Photo_Template_872x562-5

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧)
នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា?

លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ រូបរបស់ គ.ជ.ប បានបញ្ជាក់ជាថ្មីទៀតថា លោកប្រាកដក្នុងចិត្ត និងបានត្រៀមលក្ខណៈរួចហើយថា «ត្រូវលាឈប់ពី គ.ជ.ប បើសិនសាលក្រមតុលាការកំពូល សម្រេចក្តីថា ត្រូវរំលាយ គណបក្សសង្គ្រោះជាតិ» មែននោះ។  លោក ថ្លែងថា «ខ្ញុំធ្វើការក្នុង គ.ជ.ប ធ្វើអីទៀត បើខ្ញុំមិនអាចការពារឆន្ទៈរបស់ពលរដ្ឋ ជាម្ចាស់ឆ្នោតបានផង។ ដូច្នេះហើយ ខ្ញុំត្រូវតែលាឈប់»។

តុលាការកំពូល នឹងបើកសវនាការជំនុំជំរះក្តី លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧។ ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាតឹងតែង ដាក់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហក ក្នុងក្រុងភ្នំពេញ ក្នុងបំណងទប់ស្កាត់ការហែក្បួនណាមួយ របស់អ្នកគាំទ្របក្សប្រឆាំង ក្នុងកំឡុងពេលសវនាការ របស់តុលាការកំពូល។

នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៨ វិច្ឆិកា បានប្រកាសធ្វើមេផ្នល់ ១ សង ១០០ ថាគណបក្សសង្រ្គោះ​​ជាតិ នឹងត្រូវរំលាយ ហើយលោក ចាក់ខាង «រំលាយ»។ ការលើកឡើងនេះ បានធ្វើឲ្យមានការរិះគន់ខ្ទរខ្ទារ ពីមតិជាតិ និងអន្តរជាតិ។ ហើយសហគមន៍ន្តរជាតិ បន្តអំពាវនាវឲ្យមានការដោះលែង លោក កឹម សុខា និងជំរុញឲ្យកម្ពុជា វិលមកប្រក្រតីភាពឡើងវិញ ដើម្បីការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រកប​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទោះជាយ៉ាងណាក្តីលោក រ៉ុង ឈុន ថ្លែងសង្កត់ធ្ងន់ថា លោកនឹងលាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមជាផ្លូវការថា រំលាយបក្សប្រឆាំង។

កាលពីខែកញ្ញា ឆ្នាំ២០១៧ លោក រ៉ុង ឈុន បានបញ្ជាក់ជំហរជាហូរហែររួចហើយថា «ខ្ញុំនឹងដើរចេញពី គ.ជ.ប. បើសិនគណបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ»។ ជំហរនេះ កើតឡើងក្រោយពេលមួយសប្តាហ៍ បន្ទាប់លោក កឹម សុខា មេដឹកនាំបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន ដោយកម្លាំងរបស់លោក ហ៊ុន សែន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបទចោទប្រកាន់ថា «ក្បត់ជាតិ» បានឃុបឃឹតជាមួយបរទេស {សហរដ្ឋ​អាមេរិក} ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមខ្សែវីដេអូមួយ តាំងពីចុងឆ្នាំ២០១៣។

គួសបញ្ជាក់ថា លោក រ៉ុង ឈុន គឺជាអតីតមេដឹកនាំសហជីព និង សមាគមគ្រូបង្រៀនកម្ពុជា ដ៏ល្បីល្បាញ បានក្លាយជាសមាជិក គ.ជ.ប តាមកូតារបស់ គណបក្សសង្គ្រោះជាតិ នៅដើមឆ្នាំ​២០១៥ កន្លងទៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាជិក ៩ រូប ដែល ៤ រូប មកពីគណបក្សសង្គ្រោះជាតិ, ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា និង ១ រូបទៀត មកពីស្ថាប័នឯករាជ្យ (សង្គមស៊ីវិល)៕

Advertisements