c8542e8f2a321b579620430244cc2d5f

នៅលើបណ្តាញសង្គម បានផ្សព្វផ្សាយអំពី ក្រុមគ្រួសារ របស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច CPP ដែល​បានវាយប្រហារសហរដ្ឋអាមេរិកធ្ងន់ៗ ចាប់តាំងពីរដ្ឋាភិបាល ហ៊ុន​ សែន បញ្ជាឲ្យបិទទ្វារ វិទ្យាស្ថានអាមេរិកឃ្លាំមើលការបោះឆ្នោត NDI កាសែត និង Cambodia Daily រួចមកបានបញ្ជាបញ្ឈប់ការផ្សាយបន្ត របស់វិទ្យុអាស៊ីសេរី RFA វិទ្យុវីអូអេ VOA និង វីទ្យុវីអូឌី VOD ហើយចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ដោយចោទប្រកាន់ថា «សហរដ្ឋអាមេរិក នៅពីខាងក្រោយបក្សប្រឆាំង ធ្វើបដិវត្តពណ៌ ដើម្បីផ្តូលរំលំរដ្ឋាភិបាល»។

ដោយឡែក នៅលើហ្វេសប៊ុកលោក ឆាំ ឆានី (Chham Chhany) និង អ្នកឯទៀត បានផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៧ នេះថា «សុខ ឥសាន តែងនិយាយវាយប្រហារអាមេរិកថា អ្នកធ្វើអាយ៉ងអាមេរិក {ដែលសំដៅលើអ្នកប្រឆាំង រួមទាំងលោក កឹម សុខា ផង} គ្មានអនាគតទេ។ អាមេរិក ជាប្រទេសចង្រៃ ជាប្រទេសអាក្រក់ ជាប្រទេសឃោរឃៅ និងជាប្រទេស រស់នៅគ្មានសេចក្តីសុខ ឬភាពសប្បាយ ដូចកម្ពុជាទេ»។ 

អត្ថបទនោះ បញ្ជាក់អំពីការពិតរបស់ក្រុមគ្រួសារលោក សុខ ឥសាន ដែរថា «ផ្ទុយពីការរិះគន់អាមេរិកនេះ សុខ ឥសាន បែរជាបញ្ជូនកូន និងប្រពន្ធរបស់ខ្លួន ទៅរស់នៅអាមេរិក យ៉ាងគ្រហើរៗទៅវិញ។ គ្រួសារប្រពន្ធកូនរបស់ សុខ ឥសាន បានទិញផ្ទះ និងរស់នៅតំបន់ Riverside ក្នុងរដ្ឋ California ដោយបាន ទិញផ្ទះ ដល់ទៅពីរគឺ មួយ សម្រាប់រស់នៅខ្លួនឯង និង មួយទៀត សម្រាប់ជួលឲ្យគេ» 

ក្នុងអត្ថបទនោះ មានបំណងផ្តាំផ្ញើទៅអ្នកគាំទ្រ បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដោយចោទជាសំណួរ​ផង និងផ្តល់យោបល់ផងថា «តើ សុខ ឥសាន បានលុយពីណា មកទិញផ្ទះនៅអាមេរិកហ្នឹង? ហើយ​តើខំត្រដរមករស់នៅអាមេរិក​ធ្វើអី បើអាមេរិក មិនល្អដូចស្រុកខ្មែរនោះ? ដូច្នេះ សុខ ឥសាន គួរតែនាំប្រពន្ធ កូន ទៅស្រុកខ្មែរវិញទៅ។ ក្រៅពីនេះ ក៏សូមផ្ញើសារនេះ ដល់ពួកគាំទ្រ CPP ឲ្យដឹងផងដែរ ថាពួកមេៗអ្នកឯងថា ស្អប់អាមេរិកតែមាត់ទេ តែការពិតពួកគេ នាំគ្នាជញ្ជូនកូនចៅ និងទ្រព្យមកក្រៅ មានសញ្ជាតិពីរ អស់ហើយ… ល្មមឈប់ភ្លើទៅស្ងួន»៕ (អត្ថបទដោយ នគរ) /១២ កញ្ញា ២០១៧

 

20525785_1382188335210599_5601554255655059458_n