អត្ថបទដោយលោក ម៉ែន ណាត / ២២ មករា ២០១៩

ក្រុមមន្រ្តីសហជីព សង្គមស៊ីវិល និងក្រុមកម្មករ នាំគ្នាធ្វើពិធី​ដាក់​កម្រងផ្កា​នៅ​ចំពោះ​រូបសំណាក​លោក ជា វិជ្ជា នៅ​លើសួន​ខាង​លិច វិមានឯករាជ្យ ក្បែរវត្តលង្កា ក្រុងភ្នំពេញ ជាទីកន្លែង​ដែល​ឃាតក បាញ់​សម្លាប់​លោក ជា វិជ្ជា ព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ ដែលកាល​នោះ លោកកំពុងមើល​កាសែត នៅតូប​លក់​កាសែត ជាប់​នឹងរបង​វត្តតែម្តង។

មកទល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នេះគឺជាខួប ១៥ ឆ្នាំ នៃឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា អតីត​មេនដឹកនាំ សហជីព​សេរីកម្មករ ដ៏ល្បីល្បាញ។ សហជីព​សេរីកម្មករ ជា​សហជីព​ដំបូង​គេ បង្កើត​​ឡើង​ក្នុង​ឆ្នាំ ១៩៩៦ ខណៈ​ពេលក្រុម​កម្មករ​កាត់ដេរ ទើប​ទទួល​បានប្រាក់​ឈ្នួល ២៥ ដុល្លារ​ក្នុង ១ខែ ជាមួយ​លក្ខខណ្ឌ​ការងារ​ក៏លំបាក​ធ្ងន់ធ្ងរ​ផង។

ក្នុងពិធីដាក់កម្រងផ្កា គម្រប់ខួប ១៥​ ឆ្នាំនេះ គេឃើញ​មានវត្តមាន​ លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីពកម្ពុជា, លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជាចាស់ទុំ ជាអ្នក​វិភាគ​ដ៏ល្បីល្បាញ, លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោក សួង សុភ័ណ្ឌ មេដឹកនាំ​បក្សអំណាច​ខ្មែរ ហើយ​និង លោក​គ្រូអ្នកគ្រូ មន្រ្តីបក្សប្រឆាំង (បក្ស​សង្គ្រោះជាតិ) និង បងប្អូន​កម្មករ​មួយចំនួន។

ក្រុមអ្នកដាក់កម្រងផ្កា ក្នុងខួប ១៥ ឆ្នាំនេះ នៅតែបន្តទាមទារ​រក​យុត្តិធម៌ ជូន​ក្រុមគ្រួសារ​លោក ជា វិជ្ជា ដែល​សម្លេង​ទាមទារ​នេះ នៅ​តែបន្លឺ​ឡើងជា​បន្តបន្ទាប់ រយៈ​ពេល ១៥ ឆ្នាំហើយ​ដែរ។

ចំណែកក្រុមមន្រ្តីរបប​លោក ហ៊ុន សែន ក៏បាននិយាយថា «កំពុងស្រាវជ្រាវ​រកឃាតក បាញ់​សម្លាប់​លោក ជា វិជ្ជា» ប៉ុន្តែ​មិនដែល​ឃើញក្រុម​មន្រ្តី​សមត្ថកិច្ច ធ្វើ​ការស្រាវជ្រាវ​មាន​ប្រសិទ្ធភាព​ទេ។

គួររំលឹកថា មន្រ្តីធំខ្លះក្នុងជួររដ្ឋាភិបាល ហ៊ុន សែន មាន​ជាប់ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​ លោក ជា វិជ្ជា កាល​ពី ១៥ ឆ្នាំមុន គឺជារូប​លោក ហ៊ុន ឡងឌី មេប៉ូលីស​ជាតិ នៃ​ក្រសួង​​មហាផ្ទៃ (ផ្ទុះ​យន្តស្លាប់ ថ្ងៃទី ០៩ វិច្ឆិកា ២០០៨ ខណៈ​ពេលលោក​ទៅ​លេង​ល្បែង នៅ​ក្រុងបាវិត ស្វាយរៀង) ហើយ​លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ គឺ​ជាអ្នក​បោស​សម្អាត និង​រៀបចំ​គំរោង​ការបំបិទ​ភស្តុតាំង ក្រោយ​ការបាញ់​ប្រលើរូប​លោក ជា វិជ្ជា។ បច្ចុប្បន្នលោក ហេង ពៅ ជាប់ពន្ធនាគារ លើសំណុំរឿង​ពាលស៊ីពាល ក្នុង​ជួរមន្រ្តីរបប​លោក ហ៊ុន សែន ក្នុង​រឿង​ពាក់ព័ន្ធ​គ្រឿងញៀន និង​ការជែង​អំណាចគ្នា ជាមួយ​លោក ហុក ឡងឌី ដែល​ជាដន្លង​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីឆ្នាំ ២០០៦។

ឃាតកម្មលោក ជា វិជ្ជា កាលនោះ​គឺមានពាក់ព័ន្ធ​នឹងការជាប់​គាំង​នយោបាយ​ជិត ១ ឆ្នាំ ក្រោយ​ការបោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០០៣។ បក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ​របស់លោក សម រង្ស៊ី និង​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រឆាំង​មិនចូលរួម​បង្កើត​រដ្ឋាភិបាល ​ជាមួយ​គណបក្សប្រជាជន របស់​លោក ហ៊ុន សែន ដែល​ឈ្នះ​ការបោះឆ្នោត ដោយ​ការបន្លំសន្លឹក​ឆ្នោត​យ៉ាងចំហ ដែល​ទទួល​​រង​ការថ្កោលទោស​​ពី​សហគមន៍​​អន្តរជាតិផ​ង។

លោក ជា វិជ្ជា កាលនោះ​គឺមេដឹកនាំ​សហជីពសេរីកម្មករ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី ផង និង​ជាសមាជិក​នៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផង ដែល​ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះ​លទ្ធផលបោះឆ្នោត​មិន​ប្រក្រតី ឆ្នាំ ២០០៣ ដែល​ធ្វើឲ្​យភាគីម្ខាង​នៃ​បក្សសម្ព័ន្ធប្រជាធិបតេយ្យ គឺ​ខាង​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ស្ទាក់​ស្ទើរ​ក្នុងការ​ជួប​ចរចា ជាមួយ​ភាគីលោក ហ៊ុន សែន។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានសមាជិកជាសមាគម សហជីព និងក្រុមនិស្សិត ដែល​រួមមាន៖
១. សហជីពសេរីកម្មករ របស់​លោក ជា វិជ្ជា ហើយ​ក្រោយ​មក​លោក ជា មុន្នី ជាប្អូនប្រុស​របស់​លោក ជា វិជ្ជា បន្តដឹកនាំ។
២. សមាគមមន្រ្តីរាជការកម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ម៉ែន ណាត និង​ជាអ្នកសម្របសម្រួល ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដឹកនាំ​ដោយ​លោក រ៉ុង ឈុន
៤. ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក អ៊ុំ សំអាន ហើយក្រោយ​មក​ដឹកនាំ​ដោយ លោក ប៉ាង សុខឿន
៥. សមាគមកសិករកម្ពុជា ដឹកនាំ​ដោយលោក ឆាំ ឆានី
៦. សម្ធ័ន្ធសហជីពវាយនភ័ណ្ឌកម្មករកាត់ដេរ (ស៊ីខៅឌូ /C.CAWDU) ដឹក​នាំ​ដោយ​លោកស្រី ឆន សុខា

ក្រោយឃាតកម្មលើរូបលោក ជា វិជ្ជា មក មាន​តំណាង​មេដឹកនាំ​សហជីពសេរីកម្មករ ២ រូប​​ទៀត នៅ​​តាម​​បណ្តា​​រោងចក្រ ត្រូវ​​បាន​​គេ​ធ្វើឃាត យ៉ាង​អយុត្តិធម៌​ដូចគ្នា គឺលោក ហ៊ី វុទ្ធី និង លោក រស់ សុវណ្ណារេត

កាលនោះភរិយាលោក ជា វិជ្ជា គឺអ្នកស្រី ជា គឹមនី និង​កូនស្រី ២ នាក់ (កូន​​ពៅ​​នៅ​​ក្នុង​ផ្ទៃ​​មាតា​​នៅ​ឡើយ) របស់​លោក បាន​​ភៀសខ្លួន​នយោបាយ ទៅរស់នៅ​ប្រទេស ហ្វាំងឡង់ (Finland) រហូតសព្វថ្ងៃ៕

អត្ថបទភ្ជាប់៖ អ្នកស្រី ជា គឹមនី ភរិយា​​លោក ជា វិជ្ជា ថា​​លោក ហេង ពៅ ជា​សាក្សី និង​ជា​អ្នក​ពាក់ព័ន្ធ ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា

រូបថតរំលឹកខួបលោក ជា វិជ្ជា គម្រប់ ១៥ ឆ្នាំ នៅខែមករា ឆ្នាំ២០១៩
រូបថតរំលឹកខួបលោក ជា វិជ្ជា គម្រប់ ១៥ ឆ្នាំ នៅខែមករា ឆ្នាំ២០១៩
រូបថតរំលឹកខួបលោក ជា វិជ្ជា គម្រប់ ១៥ ឆ្នាំ នៅខែមករា ឆ្នាំ២០១៩