ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត និង​ជាអ្នកជាតិនិយម
………………………..
លោក ម៉ែន ណាត ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើត​ នៅ ភូមិ/ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៥ (ក្នុងបញ្ជីជាតិ ០១ មករា ១៩៧៦)។ ក្នុងបណ្តាញសង្គម លោក​ ម៉ែន ណាត ប្រើទំព័រហ្វេសប៊ុក ជាអក្សរឡាតាំង ឈ្មោះ «Nokor Koktlork ម៉ែន ណាត» ឬជាឈ្មោះ «នគរគោកធ្លក ដែលជារាជធានីដំបូង របស់ប្រទេសកម្ពុាជា តាំងពីសតវត្សរ៍ទី១ សព្វថ្ងៃមានទីតាំងនៅ ស្រុកអង្គរបុរី ខេត្តតាកែវ។

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែក សង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយ បញ្ចប់បរិញ្ញាប័ត្របូក១ នៅ មហាវិទ្យាល័យគរុកោសល្យ ឆ្នាំ ២០០១។

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡងជាប់ចូលមហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ នៅវទ្យស្ថានស្រាវជ្រាវសុខាភិបាល ឬសាលាពេទ្យរ៉ុស្ស៊ី។ ប៉ុន្តែលោក មិនបានជ្រើសរើសមុខវិជ្ជា ផ្នែកពិសោធន៍ នៅសាលាពេទ្យទេ។ ក្រៅពីនេះ លោក បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញមួយចំនួនទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ និង វិទ្យាសាស្រ្តនយោបាយ ផង។

លោក ម៉ែន ណាត ក៏បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តអប់រំ នៅ​​សាកល​វិទ្យាល័យ​​អាហ្គ័រឌើរ៍ (University Of Agder or UiA) ប្រទេសន័រវេស៍ (Norway) ឆ្នំា ២០១៣ ក្នុងឋានៈជាជនភៀសខ្លួន និងបានទទួលសញ្ជាតិ នៅឆ្នាំ ២០១៣ នៅប្រទេសនេះ។ លោក បានមកដល់ប្រទេស ន័រវេស៍​នេះ នៅ​ថ្ងៃទី ២៦ មករា ២០០៦។

លោក ម៉ែន ណាត ធ្លាប់ជា​មន្រ្តីរាជការ នៃការិយាល័យកំណត់ហេតុ នាយកដ្ឋាន​នីតិ​វិធី នៃ រដ្ឋសភាជាតិ ពីឆ្នាំ ​១៩៩៩ ដល់ឆ្នាំ ​​​២០០៦។ ទន្ទឹមនឹងនេះ លោក ក៏បានរៀបចំ សមាគមមន្រ្តីរាជការ នៅឆ្នាំ ២០០៤ ដែឡមានឈ្មោះពេញថា «សមាគម​មន្រ្តីរាជកការឯករាជ្យកម្ពុជា /Cambodia Independent Civil-servants Association (CICA)» ក្នុងគោល​បំណង​​លើកស្ទួយ លក្ខខណ្ឌមន្រ្តីរាជការ ជីវភាពមន្រ្តីរាជការ និង សិទ្ធិមនុស្ស។ លោក ជាដឹកនាំសមាគមនេះ រហូតដល់ឆ្នាំ ២០០៦ គឺក្រោយពេលភៀសខ្លួន ទៅកាន់ប្រទេស ន័រវេស៍ ក្នុងរឿងប្រឆាំងជំទាស់ «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម» ខែតុលា ឆ្នាំ ​២០០៥ រវាងរដ្ឋាភិបាលលោក ហ៊ុន សែន ជាមួយវៀតណាម» គឺប្រឆាំងជំទាស់សន្ធិសញ្ញានេះ ក្នុងនាមជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ឯកសារភាសាអង់គ្លេស និងខ្មែរ – Rong Chhun, Men Nath, Ir Channa, …) /(មានអត្ថបទបន្ថែម ជាភាសាអង់គ្លេស – Licadho: Men Nath, CICA President, Mr Rong Chhun, …)។

កាលនៅជានិស្សិត លោក ម៉ែន ណាត បានក្លាយជាយុវជនឆ្នើម និង ជា​មេដឹកនាំ ក្នុងចំណោម​មេដឹកនាំ នៃ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ /Students’ Movement for Democracy (SMD) ពីខែ កញ្ញា ឆ្នាំ ​១៩៩៨ ដែលជាក្រុមអ្នកជាតិមនិយម ប្រឆាំងនយោបាយ​ដឹកនាំ​របស់រដ្ឋាភិបាល លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា (ជាគណបក្ស​កុម្មុយនីស្ត) ដែលគាំទ្រដោយប្រទេស ​វៀតណាម។

រៀននៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជានិស្សិត​ម្នាក់ ក្នុងចំណោមនិសិ្សត​ក្រីក្រ មាន​ការតស៊ូព្យាយាមខ្ពស់ បានស្នាក់នៅ កុដិលេខ២ វត្តនាគវ័ន ខណ្ឌបឹងកក់ទី​២ ក្រុងភ្នំពេញ។ ជាមួយគ្នានេះ លោក ក៏ជាអ្នកសម្របសម្រួល នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើតឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅ​លើការ​លើកកម្ពស់​សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៤ លោក ម៉ែន ណាត ក្លាយជាមេដឹកនាំ រណសិរ្ស​និស្សិត​បញ្ញវន្តខ្មែរ /the Front of Khmer Students and Intellectuals (FKSI) ក្នុងចំណោម​មេដឹកនាំនិស្សិត​សំខាន់ៗខ្លះទៀត។ លោក និង លោក អ៊ុំ សំអាន មេដឹកនាំចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ ២០០២ បានផ្តួចផ្តើមគំនិត និងសម្របសម្រួល​រៀបចំឲ្យមាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។

បញ្ជាក់៖ សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមមាន៖
១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ត្រូវបានធ្វើឃាតដោយ ចារកិច្ចរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នាំជាតិ ឆ្នាំ ២០០៣។ (អត្ថបទកាសែត ថ្ងៃបូជាសពលោក ជា វិជ្ជា ២៦ មករា ២០០៤ ជាភាសាអង់គ្លេស៖ Men Nath, Prince Norodon Sirivuth, Sam Rainsy, Heng Pov, …)។
២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៏(គ.ជ.ប) ឆ្នាំ២០១៥ -២០១៧។  លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។
៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែល​សព្វថ្ងៃ​ជា​តំណាងរាស្រ្ត នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិទី៥ (២០១៣ -២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (ជាង ២ ឆ្នាំ )ពី​ខែ​មេសា ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០០៨ ក្នុងរឿងរិះគន់ ផែនទីព្រំដែន និង ប្រឆាំងជំទាស់ ការបង្គោលព្រំដែនថ្មី ជាមួយវៀតណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។
៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និង ជាប្រធាន​សហគមន៍ខ្មែរ នៅប្រទេស​ ន័វេស៍ (Norway)។
៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន នៃ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាននៅប្រទេស ន័រវេស៍ (Norway)។
៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក សហជីពសេរីកម្មករកម្ពុជា ហើយ គឺ ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ ២០០៤ ដល់សព្វថ្ងៃ។
៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការសិទ្ធិមនុស្សមួយ។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​ តាំង​ពី​កាល​នៅរៀន ហើយលោក ជាមនុស្ស​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មានការអធ្យាស្រ័យខ្ពស់ជាមួយជនទូទៅ និង ក្នុងសហគមន៍ ផង។ ក្រៅពីនេះ លោក ម៉ែន ណាត ជាមនុស្ស ដែលមានសមត្ថភាពខ្ពស់ លើកិច្ចការរដ្ឋបាល និង ជាមនុស្សយកចិត្តទុកដាក់ ចំពោះការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្សរស់នៅជាមួយឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្ត ក្នុងកិច្ច​ការងារ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅប្រទេស​ន័រវ៉េស៍ (Norway) ដើមឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និង តាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយសមាជិកឯទៀត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ក្នុង​រឿង​ជនអន្តោ​ប្រវេសន៍​​ខុសច្បាប់ ជាពិសេសជនជាតិវៀតណាតខុសច្បាប់ នៅប្រទេស​កម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួន ជាមួយខ្ញុំ ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) ពោលគឺលោក ម៉ែន ណាត ក៏​មិន​ខុស​ពីលោក ទូច វិបុល (អតីតអនុប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃ​ជា​ប្រធាន សម្ព័នអង្គការខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិក) ក៏ដូចជា​​លោក អ៊ុំ សំអាន ដែរ។ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ។ ហើយអ្វីដែលពិសេសជាងគេ គឺលោក ម៉ែន ណាត និង ខ្មែរ សុវណ្ណភូមិ ប្រៀបបាននឹង​គ្រួសារ​តែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្តដំណើរ​របស់យើង​រួមគ្នាទៅមុខ ជួយកសាង {កែទម្រង់} មាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ។
(អត្ថបទដោយលោក ប៉ាង សុខឿន, ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ /ខែសីហា ២០១៧។ /អត្ថបទបន្ថែមដោយ នគរ)

Mèn Nath - pic 2016
20140618_171114

សូមមើលវីដេអូនីមួយៗខាងក្រោម