13076848_10154109828053210_6232986651517622397_n

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌


ជាបឋមយើងខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុងនាមជាមិត្តភ័ក្តិ មិត្តរួមការងារ និងអ្នករាប់អាន សូមសរសើរដោយស្មោះអស់ពីចិត្ត នូវវីរៈភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏ឧត្តុង្គឧត្តម របស់លោក អ៊ុំ សំអាន ក្នុងការតស៊ូដើម្បីសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិដ៏កំសត់របស់យើង។

ជាង ២០ ឆ្នាំហើយ ដែលលោក និងពួកយើង ព្រមទាំងមិត្តភក្តិជាច្រើនទៀត ដូចជាលោក ជា វិជ្ជា ជាដើម បានរួមការងារជាមួយគ្នា ក្នុងឋានៈជាស្ថាបនិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអ្នកស្នេហាជាតិជំនាន់ថ្មី។ ការងារដែលយើងធ្វើ គឺផ្តោតសំខាន់បំផុត ទៅលើបញ្ហាបូរណភាពទឹកដី ដែលរបបដឹកនាំ ហ៊ុន សែន បានកាត់ឲ្យយួន តាមរយៈសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ រួមមានព្រំដែនទឹក ព្រំដែនគោក កោះត្រល់ និងកោះមួយចំនួនទៀត នៃបណ្តុំកោះត្រល់។

ក្នុងនាមជាតំណាងរាស្ត្រ លោក អ៊ុំ សំអាន ពិតជាបានបំពេញកាតព្វកិច្ច ជូនជាតិច្រើនណាស់ ក្នុងការទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន បញ្ឈប់ការបោះបង្គោលព្រំដែនខ្មែរ-យួន ដោយខុសច្បាប់ ហើយក៏បានដាស់ស្មារតីកូនខ្មែរ ពិសេសយុវជន ឲ្យគិត និងស្វែងយល់ពីបញ្ហាព្រំដែន កាន់តែខ្លាំងឡើង។ តែជាអកុសល លោក ត្រូវបានពួករដ្ឋាភិបាលអាយ៉ងយួន ចាប់ខ្លួន ដោយចោទប្រកាន់ និង ដាក់ពន្ធនាគារ  តាមការចង់បានរបស់ យួន យ៉ាងអយុត្តិធម៌ ។

ទោះជាលោក សំអាន ទទួលរងនូវអំពើអយុត្តិធម៌ពីរបបដឹកនាំសព្វថ្ងៃនេះក្តី សំរាប់ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងពួកយើង នៅតែគាំទ្រ និងផ្តល់យុត្តិធម៌ជូនលោកថា ជា​វីរៈជនព្រំដែន ដែលស្ថិតក្នុងដួងចិត្តជានិច្ច។

ដោយក្តីគោរពនេះ ទើបនៅថ្ងៃនេះ ពួកយើង និងបងៗ នៅអាល្លឺម៉ង់ បារាំង បានជជែកគ្នា​ និងសម្រេចសរសេរលិខិតនេះ ជូនទៅលោក បន្ទាប់ពីពួកយើងបានទទួលពត៌មាន ដែលចុះផ្សាយតាម VOD និង VOA ថា «លោក អ៊ុំ​ សំអាន គ្រោង​ស្នើសុំ​នាយក​រដ្ឋ​មន្ត្រី ​ដើម្បីលើក​លែង​ទោស» ដើម្បីលោក បានចេញពីពន្ធនាគារ និងមានឱកាសបំរើ ក្នុងជីវភាពនយោបាយតទៅទៀត។

ពួកយើងទាំងអស់គ្នា ពិតជាតក់ស្លុត និងសោកស្តាយ ចំពោះពត៌មាននេះ ទោះមិនប្រាកដថា ជាការពិត ១០០% ក្តី ដោយហេតុថា ការតស៊ូការពារបូរណភាពទឹកដី របស់លោក សំអាន ជាច្រើនឆ្នាំមកនេះ លោកបានធ្វើអ្វីមិនខុសទេ។ អ្នកដែលខុស គឺជាពួកក្បត់ជាតិ ក្នុងរបប ហ៊ុន សែន ដែលកាត់ទឹកដីខ្មែរឲ្យ យួនឯណោះវិញទេ។ ហើយបើសិនជា «អ្នកត្រូវ» ទៅសុំទោស «អ្នកខុស» បែបនេះ តើចាំបាច់អីដែលលោក ត្រូវទៅជាប់ពន្ធនាគារ? ហើយតើពួកយើង ខិតខំតស៊ូរឿងនេះធ្វើអ្វី រហូតមកដល់សព្វថ្ងៃនេះ?

ជាងនេះទៀត បំណងនៃការចង់បន្តជីវភាពយោបាយរបស់លោក ក៏ត្រូវស្លាប់ ទៅជាមួយនឹង«ពាក្យសុំទោសដោយខ្លួនឯង»ទាំងមិនបានធ្វើខុសនោះផងដែរ ប្រសិនបើលោក សម្រេចចិត្តដូចការផ្សាយនេះមែន។

ជាទីបញ្ចប់ ពួកយើង នៅតែមានជំនឿទុកចិត្ត លើឧត្តមគតិរបស់លោក ចំពោះជាតិ ថានៅតែរឹងមាំ  ហើយពួកយើង ក៏ជឿងដែរថាការផ្សាយរបស់ VOD និង VOA មិនអាចជាការពិតនោះទេ៕

សូមលោកទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងទឹកចិត្តស្រឡាញ់ដ៏ស្មោះ ពីពួកយើងទាំងអស់គ្នា  — ឆាំ ឆានី, ប៉ាង សុខឿន, ម៉ែន ណាត, ថ្ងៃទី ២៦ តុលា ២០១៧

12771491_919604911468946_3064920857420015883_o22538152_700248526835112_1847642297_n12936549_1156022001136644_8364297122071002237_n12790906_921254801303957_5889592582428396828_n

Advertisements