លោក ឌី ការេត ផ្ញើលិខិតរំលឹកលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យប្រឆាំងជំទាស់ផែនការ «ផ្ទេរខ្នាតផែនទីព្រំដែន»

(ចុចត្រង់នេះ សូមអានលិខិតទាំងស្រុុង / មានភ្ជាប់សេចក្តីថ្លែងការណ៍ ស៊ាន ប៉េងសែ)

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោក ឌី ការេត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ផ្ញើលិខិត ទៅលោក សម រង្ស៊ី និងលោក កឹម សុខា អំពី«ផែនការនៃការផ្ទេរមាត្រដ្ឋានផែនទី ពីខ្នាត «បោន» ១/១០០ ពាន់ មកខ្នាត «យូធីអឹម» ១/៥០ ពាន់ ដែលនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀង សួន ហ្វ៊ុក បានព្រមព្រៀងគ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នោះថា «គ្មានបំណងបញ្ជាក់ភាពត្រឹមត្រូវ តាមបច្ចេកទេស នៃការបំឡែង មាត្រដ្ឋាផែនទីដើម របស់ប្រព័ន្ធបោន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣» ទេ។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាំបាច់ត្រូវប្រើផែនទី យូធីអឹម ១/៥០ ពាន់ បានបោះបង្គោល ព្រំដែនថ្មី ជាង ៨០% រួចហើយ ដែលរំកិលចូលក្នុងទឹកដីខ្មែរ និងធ្វើឲ្យពលរដ្ឋខ្មែរ តាមព្រំដែន បាត់បង់ដីស្រែចំការ ជាបន្តបន្ទាប់។

ក្នុងលិខិតនេះ បានភ្ជាប់ជាមួយនូសេចក្តីថ្លែងការណ៍ របស់លោក ស៊ាន ប៉េងសែ ដោយរំលឹកអំពី សន្ធិសញ្ញាកំណត់ព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ថា «បានផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា នៅឆ្នាំ១៩៩១ និង ផ្ទុយពីមាត្រា៥៥ នៃ រដ្ឋធម្មនុញ្ញា ហើយនិង ប្រើផែនទី ក្នុងការបោះបង្គោលព្រំដែន ផ្ទុយពីមាត្រា២ រដ្ឋធម្មនុញ្ញ»

លោក ឌី ការេត រំលឹកថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវប្រឆាំងជំទាស់ផែនការ «ផ្ទេរខ្នាត ផែនទីព្រំដែន» ដែលរដ្ឋាភិបាលខ្មែរ និង វៀតណាម បានឯកភាពគ្នា ស្នើជំនួយបច្ចេកទេស ពី ប្រទេសបារាំងនោះ។ លោក ការេត បានអំពាវនាវដល់អ្នកស្នេហាជាតិ និងពលរដ្ឋខ្មែរ ទាំងអស់ ឲ្យប្រឆាំងជំទាស់ដាច់ខាត ចំពោះផែនការរបស់លោក ហ៊ុន សែន និងវៀតណាម ខាងលើ។

ទោះជាយ៉ាងណាក្តី លោក សម រង្ស៊ី បានប្រកាសគាំទ្រជំហរលោក ហ៊ុន សែន ក្នុងការផ្ទេរ ខ្នាតផែនទី រួចហើយ ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលធ្វើឲ្យមាន ប្រតិកម្មជំទាស់ យ៉ាង ខ្លាំងក្លា ពីក្រុមអ្នកជំនាញការព្រំដែន អ្នកសង្កេតការណ៍ និងសកម្មជនព្រំដែន ព្រមទាំង គណបក្សប្រឆាំងខ្លួនឯងផង។ (អត្ថបទដោយ ម៉ែន ណាត /ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧)
Advertisements