កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផល​នៃ​ការបោះឆ្នោតជាផ្លូវការ ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឈ្នះការបោះឆ្នោត ១២៥ អាសនៈ លើ ១២៥ នៃអាសនៈរដ្ឋសភាទាំងអស់ ស្របពេលដែលគណបក្សប្រឆាំង CNRP និងក្រុមប្រទេសលោកសេរី បានហៅការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ និងគួរឲ្យអាមាស ដែលជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី តែតាំងលោក ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី មុនពេលរដ្ឋសភា ចូលប្រជុំដំបូង និងមុនពេលសមាជិកសភាថ្មី ចូលស្បថសច្ចាប្រនិធាន។ នោះលោក ហ៊ុន សែន មិនត្រឹមតែ​យក​ស្ថាប័នព្រះមហាក្សត្រ ទៅលេងសើចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់បទដ្ឋាននានាតាមអំពើចិត្ត។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត)


HunSen

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន សែន ឲ្យ​បន្ត​កាន់​អំណាច

(ដោយវិទ្យុអាស៊ីសេរី  RFA Khmer/ 17-8-2018)

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ តាម​សំណើ​របស់​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា លោក ហេង សំរិន និង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ថា បើទោះជា​មិនទាន់​បង្កើត​រដ្ឋសភា​អាណត្តិ​ទី​៦ ក៏​គណបក្ស​កាន់អំណាច​មាន​លទ្ធភាព ស្នើ​ព្រះមហាក្សត្រ តាម​ផ្លូវ​រដ្ឋធម្មនុញ្ញ​បន្ថែម​បាន​ដែរ។ ប៉ុន្តែ សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់​លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ដ អះអាង​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​គណបក្ស​កាន់អំណាច បាន​ប្រើប្រាស់​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដើម្បី​ទៅ​ព្រះមហាក្សត្រ ឲ្យ​ចាត់​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ «»

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៧ សីហា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ចាត់តាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យ​នេះ គឺ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​សំណើ​នៅ​ថ្ងៃ​ទី​១៧ សីហា ដែរ ដើម្បី​ស្នើសុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​តាម​សំណើ​របស់​សមាជិក​រដ្ឋសភា​ចាស់​ជាងគេ គឺ​លោក ហេង សំរិន។

ឆ្លើយ​តប​នឹង​ការ​តែងតាំង​នេះ លោក ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ថា លោក​នឹង​រៀបចំ​សមាសភាព​របប​ថ្មី​បញ្ជូន​ទៅ​ព្រឹទ្ធសមាជិក​រដ្ឋសភា នីតិកាល​ទី​០៦ ដើម្បី​សុំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ។ ក្នុង​លិខិត​តប​ថ្វាយ​ព្រះមហាក្សត្រ លោក ហ៊ុន សែន សន្យា​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ដើម្បី​បម្រើ​ជាតិ មាតុភូមិ​កម្ពុជា។

សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៨​ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ទេ។ វាក្យ​ខណ្ឌ​ទី​២ នៃ​មាត្រា​១១៨​ថ្មី ចែងថា តាម​សេចក្ដីស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុងចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​រាជរដ្ឋាភិបាល។

ប៉ុន្ដែ ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ​លើក​នេះ គណបក្ស​កាន់អំណាច​នៅ​តែ​ប្រើប្រាស់​តាម​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០០៤ ដែល​ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ចុះ​ហត្ថលេខា ដោយ​ប្រធាន​រដ្ឋ​ស្ដីទី លោក ញឹក ប៊ុនឆៃ។

មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម ចែងថា តាម​សេចក្ដីស្នើ​ពី​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា តាមរយៈ​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ នៃ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត ឲ្យ​បង្កើត​រាជរដ្ឋាភិបាល។

រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ ត្រូវ​បាន​អ្នកវិភាគ​យល់ថា ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង ក្រោយ​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ និង​ដោយសារ​ភាព​មិន​ទុកចិត្ត​គ្នា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលណោះ មាន លោក ជា ស៊ីម ជា​ប្រធាន​គណបក្ស។

លោក​មេធាវី ផែង ហេង រំលឹក​ថា កាល​រដ្ឋធម្មនុញ្ញ​បន្ថែម អនុម័ត​រួច ក្នុង​រាជ​ព្រះបាទ នរោត្តម សីហនុ សមាជិក​រដ្ឋសភា ធ្លាប់​ប្រើប្រាស់​វិធីសាស្ត្រ​បែប​នេះ ម្ដង​ហើយ។ «»

39303874_224177691587881_86793154384101376_n

កាលណោះ សមាសភាព​សមាជិក​រដ្ឋសភា មាន​៣​គណបក្ស គឺ មក​ពី​កូតា បក្ស​ប្រជាជន​កម្ពុជា បក្ស​សម រង្ស៊ី និង​បក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នកវិភាគ​ថា កាលណោះ ដោយសារ​មាន​ភាព​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ​ជា​រដ្ឋាភិបាល​ចាំផ្ទះ​ជាង​មួយ​ឆ្នាំ ទើប​បង្កើត​ច្បាប់​ចម្រូងចម្រាស​នេះ​ឡើង កាលពី​ឆ្នាំ​២០០៤ ហើយ​ដោយ​សារ ការ​មិន​ទុក​ចិត្ត​គ្នា ក្នុង​ជួរ​បក្ស​កាន់អំណាច និង​ភាព​មិន​ទុកចិត្ត​គ្នា ក្នុង​ការ​សន្យា​បង្កើត​រដ្ឋាភិបាលចម្រុះ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទើប​មានការ​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ឡើង៕

Advertisements