3-HunSen_27

ឧកញ៉ា ទ្រី ភាព ដែល​មាន​អំណាច​បំផុត ​នៅ​កម្ពុជា ត្រូវ​បាន​គេ​រាយការណ៍​ថា គាត់​ បាន​រក​ចំណេញ​ខុស​ច្បាប់​ជាង ២២០ លាន​ដុល្លារ​អាមេរិក ពី​ការ​កាប់​ឈើ​ប្រណីត​ រយៈ​ពេល ៣ ឆ្នាំ នៅ​ជួរ​ភ្នំ​ក្រវាញ {ដោយមិនទាន់រាប់បញ្ចូលពីតំបន់ផ្សេងៗទៀតផង} (កាសែតភ្នំពេញប៉ុស្តិ៍ ខែតុលា ២០១៤)។ សូមចុចត្រង់នេះ អានលំអិតលោក ទ្រី ភាព រាប់គ្នាជាប្អូនធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយានាយករដ្ឋមន្រ្តី ហ៊ុន សែន។

ចំណែកក្រុមហ៊ុន ឧកញ៉ា គិត ម៉េង ក៏ចូលរួមកាប់បំផ្លាញ និងរកស៊ីឈើប្រណិត នាំចេញទៅកាន់ប្រទេសវៀតណាម។ លោក គិត ម៉េង គឺជាឈ្មួញដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន និងគ្រួសាររបស់លោកតែម្តង ព្រមទាំងជួយឈរឈ្មោះឲ្យក្រុមហ៊ុនមួយចំនួន ជូនលោកស្រី ហ៊ុន ម៉ាណា ជាកូនស្រីលោក្ ហ៊ុន សែន ដូចតំបន់កំសាន្ត កោះរ៉ុង ជាដើម។ សូមចុចអានលំអិត

ក្រៅពីនេះនៅមាន ពួកឧកញ៉ា រកស៊ីបំផ្លាញព្រៃឈើជាច្រើនទៀត ដែលគេអាចរាប់ឈ្មោះបាន ដូចជា ហ៊ុន ជា ជាក្មួយប្រុសរបស់លោក ហ៊ុន សែន, ភរិយាលោក ហ៊ុន ណេង ជាបងថ្លៃរបស់លោក ហ៊ុន សែន, លឹម ប៊ុណ្ណា ជាសាច់ញាតិរបស់ក្រុមគ្រួសារលោក ហ៊ុន សែន និង សឹង សំអុល ជាដើម។ល។ (អត្ថបទដោយ ម៉ែន ណាត)


ហ៊ុន សែន «សន្យាកាត់ក» ពីឆ្នាំ២០០២ បរាជ័យរឿងទប់ស្កាត់ការបំផ្លាញព្រៃឈើ ប៉ុន្តែឥឡូវប្តូរពាក្យថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល ហ៊ុន សែន​»!


លោក​ ហ៊ុន សែន ចាត់ទុក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល» ​របស់​លោក

(Phnom Penh Post, ផាក់ ស៊ាងលី, 23-8-2017)

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា​ស្អប់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ចាត់ទុក​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ «​ដូច​កាប់​ក្បាល​» ​របស់​លោក ខណៈ​ដែល​សកម្មជន​បរិស្ថាន​ បាន​ធ្វើការ​រិះគន់​តាំងពី​យូរ​មក​ហើយ​ថា បទល្មើស​ព្រៃឈើ​ ដែល​នៅ​តែ​កំពុង​បន្ត​កើតឡើង​ រាប់​ទសវត្សរ៍​មក​ហើយ​នេះ​ ភាគច្រើន​បង្ក​ឡើង​ដោយ ឧកញ៉ា និង ​មន្ត្រី​មាន​អំណាច ​មួយ​ចំនួន​។

ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ​ស្តីពី​ «​ការ​ការពារ និង ​អភិរក្ស​ធនធាន​ធម្មជាតិ​» ​នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ៨០០ ​នាក់​ មកពី​ស្ថាប័ន​ពាក់ព័ន្ធ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​លោក ​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ​ ហើយ​ចាត់​ទុក​ការ​កាប់​ឈើ​ ដូចជា​ «​ការ​កាប់​ក្បាល» ​របស់​លោក​អ៊ីចឹង​ដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ វា​មិន​ខុស​ពី​ការ​កាប់​ក្បាល​ខ្ញុំ​ករុណា​ខ្ញុំ​ទេ​។ អ៊ីចឹង​បាន​ខ្ញុំ​ករុណា​ខ្ញុំ​ស្អប់​ណាស់​ អា​មនុស្ស​កាប់​ឈើ បំផ្លាញ​ព្រៃឈើ​នេះ​។ រៀងរាល់​ប្រជុំ​គណបក្ស ខ្ញុំ​តែង​រំឭក​ហើយ​ថា​ កុំ​អត់​ឱន​ជាមួយ​អ្នក​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទោះបី​អ្នក​នោះ​មាន​ឋានៈ​ស្អី​ក៏ដោយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​អ្នក​ខ្លះ​រស់នៅ​​ក្នុង​រាជធានី​ភ្នំពេញ តែ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនគិរី ឬ​ខេត្ត​មណ្ឌលគិរី​ជាដើម​។ អ៊ីចឹង​នៅ​ភ្នំពេញ​ គេ​ចាត់​ទុក​ថា​ «​ជា​ឈ្មួញ ឬ​ឧកញ៉ា​ល្អ​»​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ឯ​ខេត្ត​ទាំង​នោះ​ ដែល​ខាត​ផលប្រយោជន៍​ ដោយ​ការ​កាប់​ព្រៃឈើ​នោះ​ គឺ​បាន​ចាត់​ទុក​អ្នក​កាប់​ឈើ​នោះ​ថា​ «​ជា​ឧក្រិដ្ឋជន​ក្នុង​តំបន់​នោះ​ទៅ​វិញ​ទេ​»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គេ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ ​ក្នុង​នាម​ជា​អ្នក​កាប់​ឈើ តែ​គេ​មក​ចូលរួម​កសាង​បន្តិចបន្តួច នៅ​ខេត្ត​កំពង់ចាម កណ្តាល រួច​ហើយ​អ្នក​ខេត្ត​កំពង់ចាម កណ្តាល គិត​ថា​អា​នេះ​វា​ល្អ​។ ចេះ​តែ​នាំ​គ្នា​ថា​ល្អ​ទៅ ប៉ុន្តែ​ត្រូវ​មើល​ប្រវត្តិ​»​។ លោក​បន្ត​ថា​ បើ​មាន​បាន​ដោយសារ​ការ​រកស៊ី​កាប់​ឈើ ឬ​បំផ្លាញ​ព្រៃឈើ​នេះ​វា​គឺជា​រឿង​ «​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​»​។

ទោះ​យ៉ាង​ណា​ប្រមុខ​រដ្ឋាភិបាល​ បញ្ជាក់​ថា​៖ «​អ៊ីចឹង​អា​រឿង​ព្រៃឈើ​នេះ យើង​បាន​ខិតខំ​ច្រើន​ណាស់​។ តែ​ដូច​បាន​និយាយ​អ៊ីចឹង​។ អស់​អា​ធំ​ [​បទល្មើស​ធំ​] វា​នៅ​សល់​អាតូច តែ​អា​ធំ ក៏​នៅ​មាន​…​ដែរ ព្រោះ​ឥឡូវ​រណារ​បច្ចុប្បន្ន​នេះ អស់​ទាស់​ហើយ​។ ពី​ដើម​ប្រើ​ដឹង កាប់​ ៣ ​ថ្ងៃ​មិន​ទាន់​រលំ​ ១ ​ដើម​ផង​។ តែ​ឥឡូវ​ដាក់​ប៉ាច់​ដួល កាត់​ជា​កង់ៗ​ដឹក​ទៅ​…​ថា ​គ្រឿង​ញៀន​ទៅ​វា​លំបាក គេ​លេប​ក្នុង​ពោះ​…​តែ​ឈើ​ វា​ទៅ​រួច​ ព្រោះ​ឈើ​វា​ដាក់​លើ​ឡាន​ពេញៗ​»​។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​បាន​ចាប់ផ្តើម​ហាមឃាត់​ការ​នាំ​ចេញ​ឈើ​ តាំងពី​ឆ្នាំ​ ១៩៩៨ ​មក​ម៉្លេះ ហើយ​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​នេះ​បម្រាម​នេះ​ នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ​ដែល​រួមមាន​ទាំង​ការ​មិន​ដំណើរការ​ឡើង​វិញ​ នូវ​ការ​កាប់​ឈើ​ហុប​យក​ទៅ​កែច្នៃ​ ក្នុង​រោងចក្រ​វិញ​នោះ​ទេ​។ ប៉ុន្តែ ​លោក​បាន​ឲ្យ​ក្រសួង​កសិកម្ម ​ធ្វើការ​ពិចារណា​លើ​ការ​កាប់​ឈើ​ សម្រាប់​តម្រូវការ​ក្នុង​ស្រុក ដូចជា​ ធ្វើ​សាលារៀន វត្ត​អារាម ធ្វើ​អុស និង​ លំនៅឋាន​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន ក៏​បាន​ធ្វើការ​រិះគន់​ក្រុម​បរទេស​ដូចជា​ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក Global Witness ថា​ជា​​ស្ថាប័ន​ «​ចង្រៃ​សុទ្ធ និង​មេ​ពេស្យា​»​។ «Global Witness រឿង​ចាប់ផ្តើម​ពី​ទៅ​យក​ប្តី​គេ​។ ខ្ញុំ​និយាយ​ទៅ​ច្បាស់​ទៅ​យក​ប្តី​គេ​ទេ​។ ដល់​ប្រពន្ធ​គេ​ទៅ​​រក​រឿង​ថា ​ថៅកែ​កាប់​ឈើ​អ្នក​ទៅ​រក​រឿង​។ បាន​ចេះ​តែ​កើត​ជា​រឿង​បន្តបន្ទាប់ៗ​។ ឥឡូវ​សរសេរ​សុទ្ធ​តែ​រឿង​អី “​ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់ លក់​”​។ រួច​ហើយ​ចេះ​តែ​បន្ត​ទៅ​។ ចាប់ផ្តើម​ចេញ​ពី​អាហ្នឹង ក៏​ប្រមាថ​ចំពោះ​ត្រកូល​ ហ៊ុន ​រហូត​ដល់​ហ៊ាន​…​គេ​សម្លាប់​ត្រកូល​ ហ៊ុន សូម្បី​តែ​កូន​ក្នុង​អង្រឹង​។ ​ត្រង់​ចំណុច​នេះ​ហើយ​ខ្ញុំ​ប្រកាស​សង្គ្រាម​មុន​តែ​ម្តង ​មិន​ឲ្យ​អ្នក​ឯង​ធ្វើ​ផ្តេសផ្តាស​។ ត្រកូល​ ហ៊ុន ​មិនមែន​ជា​ត្រកូល ​សម្រាប់​អ្នក​ឯង​សម្លាប់​ទេ​»​។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​ថា​ «​ព្រៃ​របស់​កម្ពុជា​បាត់​អស់​រលីង​» ​នោះ លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​​របស់​លោក​បញ្ជាក់​ថា ​បច្ចុប្បន្ន​គម្រប​ព្រៃឈើ​កម្ពុជា​ នៅ​សល់​ប្រមាណ​ជា ៤៩ ភាគរយ​រួម​នឹង​ព្រៃ​នៅ​តំបន់​អភិរក្ស​ដទៃ​ទៀត​។ លើស​ពី​នោះ​ នៅ​ពេល​ខាង​មុខ​គម្រប​ព្រៃឈើ​ គឺ​កាន់​តែ​ធំ​ទៀត​ដោយ​បូករួម​នឹង​ផ្ទៃដី​ចំការ​កៅស៊ូ​ជិត ១ ​លាន​ហិកតា​ ដែល​ធំ​ជាង​ចម្ការ​កៅស៊ូ​ វៀតណាម ដែល​មាន​ត្រឹម​តែ​ជិត​ កន្លះ​លាន​ ហិកតា​ប៉ុណ្ណោះ​។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​ទទួល​បាន​ពាន​រង្វាន់​បរិស្ថាន​ពិភពលោក (The Goldman Environmental Prize) យល់​ឃើញ​ថា ​បទល្មើស​ព្រៃឈើ​បាន​កំពុង​តែ​បន្ត​កើតឡើង​រាប់​ទសវត្សរ៍​មក​ហើយ ដែល​មាន​ក្រុម ​ឧកញ៉ា​ មួយ​ចំនួន និង​ អ្នក​មាន​អំណាច​មួយ​ចំនួន ​ជា​អ្នក​ប្រព្រឹត្ត​។

ប៉ុន្តែ​លោក ​បាន​កត់សម្គាល់​ថា ​ជាទូទៅ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ពិតប្រាកដ ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ដោយសារ​តែ​មន្ត្រី​ខ្លះ ​មាន​ការ​ទទួល​ផលប្រយោជន៍​ណា​មួយ​ ពី​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​។ លោក ឡេង បាន​លើក​ជា​ឧទារណ៍​ថា ​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ល្បី​ឈ្មោះ ​​ធ្លាប់​បាន​សារភាព​ប្រាប់​អ្នក​កាសែត​ថា​ លោក ​បាន​ឧបត្ថម្ភ​ដល់​ក្រុម​យោធា និង​ជួយ​គណបក្ស​ប្រជាជន​ជាច្រើន​។

លោក ឡេង និយាយ​ថា​៖ «​គាត់​ (​ហ៊ុន សែន​) ​ទទួល​ស្គាល់​ការពិត​ដែល​មិន​អាច​ឃាត់​អ្នក​កាប់​ឈើ​បាន​។ គាត់​ស្រែក​យ៉ាង​ណា​ក៏​នៅ​តែ​កាប់​ដដែល​។ អ៊ីចឹង​គឺ​ហាក់បី​ដូចជា​ការ​កាប់​ក្បាល​គាត់​អ៊ីចឹង​…​ការ​ចាត់​វិធានការ​គាត់​នៅ​ខ្សោយ​។ មាន​ការ​ឃុបឃិត និង​ពុករលួយ​។ កុំ​បន្ទោស​ពលរដ្ឋ​ក្រីក្រ​រកស៊ី​ឈើ​»​។ លោក​បន្ត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បញ្ជា​ឲ្យ​ចាប់​ ឧកញ៉ាៗ​ រកស៊ី​ឈើ​ខុស​ច្បាប់​ដែរ តែ​រហូត​មក​ទល់​​នឹង​ពេល​នេះ​ មិន​ទាន់​ឃើញ​ចាប់​ឧកញ៉ា​ណា​ម្នាក់​នោះ​ទេ​។ លើស​ពី​នោះ​ ក៏​មាន​មនុស្ស​ខ្លះ​ កំពុង​តែ​ជួយ​លាក់​កំបាំង​ បទល្មើស​ព្រៃឈើ​ ឲ្យ​តែបែរ​ជា​មក​​ទម្លាក់​កំហុស​ លើ​ពលរដ្ឋ​តូចតាច​ទៅ​វិញ។ លោក អ៊ូច ឡេង​ ក៏បាន​កត់​សម្គាល់​​ឃើញ​ថា គម្រប​ព្រៃឈើ​ធម្មជាតិ​កម្ពុជា នៅ​សល់​ប្រមាណ​ជា ២០ ភាគរយ​ប៉ុណ្ណោះ។

ថ្លែង​កាល​ពី​ល្ងាច​ ម្សិលមិញ Tracy Farrell នាយក​ប្រចាំ​តំបន់​ របស់​កម្មវិធី​មហា​ទន្លេ​មេគង្គ​សម្រាប់​អង្គការ​អភិរក្ស​អន្តរជាតិ បាន​ថ្លែង​ថា៖ «សរុប​ទាំង​មូល​តាំង​ពី​ឆ្នាំ​មុន ហាក់​បី​ដូចជា មាន​​ភាព​រីក ចម្រើន​មួយ​ចំនួន​ពី​វេទិកា​ទី​មួយ ប៉ុន្តែ​នៅ​វេទិកា​ទីពីរ ហាក់​បី​ដូចជា​មាន​ការ ផ្តោត​​ច្រើន​ជាង​ទៅ​លើ​កម្រិត​សហគមន៍​ ដែល​អស្ចារ្យ​ណាស់ ប៉ុន្តែ​វា​នឹង​ល្អ​ផង​ដែរ ​ប្រសិន​បើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន ​ទៅ​លើ​ការ​អនុវត្ត​ទាំង​មូល»។

ជា​មួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ប្រាប់​អង្គ​វេទិកា ដែល​ទំនង​ចង់​សំដៅ​ដល់​លោក សម រង្ស៊ី ថា៖ «ព្រៃឈើ​ធម្មជាតិ​យើង​កំពុង​ខំ​ប្រឹង​ការពារ វាបូក​ជាមួយ​ដាំ​បន្ថែម តែ​គេ​និយាយ វាជា​ការ​ប្រមាថ​ប្រទេស​មួយ​ស្ទើរ​តែ​ក្លាយ​ជា​តំបន់​សា​ហារ៉ា​ខាង​លិច​ទៅ​ហើយ។ នេះ​ហើយ​ជា​អំពើ​ពិសពុល​របស់​ពួកគេ..ខ្ញុំ​សុំ​និយាយ​ថា ​អ្នក​ឯង​ប្រឹង​រហូត​ងាប់​ទាំង​ខ្លួន​ទៀត ក៏​មិន​អាច​កាន់​អំណាច​នៅ​ស្រុក​ខ្មែរ​បាន​ដែរ។ ចរិត​អ្នក​ឯង​បែប​នេះ គ្មាន​អ្នក​ណា​ឲ្យ​កាន់​ទេ»។ លោក​ហ៊ុន សែន បាន​​ចោទ​សួរ​ថា៖ «ហេតុអី​បាន​ត្រូវ​ការ​សម្លាប់​ហ៊ុន សែន។ ហេតុអី​បាន​ចាំ​បាច់​ត្រូវ​ប្រមាថ​ដល់​ កូន​ចៅ​របស់​ ហ៊ុន សែន? ប៉ះ​ហ៊ុន សែន​មួយ​តើ​ប៉ះ​មនុស្ស​ប៉ុន្មាន​នាក់? អ្នក​បោះ​ឆ្នោត​ឲ្យ​ ហ៊ុន សែន គណបក្ស​ប្រជាជន គឺ​តិច​ណាស់​ទៅ? ចំនួន​ច្រើន​ជាង​ពួក​លោក​ឯង។ លោក​ឯង ​ត្រូវ​យល់​ពី​កន្លែង​ហ្នឹង ហើយ​កម្លាំង​ប្រដាប់​អាវុធ ​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ ក៏​មិន​ឲ្យ​អ្នក​ឯង ​មក​ត្រួត​ត្រា ​លើ​កម្លាំង​ប្រដាប់​អាវុធ​ដែរ។ ខ្ញុំ​សុំ​ព្រមាន​អ្នក​ឯង»។

ក្នុង​ឱកាស​នោះ​ ក៏​មាន​ការ​លើក​ជា​សំណួរ និង​សំណូមពរ​របស់​សហគមន៍ តារា​ចម្រៀង សកម្មជន​បរិស្ថាន ​ទៅ​កាន់​​លោក​នាយក​រដ្ឋមន្រ្តី​ផងដែរ។ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ និង​អភិរក្ស​ធនធាន​ធម្មជា​តិ​ នៅ​កម្ពុជា។ ប៉ុន្តែ​ក៏​បាន​រិះគន់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ លើ​អង្គការ ​ដែ​លបាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ហើយ​បែរ​ជា​យក​ជន​ជាតិ​របស់​ខ្លួន ​មក​ធ្វើការ​ជា​ជំនួយ​ការ​បច្ចេក​ទេស ដើម្បី​យក​ប្រាក់ខែ​លើ​ប្រាក់​ជំនួយ​នោះ​វិញ។

«និយាយ​តាម​ត្រង់ ​អត់​មាន​សល់​ម៉ាសេន​ទេ។ ជួយ​ខាង​បរិស្ថាន​សួរ​ថា យក​បុគ្គលិក​ខ្មែរ​ បាន​ប៉ុន្មាន​នាក់? បុគ្គលិក​ខ្មែរ​តិច​តួច​ណាស់។ គេ​ជួយ​ម៉ា​លាន​តែ​យក​ទៅ​វិញ​អស់ ៨០ ម៉ឺន​បាត់​ហើយ ព្រោះ​តាម​រយៈ​ដោះ​ស្រាយ​ការងារ​ ឲ្យ​ពលរដ្ឋ​គេ ​មក​ធ្វើ​ការ​នៅ​កម្ពុជា»។ ក្រៅ​ពីនេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ក៏បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ​ដល់​សហគមន៍​ព្រៃឈើ​ប្រមាណ​ជា ៣០០ ផងដែរ ចាប់​ពី​ខែ មករា ឆ្នាំ ២០១៨ ខាង​មុខ។ ក្នុង​នោះ​សហគមន៍ ១ នឹង​ទទួល​បាន​ប្រាក់ ៤ លាន​រៀល សម្រាប់​ប្រើ​ប្រាស់​ការពារ​បរិស្ថាន។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា ដែល​តំណាង​អង្គការ​អភិរក្ស​ចំនួន ៧ កំពុង​មាន​សកម្មភាព​នៅ​កម្ពុជា បាន​ស្នើ​សុំ​ប្រមុខ​រដ្ឋាភិបាល​គាំទ្រ​គម្រោង​ស្តារ​ខ្លា​ដំបង​ឡើង​វិញ ​នៅ​តំបន់​អភិរក្ស​ខេត្ត​មណ្ឌលគិរី និង​បង្កើន​ថវិការបស់​ក្រសួង​បរិស្ថាន ពី ០.៤ ភាគរយ (ប្រហែល​ ២០ លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៧) ទៅ​ ២% ​នៃ​ខ្ទង់​ថវិកា​ជាតិ ប្រចាំ​ឆ្នាំ ទៅ​តាម​ទំហំ​ការ​ងារ​ដ៏ធំ​ធេង​របស់​ក្រសួង។ ក្នុង​នោះ ១% នឹង​ត្រូវ​ចំណាយ​លើ​ការងារ​អភិរក្ស​ធនធាន​បរិស្ថាន នៅ​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​របៀង​សត្វ​ព្រៃ។

លោក​នាយក​រដ្ឋ​មន្រ្តី ​បាន​គាំទ្រ​គម្រោង​ស្តារ​ខ្លា​ដំបង​ឡើង​វិញ​នោះ ហើយ​ការ​បង្កើន​ថវិកា​វិញ គឺ​រដ្ឋាភិបាល​ នឹង​បង្កើន​​ក្នុង​រង្វង់​ ២០ ​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​ ២០១៧ ​នេះ៕

Advertisements