Monthly Archives: January 2019

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ ខួប ៤០​ឆ្នាំ ទិវា ៧ មករា នៃរបប ហ៊ុន សែន ជាការរំលឹក​​វៀតណាម ឈ្លានពាន​​កម្ពុជា កោះត្រល់ បូរណភាព​ទឹកដី និងការហូរចូល​យួន​អន្តោប្រវេសន៍ខុសច្បាប់

សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ខួប ៤០ឆ្នាំនៃរបប ហ៊ុន សែន ក្នុងទិវាថ្ងៃ ៧ មករា ជាការរំលឹកដល់​វៀតណាម ឈ្លានពានកម្ពុជា កោះត្រល់ បូរណភាពទឹកដី និងការហូរចូលយួនអន្តោប្រវេសន៍ខុសច្បាប់

ខណៈកម្ពុជា កំពុងមានវិបត្តិរដ្ឋធម្មនុញ្ញ, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានរំលោភបំពានធ្ងន់ធ្ងរ, ការរំលាយបក្សប្រឆាំង និងចាប់ឃុំឃាំងលោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំងយ៉ាងអយុត្តិធម៌ នោះរបប ហ៊ុន សែន បែរជាខិតខំរំលឹកខួប ៤០ ឆ្នាំរួមគ្នាជាមួយ វៀតណាម ហៅថាទិវា ៧ មករា យ៉ាងសប្បាយ ភ្ជាប់ជាមួយគុណបំណាច និងសមិទ្ធផលនានាដែល វៀតណាម ជួយលើកបន្តុបក្រុមខ្មែរក្រហមថ្មី រួមមានលោក ហេង សំរិន និង ហ៊ុន សែន ជាដើម ដែលមានចំណេះដឹងបន្តិចបន្តួច ឡើងកាន់អំណាច រហូតមកទល់សព្វថ្ងៃ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថា ទិវា ៧ មករា មិនមែនជាថ្ងៃកំណើតទី២ ដូចការអះអាងរបស់របប ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទេ។ ថ្ងៃទី ៧ មករា ១៩៧៩ គឺថ្ងៃដែរវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់កម្ពុជា ១០ ឆ្នាំដោយកម្លាំងយោធាវៀតណាម ដែលវាផ្ទុយច្បាប់ និងប្រូតូកូលអន្តរជាតិ។ ជាមួយគ្នានោះ វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់ ដែលយើងនៅតែចាត់ថា «ជានិគមជនយួនខុសច្បាប់ នៅកម្ពុជា» មកទល់បច្ចុប្បន្ន។ (សូនអាន ច្បាប់ស្តីពីអន្តោប្រវេសន៍ ១៩៩៤ និងសូមអាន ច្បាប់ស្តីពីសញ្ជាតិ ១៩៩៦)

ក្នុងអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជា ១០ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវបានអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិនានា ចាត់ទុកថា «វៀតណាម ឈ្លានពានប្រទេសកម្ពុជា» ផងដែរ។ ពេលនោះ វៀតណាម បានបង្ខំឲ្យរបប ហ៊ុន សែន ធ្វើនៅសន្ឋិសញ្ញា កិច្ចព្រមព្រៀង និង ឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជា ដូចជាព្រំដែនទឹក, ការកំណត់ព្រំដែនគោកជាថ្មី និងប្រជុំ កោះត្រល់ ផងទៀត។

សន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា–វៀតណាម ថ្ងៃ ១៨ កម្ភៈ ឆ្នាំ១៩៧៩ ចុះហត្ថលេខាដោយ លោក ហេង សំរិន និង សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦) ។ ម៉្ល៉ោះហើយ មេដឹកនាំវៀតណាម រំលឹករបប ហ៊ុន សែន ជាហូរហែរ ឲ្យជួយការពារ និងជួយសម្រួលដល់ «យួនខុសច្បាប់»នៅកម្ពុជាសព្វថ្ងៃ នៅតែបន្តរស់នៅស្រុកខ្មែរ ដោយសេរី និងបង្កផលវិបាកដង្គមខ្មែរផង។

សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ដែលចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ បានធ្វើឲ្យ វៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃនេះ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)។

សន្ធិសញ្ញាព្រំដែនគោក រវាកម្ពុជា–វៀតណាម ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៥ និងឆ្នាំ ២០០៥ ដែលធ្វើឡើងដោយលោក ហ៊ុន សែន និង វៀតណាម សុទ្ធតែធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដី ទៅខាងវៀតណាម។ ជាក់ស្តែង តាំងពីពេលប្រទេសទាំង ២ បោះបង្គោលកំណត់ព្រំដែនថ្មី (ពីឆ្នាំ ២០០៦-បច្ចុ្បន្ន) បានធ្វើឲ្យពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន បាត់បង់ដីស្រែចំការរបស់ខ្លួន សូម្បីតែភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៃរបប ហ៊ុន សែន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដោះដូរ ឲ្យទៅវៀតណាម ដោយយកដីធ្លីអ្នកភូមិខ្មែរ ២ ទៀត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅដោះដូរ ឬហៅថា «យកភូមិខ្មែរ ដោះដូរទៅឲ្យយួន»។

ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមទទូចអំពាវនាវឲ្យរបប ហ៊ុន សែន ត្រូវវិលមកអនុវត្តរដ្ឋធម្មនុញ្ញា និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដោយ៖

1. ត្រូវដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងផ្តល់នីតិសម្បទាដល់ គណបក្សសង្គ្រោះជាតិ ហើយនិងមន្រ្តីគណបក្សនេះ ១១៨ រូបឡើងវិញដោយឥតលក្ខខណ្ឌ។
2. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយ វៀតណាម ដែលផ្លុយពីខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១។ 
3. ត្រូវប្តឹងសើរើទាមទារ កោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋកម្ពុជាវិញ តាមរយៈម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា 
(ប្រទេស ន័រវេស៍ ថ្ងៃទី ៦ មករា ២០១៩)

Advertisements
Recent Entries »