សភា​សិទ្ធិមនុស្ស​ ASEAN​ ទទូច​ក្រុម​មេដឹកនាំ​អាស៊ាន ​​ដាក់​សម្ពាធ​ កម្ពុជា ​និង ​ភូមា ក្នុងកិច្ចប្រជុំកំពូល នៅសិង្ហបុរី​

99C0D7AA-0D15-4A0A-B83B-7E4A6C232ABB_cx15_cy13_cw63_w1023_r1_s

ក្រុម​សមាជិកសភា​មួយ​ចំនួន ​នៅ​សមាគម​អាស៊ាន​ បាន​ទាម​ទារ​មេដឹកនាំ​ទាំង​ឡាយ ​ក្នុង​សមាគម​នេះ​  ​ឱ្យ​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ធ្លាក់​ចុះ​, ការ​លុបបំបាត់​ចោល​សារព័ត៌មាន​ឯករាជ្យ​ ​ការ​ដាក់​ឃុំឃាំង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​រំលាយ​ចោល ​គណបក្ស​ប្រឆាំង។


(VOA Khmer /ដោយ ហ៊ុល រស្មី /10 th-11-2018)
មេដឹកនាំ​នៅ​ក្នុង​ប្រទេស​សមាជិក ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា​ ​អាស៊ាន (ASEAN) ត្រូវ​តែ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​នោះ​មាន​វិបត្តិ​នៅ​ប្រទេស​កម្ពុជា ​និង ​មីយ៉ាន់ម៉ា​ ​ឲ្យ​ស្ថិត​លើ​ចំណុច​កំពូល​នៃ ​របៀបវារៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹងធ្វើ​ឡើង​រយៈពេល​ ៣ ថ្ងៃ ​នៅប្រទេស​សិង្ហបុរី​ នា​សប្ដាហ៍​ខាងមុខនេះ។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា​ ​APHR ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ ទី០៩ វិច្ឆិកា។​

ការ​ស្នើ​របស់​ ក្រុម​សមាជិកសភាអាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ​ដែល​ដឹកនាំ​ដោយ​លោក​ Charles Santiago ​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ឡើង​នៅ​ចំ​ពេល​ប្រទេស​កម្ពុជា​ កំពុង​ប្រារព្ធ​ខួប​លើក​ទី​៦៥​ ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ ពី​ប្រទេស​បារាំង។​ ​ក្រុម​សមាជិក​សភា​ដដែល​នេះ​ ក៏​បាន​លើកឡើង​ថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​សិង្ហបុរី នៅ​សប្ដាហ៍​ក្រោយ គឺជា​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​បង្អស់ ​ ​ចាប់តាំង​ពី​ការ​បោះឆ្នោត​ នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ ​ដែល​បាន​ប្រែក្លាយ​ប្រទេស​នេះ​ ​ឲ្យ​ទៅ​ជា​រដ្ឋ​មួយ​ ដឹកនាំ​ដោយគណបក្ស​តែ​មួយ​ ដោយ​រលូន។​

លោក​ ​Charles Santiago​ ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ APHR ត្រូវ​បាន​គេ​ស្រង់​សំដី​ ក្នុង​សេចក្ដី​ប្រកាស ​ចុះ​ថ្ងៃ​ទី​៩​ ​ខែ​វិច្ឆិកា​ ​តាម​ន័យ​ដើម​ថា៖​ «សិទ្ធិ​មនុស្ស​ បាន​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។​ ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ដ៏​បំផ្លិចបំផ្លាញ​របស់​ អាស៊ាន​ មានន័យថា​ ប្លុក​នេះ​ មិន​មាន​ទាំង​ឆន្ទៈ​ និង​លទ្ធភាព​ ដើម្បី​ចាត់​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​នានា​នោះ​ទេ។​ ​កង្វះ​នៃ​ចំណាត់​ការ​នេះ​ ត្រូវតែ​បញ្ចប់។ សិទ្ធិ​មនុស្ស​ គួរ​តែ​ស្ថិត​នៅ​ចំណុច​កណ្ដាល​ នៃ​ការប្រជុំ​នៅ​សិង្ហបុរី​ សប្ដាហ៍​ខាង​មុខ​នេះ»។​

លោក​ ​Charles Santiago ​បាន​ថ្លែង​បញ្ជាក់​ដល់​ស្ថានភាព​កម្ពុជា​ តាម​ន័យ​ដើម​ថា៖​ «មេដឹកនាំ​អាស៊ាន​មិន​អាច​បណ្ដោយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​រួច​ខ្លួន​យ៉ាង​ស្រួល​ ជាមួយ​ការ​ធ្វើ​ឲ្យ​អន្តរាយលទ្ធិប្រជាធិបតេយ្យ​​នោះ​ទេ។​ ​ពួកគេ​ ត្រូវ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បញ្ចប់​ការ​បង្ក្រាប​ លើ​អ្នករិះគន់​រដ្ឋាភិបាល​ និង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​មួយ​ ដែល​ពិតប្រាកដ​ សេរី​ ​និង​យុត្តិធម៌»។

​សេចក្ដី​ប្រកាស​របស់​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ពណ៌នា​បន្ថែម​ថា​ ​លោក​ ​ហ៊ុន សែន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ​បន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក បាន​ឈ្នះ​យក​អាសនៈ​តំណាង​រាស្ត្រ​ទាំង ​១២៥ ​នៅ​រដ្ឋសភា​ជាតិ​ ​នៅ​ខែ​កក្កដា​ ក្រោយ​ការ​បោះ​ឆ្នោត​មួយ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ ជា​ការ​បោក​បញ្ឆោត។​

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ ​គណបក្ស​ប្រជាជន​ បាន​បង្កើន​តាក់តិច​គាបសង្កត់​ក្រុម​ជំទាស់​ ​ដោយ​ការ​បំបាត់​ចោល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់​តិចតួច​ និង​ការ​បៀតបៀន​ ឃុំឃាំង​សកម្ម​ជន​សិទ្ធិមនុស្ស។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ក៏បាន​ថ្កោលទោស​ដល់​ការ​រំលាយ ​គណបក្ស​ប្រឆាំង​ និង​ការ​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​នេះ​ គឺ​លោក ​កឹម សុខា​ ពី​បទ​ក្បត់​ជាតិ​ ដែល​ផ្ដើម​ចេញ​ពី​ហេតុផល​នយោបាយ។ ពួកគេ​លើក​ឡើង​ថា បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កន្លងទៅ​ លោក​ ហ៊ុន សែន​ បាន​ផ្ដល់​សម្បទាន​ដោយអន្លើ​ តាម​ទម្រង់​នៃ​ការ​ដោះលែង ដែល​មាន​កំណត់​នូវអ្នកទោសនយោបាយ​ ប៉ុន្តែ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​ និង​នាំ​ឱ្យ​មាន​ការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ទាំងនោះ​ នៅ​បន្ត​មាន​នៅ​ឡើយ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក​ ​ផៃ ស៊ីផាន​ ​ទាត់​ចោល​ការ​អធិប្បាយ​នានា​ របស់​លោក ​Charles Santiago។ លោក​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​ថា៖ «លោក​ម្នាក់​ហ្នឹង ដែល​លើក​ឡើង​ ជា​គំនិត​បិសាច ​ប្រឆាំង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​លោក ​គ្មាន​សិទ្ធិ​អី​មក​ជ្រៀតជ្រែក​បញ្ហា​នេះ​ទេ​ ហើយ​ អាស៊ាន ​មិន​ទាន់​មាន​សមាជិក​ មិនទាន់​មាន​សភា​ អាស៊ាន​ នៅឡើយទេ​ ក៏ប៉ុន្តែ​គ្រាន់​តែ​ជា​សមាគម​តែ​ប៉ុណ្ណោះ។ ការ​លើកឡើង​ ជា​គំនិត​ ប្រកបដោយ​ការ​ឆ្កួតវង្វេង​ តែប៉ុណ្ណោះ​បាទ»។​

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​ ​ក៏​បាន​ចំអក​ដល់​មេដឹកនាំ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ជា​ក្រុម​ដែល​មិន​យល់​គោល​ការណ៍​របស់​ សមាគម​អាស៊ាន​ ហើយ​ថា​ ​ក្រុម​នេះ​ ជា​សម្ព័ន្ធ​មិត្ត​ពួក​ឧទ្ទាម។​ «​គាត់​ជា​សម្ព័ន្ធមិត្ត​ ជាមួយ​ហ្នឹង​ ​ក្រុម​ឧទ្ទាម។ អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង​ ជា​គំនិត​បិសាច​ ប្រឆាំង​នឹង​សន្តិ​ភាព​ ប្រឆាំង​នឹង​ឯករាជ្យភាព​ ប្រឆាំង​នឹង​ អាស៊ាន​ ជា​គោលការណ៍​មិន​លូក​ដៃ​នៅ​ មិន​ជ្រៀត​ជ្រែក​ជាមួយ​អ្នកណា​ទេ​ គាត់​គ្រាន់តែ​ជា​បិសាច​ឧទ្ទាមម្នាក់​ប៉ុណ្ណោះ»។​

ក្រៅពី​បញ្ហា​កម្ពុជា​ តំណាង​រាស្ត្រ​ក្នុង​តំបន់​ បាន​សង្កត់​ធ្ងន់​ថា​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​ត្រូវតែ​ដាក់​បញ្ចូល​ផង​ដែរ ​នូវ​វិបត្តិ​ក្រុម​អម្បូរ​ ​Rohingya​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​របៀប​វារៈ​របស់​ខ្លួន។​ ​កាល​ពី​ខែ​កញ្ញា​ ​ក្រុម​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ឯករាជ្យ ​ចាត់តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​ ចំពោះ​ការ​រំលោភ​បំពាន​យ៉ាង​សម្បើម ​នៅ​ក្នុង​រដ្ឋ​ Rakhine Kachin និង​ Shan ។​ ​ក្រុម​បេសកកម្ម​ បាន​ស្នើ​ឲ្យ​មន្ត្រី​យោធា​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​ ត្រូវ​ទទួលការ​ផ្ដន្ទាទោស ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ប្រល័យ​ពូជ​សាសន៍។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ដដែល​របស់​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ឲ្យដឹង​ដែរ​ថា កន្លងមក​ខ្លួន​ ធ្លាប់​បាន​ទទូច​សុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​ឱ្យ​យក​ស្ថានភាព​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ទៅ​ដាក់​នៅ​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផង​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.