13EBBBF0-E42A-46D5-B1A4-ACC960BCDF99_w650_r0_s

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក (USA) លោកស្រី Heather Nauert ធ្វើសន្និសីទសារព័ត៌មាន អំពីស្ថានភាពតានតឹងនយោបាយនៅកម្ពុជា ដែលរដ្ឋាភិបាល ហ៊ុន សែន បានព្រមានបិទ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង កាសែត The Cambodia Daily ហើយរឹតបន្តឹងលើសេរីភាព នៃការបញ្ចេញមតិ និង អង្គការសង្គមស៊ីវិល មុនការបោះឆ្នោតជាតិ ឆ្នាំ ២០១៨។ វិទ្យុ VOA Khmer និងវិទ្យុ RFA Khmer ក៏ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យផ្អាក ការផ្សាយបន្ត ជាមួយវិទ្យុក្នុងស្រុក កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧។ (ដោយ ម៉ែន ណាត)


អាមេរិក​ ស្នើ​ឲ្យ​កម្ពុជា ​កុំ​បណ្តេញ​អង្គការ និង​សារព័ត៌មាន​ឯករាជ្យ

(VOA, ដោយ សុខ ខេមរា, 24-8-2017)

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ​អនុញ្ញាត​ឲ្យ​អង្គការ និង​សាព័ត៌មាន​ឯករាជ្យ បន្ត​កិច្ចការ​របស់​ពួកគេ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ការ​ទទូច​ដូច្នេះ​កើត​ឡើង ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ​ព្រមាន​បណ្តេញ​អង្គការ​របស់ សហរដ្ឋអាមេរិក (ស.រ.អា) និង ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ហេតុផល​ផ្សេងៗ។

ក្រសួង​ការបទេស ​ស.រ.អា.បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បន្ត​ច្បាប់​ជូន​អង្គការ​ឯករាជ្យ​នានា​ សារព័ត៌មាន​ឯករាជ្យ​នានា​ ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) របស់​ ស.រ.អា.​ និង​កាសែត ​The Cambodia ​Daily ​ជាដើម ​ដោយ​មិន​ត្រូវ​បណ្តេញ​ចេញ​ ឬ​បញ្ឈប់​សកម្មភាព​ពួកគេ​ទេ។​ ការនេះ​គឺ​ដើម្បី​ធានា​ភាព​សេរី និង​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត។​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ម្នាក់ ​គឺ​អ្នកស្រី ​Heather Nauert ​បាន​ទទូច​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​អង្គការ​ វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ ​NDI និង ​កាសែត​ The Cambodia Daily ​ហើយនឹង​អង្គការ​ព័ត៌មាន ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ផ្សេងទៀត ​បន្ត​សកម្មភាព​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ។ ដូច្នេះ​ ការ​បោះឆ្នោត​ជាតិ​ នៅឆ្នាំ​ ២០១៨ ​អាចប្រពឹត្ត​ទៅ​ដោយ​មាន​បរិយាកាស​សេរី និង​បើក​ទូលាយ‍»។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ការបរទេស​ ដែល​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ ទី២៣​ ខែសីហា​នេះ​ ឱ្យដឹងថា​ អាជ្ញាធរ​កម្ពុជា​សម្រេច​បញ្ឈប់​សកម្មភាព​របស់​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​(NDI)​ ទាំងស្រុង​ក្នុង​ប្រទេស​ ដើម្បី​ធានា​ការអនុវត្តន៍​ត្រឹមត្រូវ​ និង​ប្រសិទ្ធ​ភាពច្បាប់​ ពង្រឹង​នីតិរដ្ឋ ​និង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​ ក្រសួងការ​បរទេស​កម្ពុជា​ ដែល​ទុក​រយៈពេល​ ៧ ថ្ងៃ​ ដល់​អង្គការ​នេះ បាន​យោង​ថា អង្គការ​នេះ​បានធ្វើ​សកម្មភាព​មិនស្រប​ច្បាប់ បន្ថែមពីលើការចោទ​ប្រកាន់​ដែលថា អង្គការនេះ​ធ្វើសកម្មភាព​ប៉ុនប៉ង ​ផ្តួល​រំលំរដ្ឋាភិបាល។

បន្ថែម​លើនេះ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ព្រមាន​បណ្តេញ​ចេញ​កាសែត​ The Cambodia Daily​ ដែល​ជា​កាសែត​ឯករាជ្យ​មួយ​ថា​ មិន​បាន​បង់​ពន្ធ ​ជូន​រដ្ឋ​អស់​រយៈពេល​ ១០ ឆ្នាំ​ ទោះបីជា​កាសែតនេះ​ ទាមទារ​ឲ្យមាន​ការ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ដោយ​តម្លាភាព ​តាម​ច្បាប់​ជាមុន​ក្តី។​ កាសែត​នេះ ​ត្រូវបាន​រដ្ឋាភិបាល ​ទុក​ឳសានវាទ​ បង់ពន្ធ​នូវ​ចំនួន​ទឹកប្រាក់​ ៦ លាន​ ៣ សែនដុល្លារ​ ត្រឹមថ្ងៃ​ទី ៤ ខែកញ្ញា​ ខាងមុខ។

ទោះជា​យ៉ាងណា​ក៏ដោយ ​ក្រសួងការ​បរទេស​ ស.រ.អា ​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​បរិយាកាស​ប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា ​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ​ នៅពេល​ដែល​កម្ពុជា ​បាន​ប្រែក្លាយ​ពី​ប្រទេស ​ដែល​មាន​ការ​ទទួល​ស្គាល់​ថា​ បាន​រៀបចំ​ការ​បោះឆ្នោត​ ឃុំសង្កាត់ ​ដោយ​តម្លាភាព ​និង​អហិង្សា​ ទៅកាន់​សកម្មភាព​ដែល​បន្ថយ​សេរីភាព​ព័ត៌មាន និង ​ប្រតិបត្តិការ​របស់​ អង្គការ​សង្គម​ស៊ីវិល។

លោកស្រី​ Heather Nauert ​បាន​បញ្ជាក់​ថា​ រឿង​នោះ​ គឺ​កើត​ឡើង​ដោយ​ការ​សម្រេច​ចិត្ត ​របស់​រដ្ឋាភិបាល​ ក្នុងការ​បណ្តេញ​អង្គការ ​NDI ​កាលពីថ្ងៃ​ទី២៣ ​ខែសីហា​ពី​កម្ពុជា​ របាយកាណ៍​ស្តី​អំពី​ការបិទ​វិទ្យុ​ដែល​មាន​សម្ព័ន្ធភាព​ ជាមួយ​គណបក្ស​ជំទាស់​ ហើយនឹង​ការ​ស៊ើប​អង្កេត​ពន្ធ​ លើ​សារព័ត៌មាន​ និង​អង្គការ​ឯករាជ្យ រួមទាំង​កាសែត ​The Cambodia Daily ​វិទ្យុ​សំឡេងស.រ.អា ​VOA​ វិទ្យុ​អាស៊ី​សេរី (RFA) ​ហើយនឹង​អង្គការ​នានា​ ដូចជា​អង្គការ​អាដហុក​ អង្គការ​ខុមហ្វ្រែល​ជាដើម។

លោកស្រី​បាន​បន្ត​ថា​ រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​Rex Tillerson បាន​ពិ​ភាក្សា​ជាមួយ​សមភាគី​កម្ពុជា​ របស់​លោក ​កាលពី​ខែមុន​ និង​សប្តាហ៍​ថ្មី ​ហើយ​ឯកអគ្គរដ្ឋ​ទូត​ ស.រ.អា. ​ប្រចាំ​កម្ពុជា ​ក៏បាន​ពិភាក្សា​ជាមួយ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ផងដែរ​អំពី​បញ្ហា​កម្ពុជា។ «មាន​កិច្ចពិភាក្សា​ជាច្រើន​ នៅ​ពី​ក្រោយ​ឆាក ​ដែល​យើង​ បាន​ធ្វើ​តាមរយៈ​ការទូត​ ក្នុង​កិច្ច​ប្រជុំ​បិទទ្វារ​ ពីព្រោះ​នៅក្នុង​ប្រទេស​ខ្លះ​ ការធ្វើ​ដូច្នេះ​ ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ សម្រាប់​រដ្ឋាភិបាល​នានា​ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ។​ ដូច្នេះ​យើងនឹង​បន្ត​កិច្ចពិភាក្សា​គ្នា‍»។

លោក​ស្រី​ថ្លែង​ដូច្នេះ ក្រោយ​ពេល​ដែល​មាន​ការ​លើក​សំណួរ​ថា​ ប្រសិន​បើ​កម្ពុជា​ មិន​ព្រម​ធ្វើ​តាម តើ​នឹង​មាន​ផលវិបាក​អ្វី​កើត​ឡើង។ លោកស្រី​ បាន​បន្ថែម​ថា លោកស្រី ​មិនចង់​ទស្សន៍ទាយ​ពី​ការណ៍​នោះ​ទេ។ តែ​លោកស្រី​ថា ស.រ.អា នៅមាន​កិច្ចពិភាក្សា​បន្ត។

ប្រទេស​កម្ពុជា​ នឹង​ធ្វើការ​បោះឆ្នោត​ជាតិ​ នៅខែ​ កក្កដា​ ឆ្នាំ ​២០១៨ ​ខាងមុខ​ ក្រោយពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ បាន​ធ្វើ​រួច​ កាល​ពីខែ ​មិថុនា។​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដែល​មាន​លក្ខណៈ​សេរី ​យុត្តិធម៌ ​អាច​ទទួល​យក​បាន​នោះ​ បាន​ធ្វើឲ្យ​ គណបក្ស​ជំទាស់​ កើន​សំឡេង​យ៉ាង​ខ្លាំង​ ពី​ចំនួន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាង​ ៤០​ មក​ដល់​ជិត ៥០០​ ក្នុង​ចំណោម​ជាង ១៦០០ ​ឃុំសង្កាត់ ​សរុប​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​គណបក្ស​ជំទាស់​ បាន​ឈ្នះ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ ​សឹងពាស​ពេញ​ប្រទេស៕

Advertisements