សឹងតែគ្រប់វេទិកា និង សឹងតែគ្រប់ម៉ាត់ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិនដែលភ្លេចរំលឹកឈ្មោះប្រទេសចិន និងមេដឹកនាំចិន ម្តងណាទេ ពោលគឺមានទំនាក់ទំនងល្អស្អិតរមួតចាក់ទឹកមិនលិច ជាមួយរដ្ឋាភិបាលចិន ដែលធ្វើឲ្យវៀតណាម ជាបងធំ របស់កម្ពុជាដែរនោះ មិនពេញចិត្ត។ លោក ហ៊ុន សែន តែងតែហៅទំនាក់ទំនងជាមួយ ចិន នេះថា «ជាមិត្តថែកថែប»។
មិនប្រាកដថា ជាមិត្តដែកថែប ឬក៍មិត្តច្រែះដែក អ្វីទេ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០ នេះ អាជ្ញាធរអាកាសចរណ៍ នៃរដ្ឋាភិបាល ចិន បានបដិសេធ មិនអនុញ្ញាតឲ្យយន្តហោះមួយគ្រឿង ដែលដឹកអ្នកដំណើរជនជាតិចិន ចំនួន ១៤៦ នាក់ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងឆេងឌូ (Chengdu) ប្រទេសចិន ត្រូវបានបង្ខំចិត្ត វិលត្រឡប់មកកម្ពុជាវិញភ្លាមៗ នៅពេលយន្តហោះនេះ កំពុងហោះស្ថិតនៅលើដែនអាកាស ប្រទេសឡាវ។ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី ភាសាខ្មែរ នៅថ្ងៃទី ៣១ ខែមីនា។
វិទ្យុអាស៊ីសេរីដដែល បានដកស្រង់ព័ត៌មានបរទេស ចុះផ្សាយថា «សារព័ត៌មាន ស៊ីអិនអ៊ី (CNE) ដែលចុះផ្សាយជាភាសាអង់គ្លេស នៅព្រឹកថ្ងៃទី ៣០ ខែមីនា បានស្រង់សម្ដីអ្នកដំណើរ នៅលើយន្តហោះនោះថា មូលហេតុដែលយន្តហោះបង្ខំចិត្ត ត្រឡប់ក្រោយនេះ ព្រោះអាជ្ញាធរចិន មិនអនុញ្ញាតឲ្យហោះចូលដែនអាកាស របស់ប្រទេសចិនទេ ដោយសារចិន បានដាក់វិធានការបង្ការ និងទប់ស្កាត់ កុំឲ្យមានការនាំចូល នូវជំងឺកូរ៉ូណា ឬកូវីដ-១៩ (Covid-19)»។ «យន្តហោះនេះ បានដឹកអ្នកដំណើរចំនួន ១៤៦ នាក់ សុទ្ធតែជាជនជាតិចិន បានធ្វើដំណើរ តាមជើងហោះហើរ លេខ QD738A របស់ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី (JC Airline ) ចាកចេញពីទីក្រុងភ្នំពេញ នៅម៉ោង ១១ និង ១០ នាទី ព្រឹកថ្ងៃទី ២៩ ខែមីនា។ ក្នុងចំណោមអ្នកដំណើរ ១៤៦ នាក់នោះ គឺមានជនជាតិចិន ពី ៥០ ទៅ ៦០ នាក់ ទើបតែធ្វើដំណើរមកពីប្រទេស ហ្វីលីពីន និងមាននិស្សិត ចិន ៣៥ នាក់ទៀត មកពីប្រទេស អង់គ្លេស ព្រមទាំងជនជាតិចិន មួយចំនួនទៀត គឺជាអ្នកធ្លាប់រស់នៅភ្នំពេញ និង ខេត្តព្រះសីហនុ»។
លោក ស៊ីន ចាន់សិរីវត្ថា អគ្គនាយករងបច្ចេកទេស និង ជាអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិល ត្រូវបានកាសែតក្នុងស្រុក ដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន ដកស្រង់សម្តីចុះផ្សាយថា «ការពិតដែលចិន មិនឱ្យយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ (JC International Airline) ចូលប្រទេសចិន នោះ គឺដោយសារតែចិន បានបិទជើងហោះហើរ ពីកម្ពុជាហើយ ហើយទុកតែ ១ ជើងទេ ក្នុងមួយសប្ដាហ៍។ ក៏ប៉ុន្តែយន្តហោះក្រុមហ៊ុននេះ បានបំពានបម្រាមរបស់អាជ្ញាធរ ចិន ទើបចិន បញ្ជាឱ្យហោះត្រឡប់មកកម្ពុជាវិញ»។ លោក បញ្ជាក់បន្ថែមថា «ការណ៍ដែលចិន មិនឱ្យចូលនេះ គឺមិនមែនដោយសារខ្លាចឆ្លង ជំងឺកូវីដ-១៩ (Covid-19)ទេ»។
គេហទំព័រសារព័ត៌មាន ស៊ីអិនអ៊ី (CNE) ផ្សាយថា «នៅព្រឹកថ្ងៃទី ៣០ ខែមីនា មានអ្នកដំណើរ ៤ នាក់ បានស្នើសុំលុយត្រឡប់មកវិញ ដើម្បីរកទិញសំបុត្រយន្តហោះដោយខ្លួនឯង ចំណែក ២១ នាក់ទៀត បានធ្វើដំណើរតាមជើងហោះហើរ លេខ CZ324 ពីភ្នំពេញ ទៅ ក្វាងចូវ (Guangzhou)។ រីឯអ្នកដំណើរ ១២១ នាក់ទៀត នៅតែរង់ចាំធ្វើដំណើរជាមួយជើងហោះហើរ ពីភ្នំពេញ ទៅទីក្រុងឆេងឌូ (Chengdu) ដដែល»។
ទាក់ទំនងនឹងការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ កើនឡើងសរុប ១០៩ នាក់ហើយ មកទល់ព្រឹកថ្ងៃទី ៣១ ខែមីនា ខណៈដែលអ្នកធ្វើតេស្តជាលើកទី២ ឬទី៣ បង្ហាញថា«អវិជ្ជមាន» កើនឡើងដល់ ២៣ នាក់ ដែលក្រសួងនេះថា ជាសះស្បើយនោះ៕
(CWCI Cambodia ដោយ នគរ / ៣១ មីនា ២០២០)
.