Monthly Archives: August 2017

អ្នក​ឃ្លាំមើល​ព្រំដែនខ្មែរថា ហ៊ុន សែន ធ្វើឲ្យបាត់បង់ កោះត្រល់ និង កោះក្រចកសេះ ហើយថា វៀតណាម​ ​ប៉ុនប៉ង​លេប​​ទឹក​ដី​កម្ពុជា

ctn_2_vov_ht

ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​ ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​កម្មវិធី​សហប្រតិបត្តិការ​ រវាង​អង្គការ​រណសិរ្ស​ទាំង ៣ ​ប្រទេស មាន​កម្ពុជា វៀតណាម ឡាវ ថាអាច​ជា​មហិច្ឆតា​របស់​វៀតណាម ក្នុង​ការ​លេប​យក​កម្ពុជា ដើម្បី​ពង្រីក​អំណាច ​សហព័ន្ធ​ឥណ្ឌូចិន។

Update 18-8-2017 /(ដោយ តាំង សារ៉ាដា, RFA, 10th-12-2011)

ក្រុម​អ្នក​ឃ្លាំមើល​អំពី​បញ្ហា​ព្រំដែន​កម្ពុជា នៅ​ឯ​នាយ​សមុទ្រ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចុះ​អនុស្សរណៈ ស្ដីពី​កម្មវិធី​សហ​ប្រតិបត្តិការ ​រវាង​អង្គការ​រណសិរ្ស​ទាំង​បី​ប្រទេស មាន​កម្ពុជា វៀតណាម ឡាវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នោះ​ថា អាច​ជា​ល្បិចកល​របស់​វៀតណាម ក្នុង​ការ​លេប​ត្របាក់​ប្រទេស​កម្ពុជា ហើយ​ពង្រីក​ទឹក​ដី​របស់​ខ្លួន​ប៉ុណ្ណោះ។

អនុស្សរណៈ​រវាង​ប្រទេស​បី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​កសាង​ ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​វៀតណាម ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ចំហ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដូចគ្នា​ទៅ​នឹង​ការ​បើក​ចំហ​ព្រំដែន ​រវាង​វៀតណាម និង​ឡាវ ដូច្នោះ​ដែរ។

លោក ស៊ាន ប៉េងសែ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង មាន​ប្រសាសន៍​ថា វៀតណាម​កំពុង​ប្រើ​គ្រប់​រូបមន្ត ដើម្បី​ពង្រីក​ទឹក​ដី​របស់​ខ្លួន ពីព្រោះ​វៀតណាម​មាន​ប្រជាជន​ជាង ៨០​លាន​នាក់ ដែល​ត្រូវ​ការ​ផ្ទៃដី​ថែម​ទៀត ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់​គេ។

លោក ស៊ាន ប៉េងសែ៖ «ពីព្រោះ​ខ្ញុំ​ដឹង​យូរ​ហើយ ហើយ​កូនចៅ​របស់​យើង​ទាំង​អស់​គ្នា​ដឹង​យូរ​មក​ហើយ​ថា យួន​ហ្នឹង​មិន​ចង់​ឲ្យ​ខ្មែរ​យើង​ចេញ​ពី​ឥណ្ឌូចិន ដែល​បារាំង ទុក​ឲ្យ​ទេ ពីព្រោះ​ហេតុផល​ធំ​បំផុត​ហ្នឹង វា​មាន​ប្រជាជន​ច្រើន​ណាស់ ជាង ៨០​លាន ហើយ​ឡាវ មាន​មិន​ដល់ ៦ ទៅ ៧​ លាន អី​អ៊ីចឹង​ទៅ ហើយ​ខ្មែរ​យើង​មាន​ប្រជាជន ១៤ លាន​នាក់ ហើយ​ពី ៣ ទៅ ៤​ លាន​ហ្នឹង សុទ្ធតែ​ប្រជាជន​យួន។ ដូច្នេះ​យួន​គាត់​ត្រូវការ​ទឹក​ដី ដើម្បី​ឲ្យ​ប្រជាជន​គេ​មក​នៅ​ជាមួយ​យើង»

អនុស្សរណៈ​ស្ដីពី​កម្មវិធី​សហ​ប្រតិបត្តិការ ​រវាង​អង្គការ​រណសិរ្ស​ទាំង​បី​ប្រទេស​នេះ បាន​ដឹកនាំ​ធ្វើ​ឡើង​ដោយ​លោក ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា ភាគី​វៀតណាម មាន​លោក ហ្វិញ ដាម ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស​រណសិរ្ស​មាតុភូមិ​វៀតណាម រី​ឯ​ភាគី​ឡាវ មាន​លោក ផាញ់ ដួងចិត្ត វស្សា  ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ហើយ​ភាគី​ទាំង​បី​បាន​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​ខិតខំ​ថែ​រក្សា​នូវ​លទ្ធផល​ទាំង​ឡាយ ​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ពង្រីក​ប្រពៃណី​ដ៏​ល្អ​នៃ​ប្រទេស​ទាំង​បី និង​ប្ដេជ្ញា​ចិត្ត​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្មារតី សម្ភារៈ និង​ថវិកា រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ខេត្ត ហើយ​ថ្នាក់​ស្រុក និង​ថ្នាក់​ស្រុក។

របាយការណ៍​របស់​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា​តែង​បាត់បង់​ទឹក​ដី​របស់​ខ្លួន ​តាម​រយៈ​ការ​ចុះ​សន្ធិសញ្ញា ឬ​ការ​ចុះ​អនុស្សរណៈ​ផ្សេងៗ ជាមួយ​ប្រទេស​វៀតណាម។ ក្រុម​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កិច្ច​ព្រមព្រៀង​ព្រំដែន​ទឹក​រវាង​កម្ពុជា ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​វៀតណាម បាន​បាត់​ព្រំដែន​ទឹក​ទំហំ ៣​ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​រួម​ជាមួយ​វៀតណាម ទំហំ ១​ ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ផ្សេង​ទៀត ដើម្បី​រក​រួម​គ្នា​ជាមួយ​វៀតណាម។ កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ នេះ​ បាន​នាំ​ឲ្យ​ខ្មែរ​បាត់បង់​ កោះ​ត្រល់ និង​ កោះ​ក្រចក​សេះរបស់​ខ្លួន ដែល​មាន​ទំហំ​ស្មើ​ប្រទេស​ប៊ែលហ្ស៊ិក (Belgium) ទាំង​មូល។ 
ចំពោះ​សន្ធិសញ្ញា​មួយ​ទៀត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​លោក​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​ឡើង​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម កាល​ពី​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៩៨៥ កំណត់​ហេតុ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ក្នុង​ប្រទេស​បារាំង បាន​ឲ្យ​ដឹង គឺ​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ព្រោះ​សន្ធិសញ្ញា​នេះ​បាន​ធ្វើ​ឡើង​ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

កំណត់ហេតុ​របស់​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ក្នុង​ប្រទេស​បារាំង ចាត់​ទុក​ថា សន្ធិសញ្ញា​ច្បាប់​ឆ្នាំ​១៩៨៥ នេះ បាន​ធ្វើ​ឲ្យ​បាត់​ព្រំដែន​គោក​របស់​កម្ពុជា ប្រមាណ​ពី ៤​ ពាន់ ទៅ ៦ ​ពាន់​គីឡូម៉ែត្រ​ក្រឡា

ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​នេះ​ដែរ លោក ស៊ាន ប៉េងសែ បាន​បន្ទោស​ទាំង​ស្រុក​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​វៀតណាម ដោយ​ខុស​ច្បាប់៖ «ក្មួយ​ឯង​ឃើញ​ស្រាប់​ថា ខ្ញុំ​មាន​អាយុ ៧៤​ឆ្នាំ ហើយ​ថា អ្នក​ណា​ដែល​ហ៊ាន​ទទួល​ស្គាល់​កោះ​ត្រល់ កោះ​ពូលូប៉ងហ្សង់​ហ្នឹង ជា​របស់​យួន​ហ្នឹង រួច​ខ្ញុំ​និយាយ​រួច​ហើយ​ថា អ្នក​ណា​ដែល​ទទួល​ស្គាល់​ដី​ខ្មែរ​ថា ជា​របស់​គេ​ហ្នឹង​គឺ​ជា​មនុស្ស​ក្បត់​ជាតិ អ្នក​ណា​ក៏ដោយ ឪពុក​ខ្ញុំ​ក៏ដោយ។ សម្រាប់​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​មនុស្ស​ក្បត់​ជាតិ»Read more

Advertisements