លោក ហ៊ុន សែន មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ បានស្នើទៅរដ្ឋសភាជាតិ របស់លោក ហេង សំរិន ដើម្បីអនុម័តយល់ព្រមផ្លាស់ប្តូរសមាសភាពរដ្ឋមន្រ្តី ៤ រូប នៃក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ ក្រសួងធម្មការ និងក្រសួងមុខងារសាធារណៈ។ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងទៅកាន់តំណែង រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ លោក កើត រិទ្ធ នឹងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌។ លោក ឈិត សុខុន នឹងកាន់តំណែង រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។ លោក ជា វ៉ាន់ដេត នឹងកាន់តំណែង រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រកាសភ្លាមៗនៅថ្ងៃទី ២៧ មីនាដដែលថា រដ្ឋសភា នឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី ៣០ ខែ មីនា ដើម្បីអនុម័តតាមការស្នើសុំរបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន កាលពីថ្ងៃទី ២៤ មីនា បានថ្លែងរអ៊ូរទាំ នៅក្នុងវេទិកាសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តថា រដ្ឋាភិបាល ត្រូវធ្វើការកែសម្រួលសមាជិកគណៈរដ្ឋមន្រ្តីមួយចំនួន។ លោក ហ៊ុន សែន បានព្រមានថា «អ្នកស្ពឹកស្រពន់ក្នុងការងារ ត្រូវកែប្រែខ្លួន មុនពេលខ្ញុំ សម្រេចកែប្រែសមាសភាព»។ លោក បញ្ជាក់ថា «យើងមើលឃើញថា វាមានភាពស្ពឹកស្រពន់ នៅកន្លែងខ្លះ ហើយកន្លែងខ្លះ ប្រសិទ្ធភាព មិនទាន់ឆ្លើយតប តាមការចង់បានរបស់យើង»។
ការថ្លែងអំពីការកែសម្រួលសមាសភាពរដ្ឋមន្រ្តីនេះ លោក ហ៊ុន សែន បានភ្ជាប់ជាមួយស្ថានភាពនៃភាពអាសន្ន ចំពោះការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 នៅកម្ពុជា ក្នុងគ្រាដែលលោក ហ៊ុន សែន ខ្លួនឯងបាននិយាយដែរថា «ខ្ញុំកំពុងពិចារណាស្នើព្រះមហាក្សត្រ ប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន»។
ក្រុមអ្នកឃ្លាំមើលនានា ផ្តល់យោបល់ថា «គឺជារឿងវិជ្ជមាន បើសិនលោក ហ៊ុន សែន ចង់កែទម្រង់រដ្ឋាភិបាល ឲ្យប្រសើរឡើងពិតប្រាកដ។ ប៉ុន្តែវាជារឿងអវិជ្ជមាន និងកាន់តែអាក្រក់ទៅវិញទេ ក្នុងករណីលោក ហ៊ុន សែន រុះរើសមាសភាពរដ្ឋាភិបាល ដោយដាក់បញ្ចូលតែក្រុមសាច់ញាតិ និងបក្ខពួករបស់គាត់ ដូចពេលកន្លងទៅ»៕
(CWCI Cambodia /អត្ថបទដោយ នគរ /២៨ មីនា ២០២០)



.