អ្វីទៅជានយោបាយ?៖ ពលរដ្ឋ​ខ្មែរ តែងតែ​យល់​ខុស​គ្នាចំពោះ​ពាក្យ​ «នយោបាយ» ទៅ​តាម​ស្ថានភាពជាក់ស្តែង តាមការបកស្រាយ និង តាមទស្សនៈផ្ទាល់ខ្លួន ដោយសារកម្ពុជា។ នៅក្នុងផ្ត​ត់​គំនិត​ពួកគេ ​ចំពោះ​ពាក្យ​ថា «នយោបាយ» គឺ​សំដៅ​ទៅលើ​ អ្នកនយោបាយ ឬ​ គណបក្សនយោបាយ។ កន្លងទៅពលរដ្ឋខ្មែរ ចូលចិត្តទុកដាក់រឿងនេះ ទៅ​ឲ្យ​​អ្នកនយោបាយ​ដោះស្រាយ ដោយច្រើនតែមើលរំលង អំពីតួនាទីសំខាន់ៗរបស់ខ្លួន។

ប្លា​តុង / Platon (428-347 BC «មុន គ.ស.») បាន​ឲ្យ​និយមន័យ​នៃ​ពាក្យ​ថា ​នយោបាយ ​នេះ​យ៉ាង​ដូច្នេះ​ថា «នយោបាយ គឺជា​សិល្បៈ ដឹកនាំ អប់រំ គ្រប់គ្រង​សង្គម មនុស្ស​ ដោយ​ធ្វើឱ្យ​មនុស្ស​ជឿជាក់​ ទៅលើ​អ្វីមួយ»។

អា​រី​ស្តូ​ត / Aristoteles (384-322 BC) បាន​ឲ្យ​និយមន័យ​នេះ​ថា «នយោបាយ ជា​វិទ្យាសាស្ត្រ​ ​ដែល​ទាក់ទង​ដល់​ភាព​ថ្កុំថ្កើង ​សម្បូណ៌​សប្បាយ​​របស់​មនុស្ស និង​ បុរី​ទាំងមូល»។

ហ្ស​ង់ បូ​ដាំ / Jean Bodin (1530-1596) ជា​ទស្សនវិទូ និង​ជា​អ្នកច្បាប់​ជនជាតិ​បារាំង ​បាន​ឲ្យ​និយមន័យ​ថា «នយោបាយ គឺជា​ការរៀបចំ​ស្ថាប័ន​នានា ក្នុង​ទំនាក់​ទំនង ជា​មួយច្បាប់»។

ម៉ុង​តេស​គី​យើ / Montesquieu (1689-1766) បាន​ឲ្យ​និយមន័យ​នយោបាយ​ថា «នយោបាយ គឺ​ទាក់ទង​ទៅនឹង​គ្រប់​មុខងារ​​របស់​រដ្ឋា​ភិ​បាល ដែលមាន​ទំនាក់ទំនង​ទៅនឹង​ច្បាប់​ ទាំង​ក្នុង​អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និង ​អង្គការ​វិនិច្ឆ័យ​ទោស»។

ចំណែក​នៅក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​នេះ​ថា «នយោបាយ (ន)៖ (ន​យ+ឧបាយ) មានន័យថា ឧបាយ​ក្នុង​ការណែនាំ, កលល្បិច ឬ​មេគំនិត​ដែល​គេ​ផ្ដើមឡើង ​ដើម្បី​ដឹកនាំ​ជន​ដទៃ​ ឲ្យ​ប្រព្រឹត្ត​ទៅរក​ទិសដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ, កិច្ចការ​ទាក់ទង​ នឹង​ការគ្រប់គ្រង​រដ្ឋ»។

សរុបមក​ពាក្យ​ថា «នយោបាយ» គឺ​ផ្តោតទៅលើ​ទំនាក់ទំនង​រវាង​រាស្ត្រ រដ្ឋាភិបាល ច្បាប់ ការរីកចម្រើន​របស់​សង្គម ស្ថេរភាព​សង្គម ការចូលរួម​របស់​ប្រជាជន ​ក្នុងការ​កសាង​ជាតិ ​ជាមួយ​រដ្ឋាភិបាល៕ / (ប្រភពពី​កាសែតថ្មីៗ / សម្រួលអត្ថបទដោយ ម៉ែន ណាត)

Advertisements