ពលរដ្ឋខ្មែរ ព្រួយបារម្ភជាថ្មី ខណៈជនជាតិចិន សម្រុកចូលប្រទេសកម្ពុជា នៅប៉ុន្មានថ្ងៃនេះ តាមច្រកព្រំដែន ថៃ វៀតណាម និងតាមជើងហោះហើរផង ថ្វីត្បិតប្រទេសជិតខាង បានបិទព្រំដែន ជាមួយកម្ពុជាហើយក្តី។ ការសម្រុកចូលនេះ ធើ្វឡើងស្របពេលក្រុមអ្នកជំនាញគ្រូពេទ្យចិន ៧ នាក់ ជួយរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការទប់ស្កាត់មេរោគកូរ៉ូ ណា ឬ Covid-19។ អ្នកជំនាញចិន មកដល់កម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។ តាមដំណឹងមកថា ក្រុមជនជាតិចិន សម្រុកចូលមកកម្ពុជានេះ មិនមានការត្រួតពិនិត្យរកមេរោគកូរ់ូណ ឬ Covid-19 ជាក់លាក់ទេ។ ជនជាតិចិនទាំងនេះ ទៅកាន់គោលដៅសំខាន់ៗដូចជា ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត), ខេត្តស្វាយរៀង (ក្រុងបាវិត), ខេត្តសៀមរាប និង កំពតជាដើម។
កាលពីព្រលប់ថ្ងៃទី ២៤ ខែមីនា ក្រុមជនជាតិចិន ប្រមាណ ១៨០ នាក់ បានទៅកាន់តំបន់កាស៊ីណូ ទីក្រុងបាវិត ខេត្តស្វាយរៀង។ ពួកគេមកកាន់កម្ពុជា តាមជើងយន្តហោះ នៅក្រុងភ្នំពេញ។ អ្នកបើកបររថយន្តក្រុង ប្រាប់អ្នកយកព័ត៌មានបណ្តាញសង្គមថា ជនជាតិចិន ប្រមាណ ១៨០ នាក់បន្ថែមទៀត នឹងមកដល់ក្រុងបាវិត នៅថ្ងៃទី ២៥ ខែមីនា។ រយៈពេល ២ ថ្ងៃសោះ ជនជាតិ ចិន ទៅកាន់ក្រុងបាវិត គឺប្រមាណ ៣៦០ នាក់ទៅហើយ។
នៅថ្ងៃទី ២៦ ខែមីនា សមត្ថកិច្ចប៉ូលីស ក្រុងបាវិត បានឃាត់ខ្លួនជនជាតិ ១៧៤ នាក់ ឲ្យធ្វើតេស្តរកមេរោគ Covid-19 រួចហើយតម្រូវឲ្យនៅដោយឡែក។
ពលរដ្ឋខ្មែរ នៅក្រុងប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី ២៥ ខែមីនា ថាមានជនជាតិ ចិន ចូលមកថ្មីជាច្រើន ក្នុងនោះមានអ្នកខ្លះពាក់ម៉ាស់ ហើយខ្លះទៀត អត់ពាក់ម៉ាស់។ ប៉ុន្តែអាជ្ញាធរខេត្តបន្ទាយមានជ័យថា ជនជាតិចិនទាំងនេះ គឺជាអ្នកចេញចូល ឬបម្លាស់ទី ក្នុងតំបន់មួយចំនួន នៅកម្ពុជា។
អ្នកនាំពាក្យផ្នែកអន្តោប្រវេសន៍នៃ ក្រសួងមហាផ្ទៃ ប្រាប់កាសែតក្នុងស្រុកថា ក្រសួង នៅមិនទាន់ទទួលបានរបាយការណ៍ នៃចំនួនជនជាតិចិន ដែលទើបចូលមកកម្ពុជាជាក់លាក់នៅឡើយទេ។
ទោះបីប្រទេសចិន ជាប្រភពនៃការចម្លងមេរោគកូរ៉ូណាក្តី រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលប្រកាសបិទជើងហោះហើរពីចិន ឬផ្អាកទិដ្ឋាការចំពោះជនជាតិចិន ណាម្តងទេ ប៉ុន្តែសម្រាប់ប្រទេសមួយចំនួនពីលោកខាងលិច និងប្រទេសក្នុងតំបន់ខ្លះ ត្រូវបានហាមប្រាមការចូលមកកម្ពុជា។
ប៉ុន្មានថ្ងៃនេះ លោក ហ៊ុន សែន និងកូនប្រុសច្បងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត រីកមុខរីកមាត់ ដឹកនាំវេទិកានយោបាយជាមួយគ្នា និងបង្ហាញភាពល្អូកល្អើនជាមួយ ចិនយ៉ាងគួរឲ្យកត់សម្គាល់។ ពួកគេ ឃោសនានយោបាយ ច្រើនជាងការរកវិធានការជាក់លាក់ ក្នុងការទប់ស្កាត់ជំងឺកូរ៉ូណា។
របាយការណ៍របស់ក្រសួងសុខាភិបាល ឲ្យដឹងថា មេរោគកូរ៉ូណា កើនឡើងដល់ ១០២ នាក់ហើយមកដល់ព្រឹកថ្ងៃទី ២៨ ខែមីនា នេះ។ ក្នុងរបាយការណ៍ដដែល រកមិនឃើញករណីថ្មី ចំពោះជនជាតិចិន និងគ្មានមន្ត្រីជាន់ខ្ពស់ណាម្នាក់ បានឆ្លងមេរោគកូរ៉ូណានេះទេ ដែលផ្ទុយពីសារបែកធ្លាយរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៩ មីនាថា «មានករណីឆ្លងដល់មន្រ្តីក្រសួងការបរទេស ១ នាក់ និង ក្រសួងការពារជាតិច្រើននាក់»។
ក្រុមបញ្ញវន្ត និងអ្នករិះគន់នានា បានយល់ស្របគ្នាថា រដ្ឋាភិបាល លោក ហ៊ុន សែន នៅមានការលាក់លៀមព័ត៌មានមួយចំនួន ជុំវិញអ្នកឆ្លងពិតប្រាកដ នៃមេរោគកូរ៉ូណានេះ។
មន្រ្តីសង្គមស៊ីវិល ក្រុមអ្នកតាមដានស្ថានការកម្ពុជា និងក្រុមអ្នកជំនាញសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យចេះថែរក្សាអនាម័យ, បង្កើនការប្រុងប្រយ័ត្ន និងការថែទាំសុខភាពដោយខ្លួនឯង ដើម្បីកាត់បន្ថយហានីភ័យ និងសេចក្តីព្រួយបារម្ភនានា ជុំវិញការឆ្លងជំងឺកូរ៉ូណា៕
(CWCI Cambodia /អត្ថបទដោយ នគរ /២៨ មីនា ២០២០)
.