fn-2016-08-11-11-58-56-0

គេហទំព័រឈ្មោះ Pdachka បានដកស្រង់ជុំវិញប្រតិកម្មរបស់ ផៃ ស៊ីផាន បដិសេធ​ចំពោះព័ត៌មាន​ថា ហ៊ុន ម៉ាណែត លាក់លុយ​នៅធនាគារបារាំង។ សូមអានអត្ថបទទាំងស្រុងខាងក្រោម៖

នៅម៉ោង ១២ៈ៣៤ នាទី រសៀលថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ ទីស្ដីការ​គណៈរដ្ឋមន្រ្តី បានចេញមុខ​ការពារត្រកូល ហ៊ុន រឿង​លាក់លុយ​នៅក្រៅប្រទេស ​រាប់រយ​លានដុល្លារ ហើយចាត់ទុកព័ត៌មាន​ដែលលោក ម៉ែន ណាត ចុះផ្សាយនោះថា ជារឿងបរិហារកេរ្តិ៍​​សាធារណៈ

លោកនិយាយថា “យើងមិនដែលចាប់អារម្មណ៍ ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើង​សុំបំភ្លឺសាធារណជន​ថា​ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តី​កម្ពុជា គ្មានលុយឯណា​រាប់រយលាន​ដុល្លារ ទៅ​ដាក់នៅក្រៅ​​ប្រទេសទេ… ក្នុងនាមអ្នកនាំពាក្យ​រដ្ឋាភិបាល ករណីនេះ ជារឿងបរិហារកេ​រ្តិ៍​សាធារណៈ​សុទ្ធសាធ​ គ្មានភស្តុតាង​ច្បាស់លាស់​ ”។

លោក ផៃ ស៊ីផាន បន្ថែមថាលោក ហ៊ុន ម៉ាណែត មានតែការងារ​មនុស្សធម៌ ដែលលោក​ ត្រូវគិតគូរ ហើយថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បដិសេធ​ហើយថា គ្រួសារសម្ដេច គ្មានលុយ​ឯណា​​រាប់​រយ​លានដុល្លារ​ទៅដាក់ នៅក្រៅប្រទេសដែរ ។

នៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ែន ណាត បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា លោក ហ៊ុន ម៉ាណែត លាក់លុយ​ នៅធានាគារបារាំង ប្រមាណ ២០០ លានដុល្លារ និងមានឈ្មោះ​ក្នុងបញ្ជីដេញ​ថ្លៃ ទីស្នាក់ការបក្ស Le Parti socialiste ទឹកប្រាក់កើនឡើង ៥៨,៥ លានអឺរ៉ូ ។ ហើយនិងថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់​ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់​ពេល​នេះ ហ៊ុន ម៉ាណែត ហ៊ាន​ដេញថ្លៃ​​កើនឡើង នូវទឹកប្រាក់ ៥៨,៥ លាន​អឺរ៉ូ​ហើយ។ អគារនេះ បានដាក់ឲ្យ​​ដេញថ្លៃ កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ដែលមាន​តម្លៃចន្លោះ​ពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ ។

អគារ Le Parti socialiste គឺជាទីស្នាក់ការកណ្តាល​គណបក្ស របស់អតីតប្រធានាធិបតី François Hollande ស្ថិតនៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ៣០០០ម៉ែត្រការ៉េ។ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។

មន្រ្តីរដ្ឋាភិបាលកម្ពុជា បានលើកឡើថា ការរិះគន់ និង ចោទទាំងនេះ មិនមែនជាលើកទី១ ទេ ហើយថា លោក ហ៊ុន សែន និង ក្រុមគ្រួសារ មិនចាប់អារម្មណ៍ក្នុងរឿងនេះទេ៕ (អត្ថបទដោយ នគរ /៣១ តុលា ២០១៧)

 

mannat