ពិធីដាក់កម្រងផ្កាខួប ១៥ ឆ្នាំ វីរជនកម្មករ ជា វិជ្ជា នៅតែស្វែងរកពន្លឺយុត្តិធម៌

ក្រុមមន្រ្តីសហជីព សង្គមស៊ីវិល និងក្រុមកម្មករ នាំគ្នាធ្វើពិធីដាក់កម្រងផ្កានៅចំពោះរូបសំណាកលោក ជា វិជ្ជា នៅលើសួនខាងលិច វិមានឯករាជ្យ ក្បែរវត្តលង្កា ក្រុងភ្នំពេញ ជាទីកន្លែងដែលឃាតក បាញ់សម្លាប់លោក ជា វិជ្ជា ព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ ដែលកាលនោះ លោក កំពុងមើលកាសែត នៅតូបលក់កាសែត ជាប់នឹងរបងវត្តតែម្តង។

(អត្ថបទដោយ ម៉ែន ណាត /២២ មករា ២០១៩)
មកទល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នេះគឺជាខួប ១៥ ឆ្នាំ នៃឃាតកម្មលើរូបលោក ជា វិជ្ជា អតីតមេនដឹកនាំ សហជីពសេរីកម្មករ ដ៏ល្បីល្បាញ។ សហជីពសេរីកម្មករ ជាសហជីពដំបូងគេ បង្កើត​ឡើងក្នុងឆ្នាំ ១៩៩៦ ខណៈពេលក្រុមកម្មករកាត់ដេរ ទើបទទួលបានប្រាក់ឈ្នួល ២៥ ដុល្លារក្នុង ១ខែ ហើយលក្ខខណ្ឌការងារក៏លំបាកធ្ងន់ធ្ងរផង។

ក្នុងពិធីដាក់កម្រងផ្កា គម្រប់ខួប ១៥ឆ្នាំនេះ គេឃើញមានវត្តមានលោក រ៉ុង ឈុន មេដឹកនាំសហភាពសហជីពកម្ពុជា, លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាចាស់ទុំ ជាអ្នកវិភាគដ៏ល្បីល្បាញ, លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោក សួង សុភ័ណ្ឌ មេដឹកនាំបក្សអំណាចខ្មែរ ហើយនិង លោកគ្រូអ្នកគ្រូ មន្រ្តីបក្សប្រឆាំង (បក្សសង្គ្រោះជាតិ) និង បងប្អូនកម្មករមួយចំនួន។

ក្រុមអ្នកដាក់កម្រងផ្កា ក្នុងខួប ១៥ ឆ្នាំនេះ នៅតែបន្តទាមទាររកយុត្តិធម៌ ជូនក្រុមគ្រួសារលោក ជា វិជ្ជា ដែលសម្លេងទាមទារនេះ នៅតែបន្លឺឡើងជាបន្តបន្ទាប់ រយៈពេល ១៥ឆ្នាំហើយដែរ។

ចំណែកក្រុមមន្រ្តីរបប ហ៊ុន សែន ក៏បាននិយាយថា «កំពុងស្រាវជ្រាវរកឃាតក បាញ់សម្លាប់លោក ជា វិជ្ជា» ប៉ុន្តែមិនដែលឃើញក្រុមមន្រ្តីសមត្ថកិច្ច ធ្វើការស្រាវជ្រាវមានប្រសិទ្ធភាពទេ។

គួររំលឹកថា មន្រ្តីធំខ្លះក្នុងជួររដ្ឋាភិបាល ហ៊ុន សែន មានជាប់ពាក់ព័ន្ធក្នុងឃាតកម្មលោក ជា វិជ្ជា កាលពី ១៥ ឆ្នាំមុន គឺជារូបលោក ហ៊ុន ឡងឌី មេប៉ូលីសជាតិ នៃក្រសួងមហាផ្ទៃ (ផ្ទុះយន្តស្លាប់ ថ្ងៃទី ០៩ វិច្ឆិកា ២០០៨ ខណៈពេលលោកទៅលេងល្បែង នៅក្រុងបាវិត ស្វាយរៀង) ហើយលោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ គឺជាអ្នកបោសសម្អាត និងរៀបចំគំរោងការបំបិទភស្តុតាំង ក្រោយការបាញ់ប្រលើរូបលោក ជា វិជ្ជា។ បច្ចុប្បន្នលោក ហេង ពៅ ជាប់ពន្ធនាគារ លើសំណុំរឿងពាលស៊ីពាល ក្នុងជួរមន្រ្តីរបប ហ៊ុន សែន ក្នុងរឿងពាក់ព័ន្ធគ្រឿងញៀន និងការជែងអំណាចគ្នា ជាមួយលោក ហុក ឡងឌី ដែលជាដន្លងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ ២០០៦។

ឃាតកម្មលោក ជា វិជ្ជា កាលនោះគឺមានពាក់ព័ន្ធនឹងការជាប់គាំងនយោបាយជិត ១ ឆ្នាំ ក្រោយការបោះឆ្នោតជាតិខែ កក្កដា ឆ្នាំ២០០៣។ គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យរបស់លោក សម រង្ស៊ី និងព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រឆាំងមិនចូលរួមបង្កើតរដ្ឋាភិបាល ជាមួយគណបក្សប្រជាជន របស់លោក ហ៊ុន សែន ដែលឈ្នះការបោះឆ្នោត ដោយការបន្លំសន្លឹកឆ្នោតយ៉ាងចំហ ដែលទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិផង។

លោក ជា វិជ្ជា កាលនោះគឺមេដឹកនាំសហជីពសេរីកម្មករ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ផង និងជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផង ដែលប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះលទ្ធផលបោះឆ្នោតមិនប្រក្រតី ឆ្នាំ២០០៣ ដែលធ្វើឲ្យភាគីម្ខាងនៃបក្សសម្ព័ន្ធប្រជាធិបតេយ្យ គឺខាងព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ស្ទាក់ស្ទើរក្នុងជួបចរចាជាមួយភាគីលោក ហ៊ុន សែន។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានសមាជិកជាសមាគម សហជីព និងក្រុមនិស្សិត ដែលរួមមាន៖
១. សហជីពសេរីកម្មករ របស់លោក ជា វិជ្ជា ហើយក្រោយមកលោក ជា មុន្នី ជាប្អូនប្រុសលរបស់លោក ជា វិជ្ជា បន្តដឹកនាំ។
២. សមាគមមន្រ្តីរាជការកម្ពុជា ដែលដឹកនាំដោយលោក ម៉ែន ណាត និងជាអ្នកសម្របសម្រួល ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដឹកនាំដោយលោក រ៉ុង ឈុន។
៤. ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោក អ៊ុំ សំអាន ហើយក្រោយមកដឹកនាំដោយ លោក ប៉ាង សុខឿន។
៥. សមាគមកសិករកម្ពុជា ដឹកនាំដោយលោក ឆាំ ឆានី។
៦. សម្ធ័ន្ធសហជីពវាយនភ័ណ្ឌកម្មករកាត់ដេរ ដឹកនាំដោយលោកស្រី ឆន សុខា។

ក្រោយឃាតកម្មលើរូបលោក ជា វិជ្ជា មក មានតំណាងមេដឹកនាំសហជីពសេរីកម្មករ ២ រូបទៀត នៅតាមបណ្តារោងចក្រ ត្រូវបានធ្វើឃាត យ៉ាងអយុត្តិធម៌គឺ លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារេត។

កាលនោះភរិយាលោក ជា វិជ្ជា និងកូនស្រី ២ នាក់ (កូនពៅនៅក្នុងផ្ទៃមាតានៅឡើយ) របស់លោក បានភៀសខ្លួននយោបាយ ទៅរស់នៅប្រទេស ហ្វាំងឡង់ (Finland) រហូតសព្វថ្ងៃ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.