អ្នកបរិស្ថាន រកឃើញអំពើពុករលួយថ្មី រឿងនាំខ្សាច់ ទៅតៃវ៉ាន់ ទឹកប្រាក់ជាង ៣២ លានដុល្លារ តែខាងរដ្ឋាភិបាលខ្មែរ មានតែជាង ២៧ ម៉ឺនដុល្លារ

ករណីអំពើពុករលួយរឿងនាំខ្សាច់ ទៅក្រៅប្រទេសនោះ រដ្ឋាភិបាលកម្ពុជា ដែលរដ្ឋមន្រ្តី ក្រសួងរ៉ែង និងថាមពល មិនដែលស្រាយបំភ្លឺច្បាស់លាស់ ចំពោះការចោទប្រកាន់នានា ពីក្រុមសកម្មជនបរិស្ថានទេ។ ចំណូលជាតិ រាប់រយលានដុល្លារ ត្រូវបានរកឃើញភាពមិនប្រក្រតី រវាងតួលេខចំនួនខ្សាច់ ចំនួនទឹកប្រាក់របស់កម្ពុជា និង របស់ប្រទេសដែលទទួលទិញពីកម្ពុជា។
ករណីនាំខ្សាច់ទៅសាំងហ្កាពួរ បាត់ចំណូលថវិកាជាតិជាង ៧០០ លានដុល្លារ កាលពីចុងឆ្នាំ២០១៦។ ខែមករា ឆ្នាំ២០១៧ ក្រុមសកម្មជនបរិស្ថាន រកឃើញទៀតថា មានការនាំខ្សាច់ ទៅ ឥណ្ឌា មានទឹកប្រាក់ជាង ២,៦ លានដុល្លារ។ ហើយនៅពេលនេះ សកម្មជនបរិស្ថាន រកឃើញថ្មីថា មានការនាំខ្សាច់ស៊ីលីការ ទៅតៃវ៉ាន់ ដែលមានតួលេខខុសគ្នា នូវទឹកប្រាក់ ជាង ៣១ លានដុល្លារ ។ ៏(អត្ថបទដោយ ម៉ែន ណាត)
សកម្មជនបរិស្ថានថា ក្រសួងរ៉ែ ធ្វើឲ្យបាត់លុយជាតិ ករណីនាំខ្សាច់ទៅតៃវ៉ាន់
អង្គការមាតាធម្មជាតិ រកឃើញពីការបាត់បង់លុយជាតិ លើធនធានខ្សាច់ បន្ថែមរាប់សិបលានដុល្លារ ទៅលើការនាំចេញទៅប្រទេសតៃវ៉ាន់ ខណៈដែលលុយបាត់ ពីការនាំខ្សាច់ ទៅកាន់ប្រទេស សិង្ហបុរី មិនទាន់ត្រូវបាន ស្ងប់ស្ងាត់នៅឡើយ។
អង្គការមាតាធម្មជាតិ បានចេញផ្សាយវីដេអូថ្មីមួយ កាលពីថ្ងៃទី១១ខែកញ្ញា ដោយថា ខ្លួនបានរកឃើញភស្ភុតាងថ្មីមួយទៀត ដែលបានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យបាត់បង់លុយជាតិរាប់សិបលានដុល្លារ ទៅលើការនាំចេញខ្សាច់ ទៅក្រៅប្រទេស។ ភស្ភុតាងថ្មីនោះ គឺអង្គការនេះ បានរកឃើញពីតួលេខខុសគ្នា នៃការនាំចេញខ្សាច់ ពីកម្ពុជាទៅប្រទេស តៃវ៉ាន់។
ក្នុងវីដេអូជាង ២ នាទីរបស់អង្គការមាតាធម្មជាតិ បានបញ្ជាក់ថា ទិន្នន័យនៃការនាំចូលខ្សាច់សីលីកា ពីកម្ពុជា ដោយគយតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសនេះ បាននាំចូលខ្សាច់ពីកម្ពុជា ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៦ បានចំនួន ១ លាន ៥ សែនតោន (១,៥ លានតោន) ស្មើនឹងជាង ៣២ លានដុល្លារអាមេរិក ខុសពីទិន្និន័យរបស់គយកម្ពុជា ដែលអះអាងថា កម្ពុជា នាំចេញខ្សាច់ទៅតៃវ៉ាន់ បានតែជាង ២៨ ពាន់តោនប៉ុណ្ណោះ ដែលស្មើនឹងជាង ២៧ ម៉ឺនដុល្លារ។
កញ្ញា លីម គីមស័រ បាននិយាយក្នុងវីដេអូនោះថា៖ «មានន័យថា តួលេខនេះ បង្ហាញពីការបាត់ខ្សាច់ដល់ទៅជាង ១ លាន ៥ សែនតោន ដែលមានចំនួនទឹកប្រាក់ខុសគ្នារវាងប្រទេសទាំងពីរ ដល់ទៅជាង ៣១លានដុល្លារ»។
បើតាមវីអូឌី អង្គការមាតាធម្មជាតិ មិនអាចទាក់ទងអ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ លោក យស មុនីរ៉ាត់ ដើម្បីឆ្លើយតបបាននោះទេ តែរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលោក ឌិត ទីណា មានប្រសាសន៍ថា ប្រសិនអង្គការមាតាធម្មជាតិ មានភស្ភុតាងគ្រប់គ្រាន់ពីទិន្នន័យនោះ គួរតែដាក់ជូនមក ក្រសួង ដើម្បីពិភាក្សា មិនគួរណាចេញរបាយការណ៍ដោយខ្លួនឯងនោះទេ។
លោកថា៖ «បើមតិផ្ទាល់ខ្លួនរបស់ខ្លួន ដែលមិនមែនជាអ្នកនាំពាក្យណា។ បើមានឯកសារអី គួរតែនាំយកមកឲ្យក្រសួង ដើម្បីពិនិត្យទាំងអស់គ្នា មិនមែនចេះតែនិយាយទេ ខ្ញុំនិយាយច្រើនដងហើយ។ អង្គការនោះគាត់ចូលចិត្តណាស់ដើរលេងតែឯងហ្នឹង ដើរលេងក្នុងសួនម្នាក់ឯងហ្នឹង។ ពេលលើកមុននិយាយខុសរឿងអត់ទាន់ឃើញសុំទោសក្រសួងផង!»។
នាយកប្រត្តិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថា តួលេខរបស់រដ្ឋាភិបាលកម្ពុជា និងតួលេខរបស់រដ្ឋាភិបាលប្រទេស ដែលទិញខ្សាច់ពីកម្ពុជាតែងតែខុសគ្នា។ លោកយល់ថា តួលេខនៃភាពខុសគ្នានេះ គឺវាដូចទៅនឹងអ្វីដែលមាតាធម្មជាតិរកឃើញកាលពីឆ្នាំមុនផងដែរ។
លោកថា៖ «យើងមានការសង្ស័យទៅលើរបៀប នៃការគ្រប់គ្រងរបាយការណ៍រវាងខ្សាច់នាំចេញនឹងខ្សាច់របស់អ្នកនាំ និងចំនួនខ្សាច់នៃការនាំចេញដោយប្រទេសទីពីរហ្នឹងដែរ»។
បើតាមវីដេអូ អង្គការមាតាធម្មជាតិ បានប្រកាសថា ខ្លួនបានរកឃើញភស្ភុតាងពីការនាំចេញខ្សាច់ទៅក្រៅប្រទេសចំនួនពីររួចមកហើយ ដែលក្នុងនោះ មានការបាត់បង់ការនាំចេញខ្សាច់ទៅប្រទេសសឹង្ហបុរីជាង ៧០ លានតោន ប្រទេសឥណ្ឌាជាង ១ សែនតោន និងចុងក្រោយប្រទេសតៃវ៉ាន់ជាង ១ លាន ៥ សែនតោននេះ ដែលតាមចំនួននេះ បានធ្វើឲ្យកម្ពុជាបាត់បង់ខ្សាច់ នាំចេញទៅក្រៅប្រទេសជាង ៧១ លាន ៦ សែនតោន ដែលតួលេខនេះ គឺច្រើនជាងតួរលេខនៃការនាំចេញខ្សាច់របស់ពីក្រសួងរ៉ែ និងថាមពលកាលពីឆ្នាំ២០១៦ ដែលថាកម្ពុជានាំចេញខ្សាច់បានតែជាង ១៧ លានតោនប៉ុណ្ណោះ។
គួររំលឹកផងដែរថា បន្ទាប់ពីមានរឿងចម្រូងចម្រាស ពីការលក់ខ្សាច់ទៅប្រទេ សសឹង្ហបុរី កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបញ្ឈប់ការនាំចេញខ្សាច់ទៅក្រៅប្រទេស ជាបណ្តោះអាសន្នផងដែរ៕
.