(The Cambodia Daily /ដោយ តាំង សារ៉ាដា /០៥ កម្ភៈ ២០១៩)
ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បាន​នាំ​រិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​លិខិត​រដ្ឋបាល​ផ្លូវការ​របស់​ក្រសួង​ឧហ្សាហ​កម្ម​ និង​សិប្បកម្ម​ ដែល​អញ្ជើញ​មន្រ្តី​របស់​ក្រសួង​នេះទាំងអស់​ ទៅ​ចូលរួម​ពិធី​សែន​ចូល​ឆ្នាំ​ចិន ​នៅ​ទីស្តីការ​ក្រសួង។​

ក្នុង​លិខិត​អញ្ជើញ​មួយ ​ចុះ​ថ្ងៃទី ​៣០ ​ខែ​មករា​ ដែល​ធ្វើ​ឡើង​ដោយ​លោក ​ឡុង សុភ័ណ្ឌ ​អគ្គនាយក​រង​កិច្ចការ​ទូទៅ​ នៃ​ក្រសួង​ឧស្សាហ​កម្ម ​និង​សិប្បកម្ម​ ហើយ​ដែល​បាន​បែក​ធ្លាយ​ជា​សាធារណៈ ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ ​«បាន​ណែនាំ​ដល់​មន្ត្រី​ក្រសួង​ទាំងអស់​ ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ​ចូល​រួម​ពិធី​សែនចូល​ឆ្នាំចិន ​នៅ​ទីស្តី​ការ​ក្រសួង​ នាថ្ងៃ​ទី​ ៤​ ខែ​កុម្ភៈ​ ក្រោម​អធិបតី​ភាព​លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហ​កម្ម ​និង​សប្បកម្ម»។​

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស Norway​ លោក ​ម៉ែន ណាត​ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ «ការ​ចេញ​លិខិត​ក្នុង​ក្របខណ្ឌ​ក្រសួង​របៀប​នេះ ​ជា​កំហុស​រដ្ឋបាល​សាធារណៈ​ផង​ ហើយ​និង​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​ កាន់តែ​មាន​ភាព​រញ៉េ​រញ៉ៃ»។​

លោក​ {ម៉ែន ណាត} បន្ត​ថា ​ពិធី​បុណ្យ​ចូល​ឆាំ្ន​ចិន ​និង​វៀតណាម​នេះ​ មិន​មែន​ជា​ប្រពៃណី​របស់​ខ្មែរ​ ​ឬ​ជា​ពិធី​ផ្លូវការ​របស់​ខ្មែរ​នោះ​ទេ ​ដូច្នេះ​អ្នក​ដែល​មាន​សែ​ស្រឡាយ​ចិន​ និង​វៀតណាម ​ភាគ​ច្រើន​ ធ្វើ​ពិធី​នេះនៅ​​តាម​ផ្ទះ ​ហើយ​អញ្ជើញ​សាច់​ញាតិ​ មិត្ត​ភក្តិ​ ឬអ្នក​ជិត​ខាង​​មក​ចូល​រួម​តែ​ប៉ុណ្ណោះ។

​អ្នកនាំពាក្យរបស់ក្រសួង​ឧស្សាហ​កម្ម ​និង​សប្បកម្ម លោក អ៊ុំ សុថា បានប្រាប់វិទ្យុ VOD ថា៖ «យើងអត់មានទៅធ្វើអី ពិធីសែនចិនអីនៅក្នុងក្រសួងទេ។ យើងគ្រាន់តែនាំគ្នា អុជធូប នៅពេលថ្ងៃសីលធម្មតា​ទេ ហើយដោយសារថ្ងៃហ្នឹង មន្រ្តីរាជការគាត់មកធ្វើការទាំងអស់គ្នាទៅ យើងក៏ប្រាប់តៗគ្នា»។ លោកទទួលស្គាល់កំហុស ក្នុងការចេញលិខិតរបស់ក្រសួងថា «ខាងរដ្ឋាបាល គាត់ទៅធ្វើលិខិតផ្លូវការអញ្ចឹង វាខុស យើងកំពុងកែតម្រូវវិញ»

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នោប្រទេសន័រវេស៍

.
Advertisements