រឿង​ព្រំដែន ស្រុកកំណើត ហេង សំរិន ជុំវិញការដោះដូរ ជាមួយ​វៀតណាម
ដោយលោក មួង សូនី (Moung Sony)៖ បេសសកម្ម១០០រាត្រី! /ថ្ងៃ ១១ ធ្នូ ២០១៨

នៅខាងក្រោមនេះជាការអង្កេតរកឃើញ របស់ក្រុមការងារ ១០០រាត្រី ដែល​មាន​ខ្លឹមសារ​ដូចតទៅ៖

I/ ការរកឃើញ

ទី១. ពលរដ្ឋនៅក្នុងតំបន់បានអះអាងថា អជ្ញាធរវៀតណាម តែងតែចូលល្បាតក្នុងដីខ្មែរ ស្ទើរជារៀងរាល់ថ្ងៃ។

ទី២. ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានអះអាងថា ខ្លួនពុំអាចធ្វើអ្វីនៅទីនោះ បានទេ ដូចជាការដាំកូនស្វាយ កាប់ឈើជាដើម ដោយមានការរារាំង ពីសំណាក់អាជ្ញាធរវៀតណាម។

ទី៣. កម្ពុជា បានបាត់បង់វត្តត្នោត ដែលជាវត្តបុរាណ្យ ទៅប្រទេសវៀតណាម ដែលមានចម្ងាយ ពីបង្គោលព្រំដែន លេខ ១២៧ ដែលបានបោះ ក្នុងឆ្នាំ២០០៨ ប្រមាណជាង ២ គីឡូម៉ែត្រ តែតាមពិតទៅវត្តត្នោតនោះ ស្ថិតក្នុង ភូមិអន្លុងជ្រៃ ភាគខាងកើត ស្រុកពញាក្រែក ត្បូងឃ្មុំ (តាមការអះអាងរបស់ពលរដ្ឋ នៅក្នុងតំបន់)។

ទី៤. ប្រជាពលរដ្ឋនៅរស់នៅក្នុង ភូមិថ្លុកត្រាច និង ភូមិអន្លុងជ្រៃ ផ្ទាល់ សុទ្ឋតែ​បានអះអាងថា ខ្លួនបានបាត់បង់ដី ស្រែចម្ការ ទៅប្រទេសវៀតណាម ក្នុង ភូមិអន្លុងជ្រៃ និង ភូមិថ្លុកត្រាច (​ភាគខាងកើតភូមិ) ស្រុកកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលសព្វថ្ងៃ ក្នុងប្រទេស​វៀតណាម ខណ្ឌដោយបង្គោលព្រំដែនថ្មី ដែលបោះក្នុងឆ្នាំ២០០៨ គឺបង្គោលលេខ ១២៥ ដល់បង្គោល លេខ ១៣១។ ដី ស្រែចម្ការ ដែលក្រុមគ្រួសារគាត់បានធ្វើការដាំដុះនៅទីនោះ ជាយូរណាស់មកហើយ ដែលអាជ្ញាធរវៀតណាម បានបញ្ឈប់ពួកគាត់មិនឱ្យធ្វើស្រែចម្ការ រវាងនៅចន្លោះឆ្នាំ១៩៨៥ និងបានបញ្ឈប់ទាំងស្រុង នៅពេលដែលបានបោះបង្គោលព្រំដែនរួច នៅឆ្នាំ២០០៨។

ទី៥. បើទោះបីជាមានការដុះដូរ ភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច នៅឃុំកក់ ស្រុកពញាក្រែក មកប្រទេសកម្ពុជាវិញ ដែលវៀតណាម បានអះអាងថា ជារបស់ខ្លួននោះ ក៏ប្រទេសកម្ពុជា មិនបានទទួលផ្ទៃដី ពេញលេញ នូវភូមិទាំង២ នោះដែរ។ គឺទទួលបានត្រឹមភូមិថ្លុកត្រាច ខាងលិចរីឯខាងកើត បានបាត់បង់ទៅប្រទេសវៀតណាម និងទទួលបានភូមិអន្លុងជ្រៃ ខាងលិច រីឯខាងកើតបានទៅប្រទេសវៀតណាម។ មូលហេតុនេះ ឯងបានជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផ្ទាល់ បានបាត់បង់ដី ស្រែចម្ការ របស់ខ្លួន ដែលធ្លាប់ប្រកបផលតាំងពីយូរណាស់មកហើយ។ ក្រុមការងារ  ១០០រាត្រី មិនបានរកឃើញថាផ្ទៃដី នៅភូមិថ្លុកត្រាច ខាងកើត និងអន្លុងជ្រៃខាងកើត ដែលបាត់បង់ទៅវៀតណាមនោះ ចំនួនប៉ុន្មាននោះទេ។ (តាមការអះអាងរបស់ប្រជាពលរដ្ឋ ក្នុងតំបន់)។

ទី៦. បងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច បានរៀបរាប់ថាក្រៅពីការបាត់បងចំនែកខ្លះនៃ ភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច មានភូមិចំនួនផ្សេងទៀតដែលវៀតណាម បានយកនោះគឺ ភូមិត្នោត និងភូមិវត្តត្នោត ដែលភូមិទាំង២ នេះ មិនបាននិយាយរៀបរាប់អ្វី ពីថ្នាក់ដឹកនាំប្រទេសឡើយ។

ទី៧. ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជន្លុងជ្រៃ និងភូមិថ្លុកត្រាច មិនបានទទួលព័ត៌មានអំពីការដោះដូរភូមិរបស់ខ្មែរ ទៅឱ្យប្រទេសវៀតណាម និងមិនបានចូលរួមសម្រេចផង ដែលក្នុងការដោះដូរភូមិទាំងនោះ។

ទី៨. ច្រកព្រំដែនត្នោត ដែលជាច្រករបៀង មានការដឹកទំនិញ ចេញចូលសេរី ពីវៀតណាម និងកម្ពុជា មន្ត្រីព្រំដែន ខ្មែរទទូលបានប្រាក់ខែតិចតូចគឺត្រឹម ១២០០០០០ រៀល ឬស្មើនឹង ៣០០ ដុល្លា ដែលប្រាក់ខែនេះ មានចំនួនតិចតួច ហើយអាចនាំអោយមានអំពើពុករលួយ។ ដោយឡែកមន្ត្រីបុស្តិ៍របៀងវៀតណាម ទទួលបានប្រាក់ខែជាង ១២០០ដុល្លា ដែលច្រើនជាងកម្ពុជា ៤ ដងឯនោះ។

II/ សេចក្តីសន្ធិដ្ឋាន

បើទោះបីជាមានការអះអាង ពីសំណាក់ ឯកឧត្តម វ៉ា គីមហុង នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១២ តាមរយៈសារពត័មានវិទ្យុអាស៊ីសេរី​ថា ភូមិអន្លុងជ្រៃ ភូមិថ្លុកត្រាច ដែលត្រូវបានគេគូស ចូលក្នុងផែនទីបារាំង មានមួយខ្នាតមួយ លើមួយរយពាន់ របស់ក្រុមប្រឹក្សាភូមិសាស្ត្រឥណ្ឌូចិន ទៅហើយ។ យ៉ាងណាយើងមិនដែលបានឃើញថា មានការយកផែនទី១ ខ្នាតលើ ១០០ ពាន់នោះ មកបកស្រាយ​ជុំវិញបញ្ហាការដោះដូរភូមិនេះដែរ។

ហេតុដូចនេះ ប្រជាពលរដ្ឋខ្មែរទាំងមូល រួមទាំងពលរដ្ឋរងគ្រោះ ដែលបានបាត់បង់ដី ស្រែ ចម្ការរបស់ខ្លួន មិនដឹងអ្វីទាំងអស់ អំពីការពិតនៃរឿងនេះ។ ហើយប្រជាពលរដ្ឋ ដែលរងគ្រោះពីការបាត់បង់ដីស្រែចម្ការ ទៅវៀតណាម ក៏មិនបានទទួលយុត្តិធម៌អ្វីដែរ។ ប្រសិនបើយោងតាមការសិក្សាស្រាវជ្រាវខាងលើ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា វៀតណាមនៅតែមានព្រៀបជាងកម្ពុជា ព្រោះហេតុថា ភូមិដែលវៀតណាម អោយមកកម្ពុជាវិញនោះ វៀតណាម នៅតែគ្រប់គ្រង មិនព្រមចាត់ទុកជាដែនអធិបតេយ្យ របស់កម្ពុជាពិតប្រាក រីឯភូមិដែលកម្ពុជា ត្រូវដោះដូរជាថ្នូរយក ភូមិអន្លុងជ្រៃ និងធ្លុកត្រាច នោះ មិនដឹងភូមិមួយណា ដែលមិនត្រូវបង្ហាញជាសាធារណ:។ ហើយប្រសិនបើកម្ពុជា បានប្រគល់ភូមិ២ ទៅប្រទសវៀតណាម ជាថ្នូរ និងការដោះដូរភូមិថ្លុកត្រាច និងអន្លុងជ្រៃ ពិតប្រាដកមែន វៀតណាម គួរលែងលូកលាន់ដែន​អធិតេយ្យ​កម្ពុជា នៅក្នុងភូមិនោះបន្តទៀត។

III/ អនុសាសន៍

ទី១. រាជរដ្ឋាភិបាល ត្រូវរៀបចំក្រុមសិក្សាស្រាវជ្រាវ ឯករាជ្យពិតប្រាកដ និងមានជំនាញវិជ្ជាជីវ: ច្បាស់លាស់ មកពីស្ថានប័នអន្តរជាតិ ដូចជាក្រសួងផែនការ និងស្ថានប័នអន្តរជាតិណាល្បីៗ រួចប្តឹងទៅតុលាការ ទីក្រុងឡាអេ។

ទី២. រាជរដ្ឋាភិបាល អនុញ្ញាតិអោយឯកឧត្តមបណ្ឌិត សុខ ទូច ដែលមិនជាអ្នកជំនាញត្រឹមត្រូវ និង ធ្វើការតាមអារម្ម មកសិក្សាអំពីបញ្ហាផែនទីនោះ ដូចនេះដើម្បីអោយភ្លឺច្បាស់ប្តូរយុទ្ឋសាស្ត្រក្នុង​ការសិក្សាអំពីបញ្ហាព្រំដែន។

ទី៣. ប្រសិនបើមានការដោះដូរភូមិមែននោះ រដ្ឋាភិបាលគួរសុំការអនុញ្ញាតិពីរដ្ឋសភា និងមិនគួរបំពានច្បាប់ព្រហ្មទណ្ឌ ក្នុងមាត្រា ៤៤0 ដែលបានចែងថា (អំពើប្រគល់​អោយរដ្ឋបរទេស ឬ ភ្នាក់ងារ​បរទេស នូវដែនដីជាតិទាំងស្រុង ឬុមួយផ្នែកត្រូវផ្តន្ទាទោស ដាក់ពន្ឋធនាគារអស់មួយជីវិត)។

ទី៤. រាជរដ្ឋាភិបាល គួរបន្ថែមប្រាក់ខែ ដល់មន្ត្រីរាជការ ដែលយាម និងការពារតាមព្រំដែនកម្ពុជា​ យ៉ាងហោចណាស់អោយបានស្នើរ មន្ត្រីវៀតណាម។

ទី៥. រាជរដ្ឋាភិបាលគួរតែផ្លាស់ប្តូរមន្ត្រីយាមព្រំដែន ក្នុងរយៈពេល ២អាទិត្យម្តង ដើម្បីកុំអោយមានអំពើពុករលួយ និងឃុបឃិត ជាមួយបរទេស។

ទី៦. រាជរដ្ឋាភិបាល គួរសិក្សាអោយបានលំអិត ចំពោះមន្ត្រីណាដែលឃុបឃិត ជាមួយបរទេស យក​មកដាក់ទោសតាមច្បាប់ព្រហ្មទណ្ឌ។

ទី៧. រាជរដ្ឋាភិបាល គួរចេញបំរាមហាមឃាត់មន្ត្រីអជ្ញាធរវៀតណាម ដែលចេញចូលល្បាត ក្នុងទឹកដីខ្មែរ ដើម្បីរក្សាជំហរឯករាជ្យ របស់ប្រទេសកម្ពុជា ក្នុងការពារព្រំដែន។

ក្រុមការងារ ១០០ រាត្រី សង្ឃឹមថារបាយការណ៍ស្រាវជ្រាវនេះ អាចចូលរួមចំនែកក្នុងការសិក្សា អំពីបញ្ហានៃការដោះដូរថ្លុកត្រាច និងអន្លុងជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ ហើយក៏បានជាឯកប្រវត្តិសាស្ត្រ សំរាប់ក្មេងជំនាន់ក្រោយផងដែរ។

កំណត់ចំណាំ៖ ក្រុមការងារ ១០០រាត្រី សូមស្វាគមន៍ ចំពោះមតិរិះគន់របស់បងប្អូនជនរួមជាតិក្នុងន័យស្ថាបនា និងក៍សូមអំពាវនាវអោយបងប្អូនជនរួមជាតិ មេត្តាចូលរួមទាំងអស់គ្នា ដើម្បីបន្តគាំទ្របេសកម្មលោកបណ្ឌិតកែមឡី ១០០រាត្រី និងគ្រួសារខ្មែរ។