19503_936396276420111_5931453152067762693_n

ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោល ព្រំដែនខ្មែរ-យួនថ្មី
(អត្ថបទដោយលោក ម៉ែន ណាត /CWCI Cambodia /28/10/2016)

ភូមិធ្លក ស្ថិតនៅចន្លោះ​បង្គោលព្រំដែនថ្មី លេខ ២០២ និងលេខ ២០៣ ដែលសព្វថ្ងៃស្ថិតក្នុង​ទឹកដី​វៀតណាម រួចទៅហើយ។ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមតំណាងរាស្រ្ត​ពីបក្សប្រឆាំង មានលោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និងតំណាងរាស្រ្តមួយចំនួនទៀត រួមជាមួយក្រុមយុវជន ព្រះសង្ឃ ជាង ២០០០ នាក់/អង្គ បានចុះ​ទៅកាន់តំបន់ព្រំដែន​​ខ្មែរ-យួន នៅបង្គោល លេខ ២០២ និង លេខ ២០៣ ចន្លោះភូមិធ្លកចាស់ និងភូមិធ្លកថ្មី ឃុំត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រុមអាជ្ញាធរខ្មែរ និងកងម្លាំង​វៀតណាម បានរារាំងក្រុមតំណាងរាស្រ្ត និងយុវជន មិនឲ្យទៅដល់បង្គោលព្រំដែនទេ។ គ្រានោះមានការប៉ះទង្គិចគ្នា បណ្តាលឲ្យតំណាងរាស្រ្ត រៀល ខេមរិន្ទ្រ រងរបួស។

ក្រុមសកម្មជនព្រំដែន និង ពលរដ្ឋម្ចាស់ស្រុក បញ្ជាក់ថា បង្គោលព្រំដែនថ្មី ត្រូវបាន​ភាគី​យួន រំកិលចូល ក្នុងទឹកដីខ្មែរ ហើយដីកប់ខ្មោចដូនតាខ្មែរ នៅភូមិធ្លក ត្រូវស្ថិត​ក្នុងទឹកដី​យួន សព្វថ្ងៃអ្នកភូមិបញ្ជាក់ទៀតថា «ពួកគាត់​បានបោះបង់ចោល​ភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាង ដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅរបស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបាន​ទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ ស្តីអំពីជនជាតិមួយ ដែលមានប្រពៃណីដូនតារបស់គេ រស់នៅ​​តាំងពីយូរយារ​មកហើយ។

ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូនពលរដ្ឋយើងនៅទីនោះផង។

យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបាន រារាំងដោយ កងកម្លាំងសមត្ថកិច្ច​ខ្មែរគ្នាឯង​ផង និង កងកម្លាំងរបស់​​វៀតណាម​ផង។ ក្រុមកងកម្លាំង វៀតណាម បានចូលមករារាំង​ដំណើរក្រុមអ្នក​ចុះទៅពិនិត្យព្រំដែន នៅក្នុងទឹកដីខ្មែរ ដែលមានចម្ងាយ ពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ នៅក្នុងទឹដីខ្មែរ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។

គូសបញ្ជាក់ថា រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយ​វៀតណាម ជាកិច្ចព្រមព្រៀងខុសច្បាប់ រួមទាំងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ ដ៏ចម្រូងចម្រាស់។

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ លោកអតីតរដ្ឋមន្ត្រី ស៊ាន ប៉េងសែ, លោកបណ្ឌិតច្បាប់ ឌី ការេត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «លោក ហ៊ុន សែន ធ្វើតាមការចង់បាន​របស់​យួន ជាជាការរំលោភកិច្ចព្រមព្រៀងក្រុង​ប៉ារីស រំលោភរដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ពោលគឺ​ជាការធ្វើ​​ជាតិប្រហារ»

Advertisements