KHM_Kem Ssokha Vs HunSen

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍
ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ (សូមចុចត្រង់នេះអានលំអិត!)

ដោយផ្អែកលើមូលដ្ឋានច្បាប់ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើសច្ចាប្រណិធាន និង ប្តេជ្ញាយ៉ាងមុតមាំថា គោរពខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង គោរពអនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ អ.ស.ប (UN) ហើយនិងអង្គការអន្តរជាតិនានា ដែលជាមាគ៌ារបស់កម្ពុជា ធានាឲ្យបានចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពេញលញ។

ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃ បាននិងកំពុងដឹកនាំប្រទេសជាតិ ដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិប-តេយ្យ និង ប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់កម្ពុជាទាំងស្រុង ជំនួសដោយយន្តការអន់ថយ ព្រៃផ្សៃ និង ផ្តាច់ការ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងគគ្លើន បង្ក្រាបអ្នកប្រឆាំង និង បំបិទសេរីភាពសារព័ត៌មានឯករាជ្យផង។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ជាសមាជិករដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ០០:៣៥ នាទី ក្រោមបទថា «ក្បត់ជាតិ» ខណៈពេលលោក កឹម សុខា និងគណបក្ស​របស់លោក ឈ្នះឆ្នោតជាមេឃុំ ចៅសសង្កាត់ ជិត ៥០០ កៅអី ខែមិថុនា ឆ្នាំ២០១៧ ហើយរំពឹងថា នឹងឈ្នះនាំមុខ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងដោយខុសនីតិវិធីរដ្ឋបាល(ម៉ោងរដ្ឋបាល) គ្មានដីការចាប់ខ្លួន ដែលជាការចាប់ខ្លួន តាមការបញ្ជាតាមទំនើងចិត្តរបស់ ហ៊ុន សែន ហើយការចាប់ខ្លួននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ នូវរដ្ឋធម្មមនុញ្ញ មាត្រា៨០ ស្តីពីអភ័យឯកសិទ្ធិរបស់ សមាជិករដ្ឋសភា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវរដល់រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីធានាប្រក្រតីភាពឡើងវិញ នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ឱកាស និង ផ្តល់សិទ្ធិស្មើគ្នា ឲ្យគណបក្សប្រឆាំង ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខ ដោយសេរី យុត្តិធម៌ អាចទទួលយកបាន។ ករណីផ្ទុយពីនេះមានន័យថា រដ្ឋាភិបាល ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ក្តោបក្តាប់អំណាច របៀបផ្តាច់ការ ដែលពលរដ្ឋកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត។

សូមរដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ នូវបទចោទប្រកាន់នានា ទៅលើលោក កឹម សុខា និង ត្រូវដោះលែងអ្នកទោសមនសិការជាច្រើនរូបទៀត ដែលកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌។ សូមរដ្ឋាភិបាល បើកសិទ្ធិទូលំទូលាយឡើងវិញ នូវសេរីភាពសារព័ត៌មាន និង ស្ថាប័នសង្គមស៊ីវិលឯករាជ្យ ដែលទទួលរងការចោទប្រកាន់ និងបង្ក្រាបថ្មីៗនេះ ដើម្បីធានា គិតគូរឡើងវិញ អំពីផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។ (ឬទាញយកសេចក្តីថ្លែងការណ៍ត្រង់នេះ!)

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
(ហត្ថលេខា)

ម៉ែន ណាត

 

.