លោក ហ៊ុន សែន មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ បាន​​ស្នើ​ទៅ​រដ្ឋសភា​ជាតិ របស់​លោក ហេង សំរិន ដើម្បី​អនុម័ត​យល់​ព្រម​ផ្លាស់ប្តូរ​សមាសភាព​​រដ្ឋមន្រ្តី ៤ រូប នៃ​ក្រសួង​យុត្តិធម៌ ក្រសួង​ប្រៃសណីយ៍ ក្រសួង​ធម្មការ និង​ក្រសួង​មុខងារសាធារណៈ។ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹង​​ទៅ​កាន់​​តំណែង​ រដ្ឋមន្រ្តី​​ក្រសួង​​មុខងារ​សាធារណៈ។ លោក កើត រិទ្ធ នឹង​​កាន់​​​តំណែងជា រដ្ឋមន្រ្តី​ក្រសួង​​យុតិ្តធម៌។ លោក ឈិត សុខុន នឹង​​​​កាន់​​​​តំណែង​ រដ្ឋមន្រ្តី​ក្រសួង​ធម្មការ និង​សាសនា។ លោក ជា វ៉ាន់ដេត នឹង​​កាន់​តំណែង រដ្ឋមន្រ្តី​ក្រសួង​​ប្រៃសណីយ៍ និង​​ទូរគមនាគមន៍។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រកាស​ភ្លាមៗ​នៅថ្ងៃទី ២៧ មីនា​ដដែល​ថា រដ្ឋសភា នឹង​កោះប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃទី ៣០ ខែ មីនា ដើម្បី​អនុម័ត​តាមការស្នើសុំ​របស់លោក ហ៊ុន សែន។

លោក ហ៊ុន សែន កាលពីថ្ងៃទី ២៤ មីនា បាន​ថ្លែង​រអ៊ូរទាំ នៅ​​ក្នុងវេទិកា​​សំណេះ​សំណាល​​ជាមួយ​ក្រុមគ្រូពេទ្យ​​ស្មគ្រចិត្ត​ថា រដ្ឋាភិបាល ត្រូវ​ធ្វើការ​កែ​សម្រួល​​​សមាជិក​​គណៈរដ្ឋមន្រ្តី​មួយ​​ចំនួន។ លោក ហ៊ុន សែន បាន​ព្រមាន​ថា «អ្នកស្ពឹក​​ស្រពន់​​ក្នុង​​ការងារ ត្រូវ​​កែ​ប្រែ​ខ្លួន មុន​​ពេល​​ខ្ញុំ សម្រេច​​កែប្រែ​​សមាសភាព»។ លោក បញ្ជាក់​ថា «យើង​​​​មើល​​ឃើញ​ថា វា​មាន​​ភាព​ស្ពឹក​​ស្រពន់​ នៅ​​កន្លែង​​ខ្លះ ហើយ​​កន្លែង​​ខ្លះ ​​ប្រសិទ្ធ​ភាព​ មិន​​​ទាន់​​ឆ្លើយ​​តប​ ​តាម​​ការ​ចង់​បាន​​របស់​​យើង»

ការថ្លែងអំពី​ការកែសម្រួល​សមាសភាព​រដ្ឋមន្រ្តីនេះ លោក ហ៊ុន សែន បាន​ភ្ជាប់​ជាមួយ​ស្ថានភាព​នៃ​ភាពអាសន្ន ចំពោះ​ការរីក​រាលដាល​មេរោគ​កូរ៉ូណា ឬ Covid-19 នៅ​កម្ពុជា ​ក្នុង​គ្រា​ដែល​លោក ហ៊ុន សែន ខ្លួនឯង​បាន​និយាយ​ដែរ​​ថា «ខ្ញុំ​កំពុង​ពិចារណា​ស្នើព្រះ​មហា​ក្សត្រ ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រាអាសន្ន»

ក្រុមអ្នកឃ្លាំមើលនានា ផ្តល់​យោបល់​ថា «គឺជា​រឿង​​វិជ្ជមាន បើសិន​លោក ហ៊ុន សែន ចង់​កែ​ទម្រង់​រដ្ឋាភិបាល ឲ្យប្រសើរឡើង​ពិត​ប្រាកដ។ ប៉ុន្តែវាជារឿងអវិជ្ជមាន និង​កាន់​តែអាក្រក់​​ទៅវិញទេ ក្នុង​ករណី​លោក ហ៊ុន សែន រុះរើ​សមាសភាព​រដ្ឋាភិបាល ដោយ​ដាក់បញ្ចូល​​​តែ​ក្រុម​​សាច់ញាតិ និង​បក្ខពួក​របស់គាត់ ដូច​ពេល​កន្លង​ទៅ»

(CWCI Cambodia /អត្ថបទដោយ នគរ /២៨ មីនា ២០២០)

.