របបថ្មី ហ៊ុន សែន នៅ​តែ​ជា​របប​ក្បាល​ធំ​ជាងខ្លួន ​ធ្វើ​ឲ្យ​ខាត​ថវិកា​ជាតិ​​កាន់​តែ​ច្រើន

41299987_1811527972276631_1525099018013638656_n

(RFA Khmer / ដោយ ទីន ហ្សាការីយ៉ា / 07-9-2018)
រដ្ឋសភា​ឯក​បក្ស ​បោះ​ឆ្នោត​ជា​កញ្ចប់​ ជ្រើស​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល ​អាណត្តិ​ទី៦ ដែល​គេ​មើល​ឃើញ​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំរបស់ លោក ហ៊ុន សែន នេះ ហាក់​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទេ លើស​ពី​នេះ​របប​នេះ បាន​បន្ថែម​តួនាទី​ឲ្យ​គណបក្ស​មិន​ជាប់​ឆ្នោត ​កាន់​តែ​ច្រើន​ថែម​ទៀត ដែល​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ កាន់​តែ​ច្រើន។

នៅទន្ទឹមនឹងនេះ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​មិន​ទទួល​ស្គាល់​របប​ឯកបក្ស​នេះ​ភ្លាមៗ ហើយ​ថា​របប​នេះ នឹង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​ កាន់​តែ​ខ្លាំង​ថែម​ទៀត ​នៅពេលខាងមុខ។

អ្នកអ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ការ​បង្កើត​របប​ថ្មី​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៦ កញ្ញា​នោះ គ្មានអ្វីផ្លាស់ប្ដូរឡើយ ហើយ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋាភិបាល ​បាន​បង្កើន​សមាជិក​កាន់​តែ​ច្រើន ឬ​ហៅ​ថា រដ្ឋាភិបាល​ក្បាល​ធំ។

អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា របប​ថ្មី​អាណត្តិ​ទី៦ នេះ ពុំ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទេ គឺ​រដ្ឋមន្រ្តី​ឲ្យ​ដឹក​នាំ​តាម​ស្ថាប័ន​ក្រសួង​នីមួយៗ គឺ​នៅ​ដដែល៖ «របប​ហ្នឹង​ទៅ​ជា​របប​ផ្ដាច់ការ​ហើយ អត់​មាន​អី​ថា​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ទៅ​កើត​ទេ»

សភា ​បាន​រៀបចំ​បោះ​ឆ្នោត​ជា​កញ្ចប់​ រៀបចំ​ប្រធាន អនុប្រធាន គណៈកម្មការ​ទាំង​នៃ​រដ្ឋសភា និង បោះ​ឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីនរដ្ឋាភិបាល ហាក់​ពុំ​មាន​ផ្លាស់ប្ដូរ​អ្វី​ពី​អាណត្តិទី៥ ឡើយ នេះ​បើ​យោង​តាម​លិខិត​បង្កើតរដ្ឋាភិបាលថ្មីនេះ គ្រាន់​តែ មាន​បញ្ជីថ្មី មនុស្ស​ចាស់​ដដែល ពោល​គឺ រដ្ឋមន្រ្តី​ដឹក​នាំ​តាម​ស្ថាប័ន​ក្រសួង​នីមួយៗ ជា​មនុស្ស​ចាស់​ដដែល។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល ​នៅ​តែ​ជា​រដ្ឋាភិបាល​ក្បាល​ធំ​ដែល​មាន​ថ្នាក់​ដឹក​នាំ​ជាង ៧៤០ នាក់ ក្នុង​នោះ មាន​ឧបនាយករដ្ឋមន្រ្តី ១០ រូប ទេសរដ្ឋ​មន្រ្តី ១៧ រូប រដ្ឋមន្រ្តី ២៩ នាក់ រដ្ឋលេខាធិការ​ចំនួន ២៤១ នាក់ អនុរដ្ឋលេខាធិការ ៣៩១ នាក់ និង​ប្រធាន អនុប្រធាន​គណបក្ស​ដែល​មិន​ជាប់​ឆ្នោត​ចំនួន ១៥ គណបក្ស​ ស្មើ​ចំនួន ៣០ នាក់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ផ្សេង​ទៀត។ បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា របប​ថ្មី​នេះ​ នឹង​ពុំ​មាន​អ្វីកែ​ប្រែ​ទៅ​លើ​របៀប​ដឹក​នាំ​ឡើយ។

អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរា មានប្រសាសន៍ថា ការ​តំឡើង​តួនាទី ប្រធាន អនុប្រធាន​គណបក្ស​ជា​ទីប្រឹក្សា ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តីនេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន មាន​ក្បាល​កាន់​តែ​ធំ ហើយ​ចំណាយ​ថវិកា​ជាតិ​កាន់​តែ​ច្រើន ទៅ​លើ​ការ​ផ្ដល់​តួនាទី​ដែល​មិន​ចាំបាច់​ទាំង​នេះ ទៅ​ឲ្យ​គណបក្ស​ដែល​មិន​ជាប់​ឆ្នោត​នោះ។ លោក​បន្ថែម​ថា អ្វី​ដែល​ជា​បំណង​សំខាន់ ដែល​លោក ហ៊ុន សែន សម្រេច​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ថា របប​ដឹក​នាំ​ដឹក​ថ្មី​មាន​ពហុ​សំឡេង និង​ដើម្បី​បិទ​មាត់​មេ​បក្ស​ទាំង​នោះ​កុំ​ឲ្យ​រិះគន់​ប្រព័ន្ធ​ដឹក​នាំ​របស់​លោក។ តែទោះជាយ៉ាងនេះក្ដី សហគមន៍​អន្តរជាតិ​នៅ​តែ​ដឹង​ថា របប​ថ្មី​នេះ ជា​របប​ដឹកនាំដោយឯកបក្សដដែល៖ «បូកនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទៀត វា​កាន់​តែ​ច្រើន បូក​នឹង​ប្រធាន អនុប្រធាន៣២នាក់ទៀត កាន់តែច្រើនទៀត ខណៈរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី​ប្រាក់ខែ​គួរសម ហើយ​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក៏​ប្រាក់ខែ​គួរសម​ដែរ ហើយ​នៅ​តែ​គ្មាន​តម្លៃ​ដែរ​ព្រោះ​អន្តរជាតិ​គេ​មិន​ទទួល​ស្គាល់​គណបក្ស​ទាំង១៦​នេះ​ទេ គឺ​នៅ​តែ​ទទួល​ស្គាល់​បក្ស​ប្រឆាំង ដូចជា​ជំហរ​របស់​ប្រទេស​ជប៉ុន​ក៏​គិត​ដូច​គ្នា​នេះ​ដែរ»

នៅ​ទន្ទឹម​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ លោក ហ៊ុន សែន បាន​បញ្ចេញ​កាយវិការ​ខឹង​សម្បារ មិន​ពេញ​ចិត្ត​ជាង​ធ្វើតុវេទិកា​កិត្តិយស​សម្រាប់​នាយករដ្ឋមន្រ្តី ដែល​លោក​បាន​ឈរ​ថ្លែង​សុន្ទរកថា ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋសភា ក្រោយ​ពី​អង្គ​សភា​បោះ​ឆ្នោត​ទុក​ចិត្ត​លើ​ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី កាលថ្ងៃទី៦កញ្ញានេះ។

ក្រោយពីបានថ្លែងសន្ទរកថា បានប្រមាណពី ៤ ទៅ ៥ នាទី លោក ហ៊ុន សែន មិន​ទុក​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​សភា​ ដែល​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​ លោក ហេង សំរិន ដែល​មានវ័យចំណាស់ជាងលោក​ឡើយ។ លោក ហ៊ុន សែន បានប្រើសម្ដីមិន​សមរម្យ​ភ្លាមៗ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ថា តុ​នេះ​ទាប​ពេក​លោក​ពិបាក​អាន​សុន្ទរកថា ហើយ​ស្ដី​បន្ទោស​ជាង​ធ្វើ​តុ​វេទិកា​កិត្តិយ​នេះ ទោះ​ជា​នៅ​ក្នុង​ពិធី​ផ្លូវ​ការ​នៃ​ថ្ងៃ​បង្កើត​របប​ថ្មី ដែល​សមាជិក​បក្ស និង​សមាជិក​សភា​របស់​លោក ​កំពុង​តែ​អង្គុយ​ត្រងត្រាប់​ស្ដាប់ និងអបរអរសាទរនោះក្តី។ លោក ហ៊ុន សែន បានផ្លាស់ប្ដូរតុវេទិកាកិត្តយសនេះភ្លាមៗ ដើម្បី​អានសុន្ទរកថា បន្តហើយស្ដីឲ្យជាងធ្វើតុនេះថា ជាមនុស្សអត់កំណើតជា​ដើម៖ «ខ្ញុំ​មុន​នឹង​បន្ត​គ្រាន់​តែ​ជំរាប​ជួន​ថា កាលពីអាណត្តិមុនគ្រាន់បើបន្ដិច ខ្ញុំ​គ្រាន់​បើបន្តិច តែបើបងងួងញិលមកវិញគឺឈរមិនកើតទេ គាត់ខ្ពស់ ខ្ញុំចង់និយាយជាធ្វើតុនេះ ធ្វើយូរៗកាន់តែឡប់ ធ្វើយូរបទពិសោធន៍យូរកាន់តែបើមិនកើត អាជាងនោះ​វា​អត់​កំណើត ខ្ញុំ​ដូរ​ទៅ​អា​នោះ​វិញ​បាន​អត់

លោក ហ៊ុន សែន នេះ​មិនមែន​ជា​លើក​ទី១ ទេ កន្លង​មក​លោក​តែងតែ​ព្រមាន និង​ជេរ​ស្ដី​ឲ្យ​ក្រុម​អ្នក​រិះគន់​លោក​ជា​ហូរហែ​មក ដូចជា ពាក្យ​អា​ល្ងង់​ទូ ឆ្កូត​លីលា និង​អាគុក​ជា​ដើម។

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា ជាង​ធ្វើ​តុ​វេទិកា​កិត្តិយស​នេះ​ខុស​បច្ចេកទេស​ដោយ​មិន​បាន​វាស់វែង​កំពស់​លោក ហ៊ុន សែន ជា​មុន ដែល​ធ្វើ​ឲ្យ​តុ​វេទិកា​កិត្តិយស​នេះ ទាប​ជាង​កំពស់​លោក ហ៊ុន សែន ដែល​ពិបាក​ឈរ​អាន​សុន្ទករថា។ លោក​បញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នឹង​ផ្លាស់​ប្ដូរ​តុ​នេះ​ថ្មី​វិញ ក៏​ប៉ុន្តែ​លោក ឡេង ប៉េងឡុង មិនបាន​បញ្ជាក់​អំពី​តម្លៃ​ធ្វើ​តុ​នេះ ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ឡើយ៖ «អូ​ខ្ញុំ​មិន​ដឹង​ថា​អស់​ប៉ុន្មាន​ទេ ​គឺ​ខាង​ហិរញ្ញវត្ថុ​ជា​អ្នក​ធ្វើ ហើយ​យើង​នឹង​សហការ​ជាមួយ​ជាង​ខាង​ទីស្ដីការ​ដែល​ធ្វើ​ញឹកញាប់ និង​ធ្វើ​ថ្មី​វិញ តុ​នេះ​ទាប​ពេក​សម្ដេច​លោក​ឈរ​មិន​កើត​ទាប​ពេក»

អគ្គលេខាធិការដ្ឋាន​សភា ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​កន្លង​មក​ថា មាន​បក្ស​និយម និង​ជា​ទីកន្លែង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​ចំណាយ​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​សភា​នោះ។ គេ​នៅ​ចាំ​បាន​ថា អគ្គលេខាធិការដ្ឋាន​សភា បាន​ចំណាយ​លុយ​របស់​រដ្ឋភា​ចំនួន​ជាង ៣ម៉ឺន​ដុល្លារ លើ​ការ​សាងសង់​ដង​ទង់ជាតិ​ នៅ​ខាង​មុខ​អគារ​រដ្ឋសភា។

ចំពោះ​ការ​បញ្ចេញ​កាយវិការ លោក ហ៊ុន សែន ខឹង​សម្បារ​ជាង​ធ្វើ​តុ​កិត្តិយស​នាយករដ្ឋមន្រ្តី​នោះ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុងតែបង្ហាញ​ឥទ្ធិពល​របស់​លោក កាន់​តែ​ខ្លាំង​ថែម​ទៀត ក្នុង​ឋានៈ​លោក​ជា​នាយករដ្ឋមន្រ្តី​ដឹក​នាំ​អាណត្តិ​ថ្មី ដូចជា ករណី​លោក​ឈរ​អាន​សន្ទរកថា ក្នុង​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ការ​បើក​សម័យ​ប្រជុំ​សភា​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​ជា​ពិធី​ផ្លូវការ​នោះ គឺ​លោក​មិន​អាច​អត់ធ្មត់​ជា​ដើម៖ «គាត់​មាន​ប្រតិកម្ម​ខ្លាំង​ហ្នឹង មាន​ដល់​ប្រើ​ពាក្យ​អសុរស​មុខ​គេ​មុខ​ឯង ហើយ​ជា​កម្មវិធី​ផ្លូវការ​ណា គាត់​កាន់​តែ​ប្រើ​អំណាច​ផ្ដាច់ការ​ហើយ»

នៅ​ទន្ទឹម​នឹង​នេះ គណបក្ស សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មិន​ទទួល​ស្គាល់​សភា និង​រដ្ឋាភិបាល ដែល​បាន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ដែលបានបង្កើតឡើងកាលពីថ្ងៃទី៥ និង​ថ្ងៃ​ទី៦ កញ្ញា​ទេ ព្រោះ​ថា សភា​ឯកបក្ស មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​ក៏​ពុំ​អាច​ធ្វើ​ជា​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​បាន​ដែរ ព្រោះ​ឆន្ទៈ​ខ្មែរ​ប្រមាណ​ពាក់​កណ្ដាល​ប្រទេស ត្រូវ​បាន​បិទ​មាត់ និង​មិន​អាច​បង្ហាញ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​កាល​ពី​ថ្ងៃ​ទី២៩ កក្កដា ឆ្នំា២០១៨។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា រដ្ឋ​ឯកបក្ស ដែល​លោក ហ៊ុន សែន និង​គណបក្ស​ ប្រជាជន​កម្ពុជា បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៥ កញ្ញា នឹង​នាំ​ឲ្យ​កម្ពុជា​ទទួល​រង​ទណ្ឌកកម្ម​ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ ហើយ​ការ​បន្ត​ដឹក​នាំ​របៀប​នេះ​តទៅ​ទៀត នាំ​តែ​ការ​ឈឺ​ចាប់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ។ គណបក្ស សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​មាន​ការ​លើក​យក​មាត្រា៥ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​សហប្រធាន​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា ត្រូវ​ការ​ពិភាក្សា​ជា​បន្ទាន់ ក្នុង​គោលបំណង​អនុម័ត​នូវ​វិធានការ​សមស្រប​ទាំង​ឡាយ ដើម្បី​ធានា​នូវ​ការ​គោរព ការ​ប្ដេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ និង​ដើម្បី​នាំ​កម្ពុជា​មក​កាន់​គន្លង​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ឡើង​វិញ។

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី៥ កញ្ញា តំណាង​អង្គទូត​ប្រទេស​មហាអំណាច​ចំនួន ៩ប្រទេស ដែល​និយម​ប្រជាធិបតេយ្យ មិន​បាន​ចូលរួម​ឡើយ ដែល​អ្នក​វិភាគ​លើក​ឡើង​ថា ជា​ការ​បង្ហាញ​ការ​មិន​គាំទ្រ​របប​ថ្មី​លោក ហ៊ុន សែន ហើយ​បញ្ហា​ចំពោះ​​មុខ គឺ​របប​ឯកបក្ស​ថ្មី​នេះ អាច​នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ពី​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ផ្សេង​ទៀត៕

Capture.PNG

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.