កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានព្រមានថា លោកជាប្រមុខរដ្ឋាភិបាល មានអំណាចបំផុត ហើយលោកបញ្ជាក់ថា «គ្មានអ្នកណាម្នាក់ អាចទទឹងជាមួយ ហ៊ុន សែន បានទេ!»។ ជាមួយគ្នានេះ ក្រុមអ្នកឃ្លាំមើលនយោបាយ បានផ្តល់យោបល់ថា «កម្ពុជា កំពុងវិវត្តទៅរករបបមួយ គួរឲ្យបារម្ភ»។ តាមទស្សនៈសង្គមវិជ្ជា និងវិទ្យាសាស្រ្តនយោបាយ តែងតែរំលឹកថា «របបយោធានិយម ឬផ្តាច់ការ វានឹងផ្លាស់ប្តូរ ខណៈពេលពលរដ្ឋ កាន់តែលែងពញចិត្តនឹងការដឹកនាំនៃរបបនោះ» ។ (ដោយ ម៉ែន ណាត)
អ្នកវិភាគថា យោធាការពារមេដឹកនាំ អាចជាថ្នូរនឹងការការពារប្រយោជន៍ផ្ទាល់ខ្លួន
(ដោយ តាំង សារ៉ាដា, RFA Khmer, 16-8-2017)
អ្នកឃ្លាំមើលសង្គមខ្លះបារម្ភថា មន្ត្រីយោធាជាន់ខ្ពស់ជាច្រើន មានជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះ អាចនាំឲ្យមានវណ្ណៈសង្គមពិសេសមួយ ដែលក្រុមយោធាចេញមុខ ការពារអំណាចរបស់ នាយករដ្ឋមន្ត្រី ជាថ្នូរនឹងការការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពួកគេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បដិសេធការចោទប្រកាន់នេះ។
អ្នកវិភាគនយោបាយក្នុងស្រុក វាយតម្លៃថា កម្ពុជា កំពុងបោះជំហានដ៏ធំរបស់ខ្លួន ទៅរកវណ្ណៈសង្គមពិសេសមួយ ហើយប្រើប្រាស់អំណាចទាំងនោះ ដើម្បីកេងប្រវ័ញ្ចលុយជាតិ និង ផលលប្រយោជន៍ផ្សេងៗទៀត សម្រាប់គ្រួសាររបស់ខ្លួន។ ការវិវត្តន៍ដែលគួរភ័យខ្លាចនេះ ជាបញ្ហាដែលធ្លាប់កើតមាន នៅក្នុងប្រទេសដែលឆ្លងកាត់សង្គ្រាម និងរបបផ្ដាច់ការ ហើយឈានទៅចាប់យក លទ្ធិប្រជាធិបតេយ្យសេរី។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដោយសារតែមន្ត្រីយោធាជាន់ខ្ពស់ របស់ខ្មែរមួយចំនួន មានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាករណីដីធ្លី ករណីភាគហ៊ុន ក្នុងស្រុក និងក្រៅស្រុកជាដើមនោះ អាចនាំឲ្យក្រុមយោធា ក្លាយទៅជាក្រុមមួយ ឬវណ្ណៈមួយ ដែលនាំឲ្យពួកគេចេញមុខ ការពារអំណាចនាយករដ្ឋមន្ត្រី ក៏ដូចជាការពារអំណាច និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនឯងអ៊ីចឹងដែរ៖ «ប្រទេសមានបញ្ហាដែលគេហៅថា បញ្ហាអង្គរក្ស គឺយោធានេះឯង ហើយមួយទៀតពាក់ព័ន្ធ ជាមួយគ្នាហ្នឹងគឺការប្រើប្រាស់ កងប្រដាប់អាវុធហ្នឹង គឺធានាសន្តិសុខ និងរបបគ្រប់គ្រងហ្នឹងទៅ ហើយក្រុមយោធាហ្នឹង បានក្លាយទៅក្រុមពិសេសមួយ ដូចជាវណ្ណៈអ៊ីចឹង ដែលការពារផលប្រយោជន៍ខ្លួនឯង ជាជាងការពារប្រយោជន៍ជាតិ»។
លោកបន្តថា បញ្ហានេះដោយសារតែកម្ពុជា នៅមិនទាន់មានយន្តការតាមដាន ឬត្រួតពិនិត្យសកម្មភាពរបស់យោធា និងកងកម្លាំងនគរបាល។ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេបញ្ជាការកងទ័ពជាច្រើនបានចាប់អារម្មណ៍ខ្លាំង ចំពោះកិច្ចការថែរក្សាសន្តិសុខ ច្រើនជាងកិច្ចការពារបញ្ហាព្រំដែន តាមរយៈការធ្វើសេចក្ដីថ្លែងការណ៍ប្រឆាំង នឹងបដិវត្តន៍ពណ៌ ឬការធ្វើសមយុទ្ធ ក្នុងន័យដាក់សម្ពាធ ដល់គណបក្សប្រឆាំងជាដើម។
ក្នុងពិធីប្រារព្ធខួបលើកទី៨ នៃការបង្កើតទីបញ្ជាការកងអង្គរក្ស របស់មេដឹកនាំរដ្ឋាភិបាល ទីក្រុងភ្នំពេញ កាលពីដើមខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានចេញបទបញ្ជាឲ្យ «កងអង្គរក្សការពារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ ហើយការពារកុំឲ្យមានបដិវត្តន៍ពណ៌ នៅកម្ពុជា»។
ចំណែកឧត្ដមសេនីយ៍ផ្កាយមាស៤ លោក ជា តារា កាលពីខែកក្កដា ឆ្នាំ២០១៥ ក៏ធ្លាប់បានរំឭកថា «កងទាហានទាំងអស់ជារបស់ គណបក្សប្រជាជនកម្ពុជា ដោយសារមានតែលោក ហ៊ុន សែន ទេ ដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ដឹកនាំបញ្ជាកងទ័ព»។
ចំណែក លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ កន្លងមកព្រមាន «វាយបំបែកធ្មេញ» ចំពោះជនណាដែលហ៊ានតវ៉ាលទ្ធផលបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ។
ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា «ខណៈក្រុមមេបញ្ជាការកងទ័ព គ្រាក់ៗមួយចំនួន បានចេញមុខការពាររបបដែលដឹកនាំដោយ លោក ហ៊ុន សែន ដូច្នេះ ហាក់ធ្វើឲ្យកម្ពុជា កំពុងខិតទៅរក របបយោធានិយម អ៊ីចឹងដែរ»។
អតីតមន្ត្រីជាន់ខ្ពស់របស់ គណបក្សហ៊្វុនស៊ិនប៉ិច លោក ឡឺ ឡាយស្រេង មានប្រសាសន៍ថា ប្រសិនបើក្រុមមេទ័ពកំពូលៗរបស់ជាតិ ចេញមុខការពារអំណាចរបស់ នាយករដ្ឋមន្ត្រី ដូច្នេះកម្ពុជា កំពុងបោះជំហានកាន់តែខ្លាំងទៅរបបយោធានិយម ដ៏ពិតប្រាកដ៖ «បើធ្វើអ៊ីចឹង គឺវាជារបបយោធាសុទ្ធសាធហើយ។ ប៉ុន្តែរបបយោធានហ្នឹង អាចបរាជ័យណា។ មិនមែនតែស្រុកខ្មែរទេ មានស្រុកច្រើនណាស់ ដែលប្រើរបបយោធាទៅ ហើយបរាជ័យ ដូចជាអ៊ីរ៉ាក់ ជាដើម»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោល ចំពោះការវិភាគ និងទស្សនៈទាំងនេះ៖ «យើងដឹងហើយថា កងទ័ព ឬកងកម្លាំងប្រដាប់អាវុធជាឧបករណ៍ដាច់ថ្លៃរបស់ប្រជាជន។ អ៊ីចឹងត្រូវការពារប្រជាជន ការពារដឹកដីរបស់ប្រជាជន និងការពាររាជរដ្ឋាភិបាលរបស់ប្រជាជន។ អ៊ីចឹងអត់មានខុសអីទេ។ គោលការណ៍ហ្នឹង គឺច្បាស់លាស់ហើយ»។
ក្រៅពីការគំរាមកំហែងរបស់ ក្រុមយោធាក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអំណាចនាយករដ្ឋមន្ត្រីបច្ចុប្បន្ននោះ ពេលខ្លះគេឃើញរូបថតមានរបស់ លោក ហ៊ុន សែន ក្នុងឯកសណ្ឋានយោធា ដែលផ្កាយមាសប្រាំនៅលើស្មា ត្រូវបានគេដាក់តាំង នៅតាមទីសាធារណៈជាហូរហែ ដូចគ្នាទៅនឹងមេដឹកនាំផ្ដាច់ការ មួយចំនួន ដែលតែងស្លៀកឯកសណ្ឋានយោធា។ ជាពិសេស ដូចរូបថតរបស់ លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) អតីតមេដឹកនាំប្រទេសលីប៊ី (Libya)។ លោក សាដាម ហ៊ូសេន (Saddam Hussein) អតីតមេដឹកនាំប្រទេសអ៊ីរ៉ាក់ (Iraq)។ លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) អតីតមេដឹកនាំប្រទេស គុយបា (Cuba) លោក ថាន ស្វេ (Than Shwe) អតីតមេដឹកនាំប្រទេស មីយ៉ាន់ម៉ា (Myanmar) និង បណ្ដាមេដឹកនាំប្រទេសផ្ដាច់ការយោធា មួយចំនួនទៀត។
ទោះជាយ៉ាងណាក៏ដោយ អតីតមន្ត្រីជាន់ខ្ពស់របស់ គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង អះអាងថា របបយោធានិយម ជារបបមួយមិនអាចនៅស្ថិតស្ថេរបានយូរអង្វែងនោះទេ ខណៈពលរដ្ឋនៃរបបនេះ តែងរងនូវការគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន របស់មនុស្ស៕