច់ ពលរដ្ឋក្នុងប្រទេសនីមួយៗ ត្រូវទាក់ទងបន្ទាន់ ទៅកាន់បណ្ឌលសុខភាព។
អ៊ីតាលី បានប្រកាសបិទប្រទេសមុនគេ កាលពី ២ សប្តាហ៍មុន។ លុះដល់ពេលនេះ មានប្រទេសជាច្រើន ក្នុងអឺរ៉ុប៖ មានខ្លះ បិទប្រទេសរបស់ខ្លួន, ខ្លះ បានបិទព្រំដែន និងមានខ្លះទៀត បានផ្អាកទទួលអ្នកទេសចរបរទេស។ ប្រទេសទាំងនោះ រួមមានដូចជា៖ ប្រទេសន័រវេស៍ (Norway), ស៊ុយអែត, ដាណាម៉ាក, ហ្វាំងឡង់ដ៍, អាល្លឺម៉ង់, បារាំង, អង់គ្លេស, ស៊្វីស, អូទ្រីស, បែលហ្ស៊ិក, ក្រូអាត, ស៊ីប្រ៊ុស (Cyprus), សាធារណរដ្ឋឆេក, អេស្តូនា (Estonia), ក្រិច, ហុងគ្រី, ម៉ាល់តា, ហូឡង់ដ៍, ប៉ូឡូញ, អេស្បាញ, តួគី, និង អ៊ុយក្រែន។ នេះបើតាមព័ត៌មានផ្លូវការរបស់ទូរទស្សន៍ជាតិ NRK1 របស់ប្រទេសន័រវេស៍ និងបណ្តាញព័ត៌មានអន្តរជាតិ៕
(អត្ថបទដោយលោក ម៉ែន ណាត / ពីប្រទេសន័រវេស៍)
.