(ទស្សនាវដ្តីមនោរម្យ /២៩ មករា ២០១៩)
របាយការណ៍សន្ទស្សន៍​ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) មិនផ្ដល់ក្ដីសោមនស្ស សម្រាប់របបដឹកនាំរបស់ លោក ហ៊ុន សែន សព្វថ្ងៃនេះទេ ហើយនៅតែចាត់ទុកកម្ពុជា ថាជាប្រទេសដែលមាន «អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ និងខ្លាំងជាងឆ្នាំមុន»។ របាយការណ៍នោះ ដែលត្រូវបានចេញផ្សាយ ក្នុងថ្ងៃអង្គារនេះ បានផ្ដល់ពិន្ទុឲ្យកម្ពុជា ក្នុងឆ្នាំ ២០១៨ កាន់តែអន់ជាងឆ្នាំ ២០១៧ មួយពិន្ទុ។

រវាងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាប់លេខ​ «ជិតចុងគេបង្អស់» ដដែល – លេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេស។ តែផ្ទុយទៅវិញ កម្ពុជារកពិន្ទុ​​ ក្នុងឆ្នាំ ២០១៨ នេះ បានត្រឹមតែ ២០ ពិន្ទុប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំ ២០១៧ ដែលរកបាន​ ២១ ពិន្ទុ។

ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ បៀបធៀបនឹងប្រទេសទាំង ៩ ទៀត នៅក្នុងតំបន់ ដែលបង្ហាញថា កម្ពុជាជាប្រទេស​ដែលមាន​​ «អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់»៖

១). សិង្ហបូរី (Singapore) មាន ៨៥ ពិន្ទុ លេខ ៣ (ឆ្នាំ២០១៧ រកបាន ៨៤ពិន្ទុ លេខ ៦)
២). ប្រ៊ុយណេ (Brunei) មាន ៦៣ ពិន្ទុ លេខ ៣១ (ឆ្នាំ២០១៧ រកបាន ៦២ពិន្ទុ លេខ ៣២)
៣). ម៉ាឡេស៊ី (Malaysia) មាន ៤៧ ពិន្ទុ លេខ៦១ (ឆ្នាំ២០១៧ រកបាន ៤៧ពិន្ទុ លេខ ៦២)
៤). ឥណ្ឌូនេស៊ី (Indonesia) មាន ៣៨ ពិន្ទុ លេខ៨៩ (ឆ្នាំ២០១៧ បាន ៣៧ពិន្ទុ លេខ ៩៦)
៥). ថៃ (Thailand) មាន ៣៦ ពិន្ទុ លេខ៩៩ (ឆ្នាំ២០១៧ រកបាន ៣៧ ពិន្ទុ លេខ ៩៦)
៦). ហ្វីលីពីន (Philippines) មាន ៣៦ ពិន្ទុ លេខ៩៩ (ឆ្នាំ២០១៧ បាន ៣៤ពិន្ទុ លេខ ១១១)
៧). វៀតណាម (Vietnam) មាន ៣៣ ពិន្ទុ លេខ ១១៧ (ឆ្នាំ២០១៧ រកបាន ៣៥ ពិន្ទុ លេខ ១០៧)
៨). ឡាវ (Laos) មាន ២៩ ពិន្ទុ លេខ ១៣២ (ឆ្នាំ២០១៧ រកបាន ២៩ពិន្ទុ លេខ ១៣៥)
៩). ភូមា (Burma) មាន ២៩ ពិន្ទុ លេខ ១៣២ (ឆ្នាំ២០១៧ រកបាន៣០ពិន្ទុ លេខ ១៣០)
១០). កម្ពុជា (Cambodia) មាន ២០ ពិន្ទុ លេខ ១៦១ (ឆ្នាំ២០១៧ រកបាន ២១ពិន្ទុ លេខ ១៦១)។

ប្រទេស​ដែលអង្គការតម្លាភាពអន្តរជាតិ រកឃើញថា មានភាពស្អាតស្អំជាងគេ គឺប្រទេស​ដាណឺម៉ាក ជាប់លេខ១ ជាមួយនឹង ៨៨ ពិន្ទុ។ បន្ទាប់មក ប្រទេសជាប់លេខ ២ គឺប្រទេស ញ៉ូហ្សេឡែន ដែលទទួលបាន ៨៧ ពិន្ទុ។ ប្រទេសស្អាតស្អំបន្ទាប់ ដែលទទួលចំណាត់ថ្នាក់ ស្មើប្រទេសសិង្ហបូរី ដែរនោះ គឺប្រទេស ហ្វាំងឡង់ (ក្នុងពិន្ទុ ៨៤ ដូចគ្នា)៕

.

Advertisements