frhhhjkloo

រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើអ្នកឯកទេសបារាំង មកជួយលើការផ្ទេរខ្នាតផែនទី
Phnom Penh Post, Fri, 25 November 2016, វង្ស សុខេង

ភ្នំពេញ: រដ្ឋាភិបាលនៃប្រទេសកម្ពុជា និង វៀតណាម បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី ដាច់ដោយឡែកពីកិច្ចប្រជុំកំពូល CLV នៅ ខេត្តសៀមរាប ដោយឯកភាពគ្នា ក្នុងការធ្វើលិខិតរួមគ្នា ស្នើទៅរដ្ឋាភិបាល​បារាំង ឲ្យរៀបចំ អ្នកឯកទេស មកជួយធ្វើផែនទី ដោយផ្ទេរពីខ្នាត 1/100000 មក 1/50000 ដើម្បី ស្វែងរក ដំណោះស្រាយព្រំដែន ដែលប្រទេសទាំងពីរ នៅមិនទាន់ចុះសម្រុងគ្នា ក្នុងការព្រមព្រៀង បោះបង្គោលព្រំដែន។

ក្រោយពីកិច្ចប្រជុំទេ្វភាគីរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ្វុក [Nguyen Huan Phuc] នាយករដ្ឋមន្ត្រីវៀតណាម លោក កៅ គឹមហួន រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់ អ្នកសារព័ត៌មានថា រដ្ឋាភិបាលកម្ពុជា បានចាត់តាំង លោក ឡុង វិសា លោ រដ្ឋលេខាធិការក្រសួងការបរទេស ដើម្បីធ្វើការជាមួយ ភាគីវៀតណាម ព្រាងឯកសារ និងរៀបចំលិខិតស្នាមផ្លូវការ។

លោក គឹមហួន ថ្លែងថា៖ «នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាព ក្នុងការធ្វើលិខិតរួមគ្នា ទៅប្រទេស បារាំង ដើម្បីស្នើសុំឲ្យ អ្នកឯកទេសបារាំង មកជួយធ្វើផែនទី ដែលផ្ទេរពីផែនទីខ្នាត ១ លើ ១០០ ០០០ មកផែនទី ១ លើ ៥០ ០០០ ហើយបានចាត់តាំង ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការ ក្រសួងការបរទេស ខាងកម្ពុជាយើង ហើយខាងវៀតណាម ក៏មានមន្ត្រីជាន់ខ្ពស់ របស់គេ ដើម្បីធ្វើការជាមួយគ្នា»។

លោក ថ្លែងបន្តថា៖ «ការងារបោះបង្គោលព្រំដែននេះ កន្លែងណាដែលបានឯកភាពគ្នាហើយ ជំរុញឲ្យគណៈកម្មាធិការចម្រុះ បោះបង្គោលព្រំដែន កន្លែងណា ដែលឯកភាពគ្នាហើយ គេដឹងផែនទី នឹងហើយបានន័យថាច្បាស់លាស់ហើយ កន្លែងណា ដែលមិនច្បាស់លាស់ បានស្នើបារាំងឲ្យជួយធ្វើ»។

ជួនគ្នានេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំ គណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំនេះ ដែលជាការអញ្ជើញ របស់លោក ហ្សង់ ម៉ាក អេរ៉ូ [Jean-Marc AYRAULT] រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃ ប្រទេសបារាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស ចេញផ្សាយ កាលពីថ្ងៃទី២២។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ ថ្លែងថា៖«ក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាផ្លូវការ ជាមួយឯកឧត្តម ហ្សង ម៉ាក អេរ៉ូ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងបារាំង ជាពិសេស ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ ព្រមទាំងពិភាក្សា លើប្រធានបទ ដែលជាអត្ថប្រយោជន៍រួម នៃប្រទេសទាំងពីរ»។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង លោក ឡុង វិសាលោ មិនអាចទាក់ទង សុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយល់ព្រមជាមួយ សមភាគី វៀតណាម នឹងធ្វើទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេស វៀតណាម នៅចុងខែធ្នូ ហើយ ប្រទេសទាំងពីរ នឹងមានការរៀបចំការប្រារព្ធខួប លើកទី៥០ នៃការបង្កើត ទំនាក់ទំនងការទូត ពេលនោះ នឹងមានការសម្ពោធស្ពាន ជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល គឺជាស្ពានតភ្ជាប់ ឆ្លងទៅប្រទេសវៀតណាម។

លោក គឹមហួន បានថ្លែងផងដែរថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាមក៏ ជជែកគ្នា ពីការផ្លាស់ប្ដូរសំណើគ្នាទៅវិញទៅមក ដោយខាងវៀតណាម បានស្នើផងដែរ ពាក់ព័ន្ធនឹងអាណិកជនវៀតណាម ដែលរស់នៅកម្ពុជា ដែលក្រសួងមហាផ្ទៃ បានធ្វើជំរឿន ដែលមានប៉ុន្មានស្របច្បាប់ និងប៉ុន្មានមិនមានឯកសារគ្រប់គ្រាន់ បានស្នើសុំឲ្យវៀតណាម ដែលគ្មានឯកសារនេះ បន្តរស់នៅដោយស្របច្បាប់ នឹងពាក់ព័ន្ធការធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយព្រំដែន ជាពិសេសនៅក្នុង តំបន់ត្រីកោណនេះតែម្ដង ដែលអាចរកស៊ី នៅតាមព្រំដែននេះ ការយកថវិកាឆ្លងដែន ដែលបានមកពីការលក់ ដោយមិនមានបញ្ហា។

លោក គឹមហួន ថ្លែងថា៖ «អ្វីដែលសម្ដេច បានស្នើដែរគឺកន្លែង ដែលមិនទាន់ឯកភាពគ្នា ធ្វើ យ៉ាងណាឲ្យយើងរក្សាបានន័យថា កុំឲ្យមានការសាងសង់ទាំងអស់ ឲ្យគោរពដោយម៉ឺងម៉ាត់ តាមកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សុំមិនធ្វើអត្ថាធិប្បាយអំពីបញ្ហា ការផ្ទេរផែនទីនេះ ដោយទុកពេលវេលា ដើម្បីសិក្សាលើបញ្ហាបច្ចេកទេស។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ជាស្ថាប័នសិក្សានយោបាយសាធារណៈនៃ សង្គមស៊ីវិលមួយ បានថ្លែងថា លោក ស្វាគមន៍ បើសិនជាមានអ្នកឯកទេស របស់ប្រទេសបារាំង មកចូលរួម ធ្វើការងារការផ្ទេរផែនទីនេះ និងធ្វើឲ្យមានភាពទុកចិត្តច្រើន ហើយនឹង កាត់បន្ថយការព្រួយបារម្ភ លើបញ្ហាព្រំដែន ដែលកើតមាន នៅក្នុងសង្គមខ្មែរ។

លោក វីរៈ ថ្លែងថា៖ «ខ្ញុំយល់ថាបើមានអាជ្ញាកណ្ដាល ចូលរួមធ្វើផែនទីមួយ ដែលមានភាព ស្រពេចស្រពិល និងងាយខុស ដើម្បីឲ្យមានតុល្យភាពគ្នា ខ្ញុំសូមស្វាគមន៍ ហើយខ្ញុំសង្ឃឹមថា បារាំងនឹងអាចជួយ ព្រោះនេះជាចំណុចវិជ្ជមាន សម្រាប់ប្រទេសទាំងពីរ នឹងបញ្ចប់បញ្ហា នយោបាយព្រំដែន ក្នុងចំណោមអ្នកនយោបាយ ដែលមានឆន្ទៈមិនត្រូវគ្នា»។

លោក វ៉ា គឹមហុង ប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រ កម្ពុជា កាលពីម្សិលមិញ បដិសេធមិនផ្ដល់អត្ថាធិប្បាយ និងពន្យល់លើបញ្ហានៃ ការផ្ទេរផែនទី ដែលជាបញ្ហា នៅតែចម្រូងចម្រាស មិនចុះសម្រុងគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ទៅលើការបោះបង្គោលព្រំដែន រវាងកម្ពុជានិងវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ កាលពីខែ សីហា លោក វ៉ា គឹមហុងបានមានប្រសាសន៍ ក្រោយ ពីបិទបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការព្រំដែនកម្ពុជាវៀតណាម មិនបានសម្រេចចេញ កំណត់ហេតុកិច្ចប្រជុំ និងសេចក្តីព្រាងលិខិត ដែលគ្រោងនឹងដាក់ទៅ ប្រទេសបារាំង សុំជំនួយបច្ចេកទេសខាងព្រំដែន ដែលមានវិវាទនោះ បានទេដោយសារតែកម្ពុជា ប្រកាន់ជំហរ ប្រើប្រាស់គោលការណ៍ ខ្សែព្រំដែនមិនកែប្រែ ប៉ុន្តែភាគីវៀតណាមមិនឯកភាពនោះទេ។

លោក ថ្លែងថា ភាគីកម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃ គោលការណ៍ ខ្សែព្រំដែនមិនកែប្រែ នៅ ពេលកម្ពុជាបានទទួលឯករាជ្យ ពីបារាំងនៅឆ្នាំ ១៩៥៣។ តែភាគីមិត្ត មិនយល់តាម​ហ្នឹងទេ។ គាត់មានការព្រួយបារម្ភថា គោលការណ៍ហ្នឹង មិនចាំបាច់យកមកប្រើទេ ដោយ​ភាគីវៀតណាម ចង់ឲ្យប្រើប្រាស់សន្ធិសញ្ញា ដែលមានស្រាប់ ដូចជាសន្ធិសញ្ញាព្រំដែនរដ្ឋ ឆ្នាំ​១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ឬ ក៏អនុស្សរណៈយោគយល់ឆ្នាំ ២០១១។

វៀតណាម​ជារឿយៗ ធ្វើការសាងសង់រំលោភ ក្នុងតំបន់ហាមឃាត់ ក្នុងខេត្តមួយចំនួន តាមព្រំដែន ដែលមិនឯកភាពគ្នា៕