(RFA KHmer /ដោយ មួង ណារេត / 06th-4-2019)
របប​លោក ហ៊ុន សែន ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ដែល​មាន​ឋានៈ​ស្មើ​អភិបាលស្រុក​មួយ នូវ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ (៥០ ម៉ឺនដុល្លារ) ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​តស៊ូ​មតិ​ឱ្យ​កម្ពុជា ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ថ្កោលទោស របប​នេះ អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។

ទីភ្នាក់ងារ​សារព័ត៌មាន AP (​ឬ Associated Press) ឱ្យ​ដឹង​កាលពី​ថ្ងៃទី៥ ខែ​មេសា ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) បាន​ចុះបញ្ជី​តាំង​ខ្លួន​ជា​ភ្នាក់ងារ​បរទេស ដើម្បី​ពិគ្រោះ​យោបល់ និង​ជា​សកម្មជន​រត់ការ ​តំណាង​ឱ្យ​កម្ពុជា។

លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួល​ការពារ​របប​លោក ហ៊ុន សែន នេះ​ក្នុងនាម​ក្រុមហ៊ុន​មួយ​របស់​លោក​ឈ្មោះ ផែករិម (PacRim) ដែល​គិត​ថ្លៃ ៥០ ​ម៉ឺន (៥០០.០០០) ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​របប​លោក ហ៊ុន សែន ដើម្បី​កិច្ចការ​ពិគ្រោះ​យោបល់​ផ្សេងៗ រួម​ទាំង​ការ​ជួយ​ចាត់ចែង និង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​ របស់​គណៈប្រតិភូ​កម្ពុជា ទៅ​ទឹកដី​អាមេរិក​ផង។

នេះ​គឺជា​រឿង​ដែល​មិន​ធ្លាប់​កើតមាន​មួយ ដែល​សមាជិក​ព្រឹទ្ធិ​សភា​នៃ​រដ្ឋ​មួយ ឈរ​ឈ្មោះ​តំណាង​ឱ្យ​រដ្ឋ​បរទេស​មួយ ក្នុង​ការ​តស៊ូ​មតិ​បែបនេះ​។ ប្រភព​ដដែល បាន​ដកស្រង់​ប្រសាសន៍​​មេធាវី​នៃ​ ក្រុមប្រឹក្សា​សីលធម៌​សមាជិកសភា អ្នកស្រី ជេនីហ្វើរ ស្ត្រឹះស៍ (Jennifer Strus) ថាបើ​តាមច្បាប់​របស់​រដ្ឋ ស្ដីពី​ក្រមសីលធម៌​នៃ​មុខងារ​សាធារណៈ គឺ​លោក ដាហ្គ អេរ៉ិចសិន មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ដោយសារ​ច្បាប់​នោះ​ហាម។

ប្រភព​ដដែល ដកស្រង់​ប្រសាសន៍ ប្រធាន​អង្គការ​សង្គម​ស៊ីវិល ដេម៉ូក្រាស៊ី ថ្វិនធីវ័ន (Democracy 21) ដែល​ពិនិត្យមើល​ការចាយវាយ​លុយ​ក្នុង​ផ្នែក​នយោបាយ លោក ហ្វ្រិដ វើស្សៃមើរ (Fred Wertheimer) ថា រឿង​នេះ ជា​រឿង​ដ៏​ចម្លែក​មួយ ដែល​ប្រទេស​មួយ ជួល​សមាជិក​ព្រឹទ្ធសភា​របស់​រដ្ឋ នៃ​ប្រទេស​មួយ​ផ្សេងទៀត ឱ្យ​ធ្វើជា​អ្នក​រត់​ការ​ឱ្យ​ខ្លួន​បែបនេះ។

អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ជាច្រើនលើក កាលពី​ថ្ងៃទី ០៦ ខែ​មេសា ២០១៩ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ទោះជា​យ៉ាង​នេះ​​ក្តី របប​លោក ហ៊ុន សែន បាន​ទទួល​ស្វាគមន៍​លោក ដាហ្គ អេរ៉ិចសិន យ៉ាង​ហ៊ឹក​ហាក់ ដោយ​លោក ហ៊ុន សែន ផ្ទាល់​បាន​ទ​ទួល​បដិសណ្ឋារកិច្ច​លោក ដាហ្គ អេរ៉ិចសិន ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​យ៉ាង​សុះសាយ ក្នុង​ជំនួប​ចុងក្រោយ​រវាង​លោក និង សមាជិក​ព្រឹទ្ធសភា​រូប​នេះ កាលពី​ថ្ងៃ​ទី២២ ខែ​មីនា កន្លង​ទៅ។

លោក ដាហ្គ អេរ៉ិចសិន រង​ការរិះគន់​យ៉ាង​ខ្លាំង ថា​មាន​ជំហរ​ផ្ទុយ​ទៅ​នឹង​រដ្ឋាភិបាល​អាមេរិក ចំពោះ​សារ​របស់​លោក ដែល​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា ព្រោះ​ក្រសួង​ការបរទេស​អាមេរិក បាន​ថ្កោលទោស និង​ចាត់ទុកថា ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ថា​ក្លែងក្លាយ។

ទោះបី​របប​លោក ហ៊ុន សែន អះអាង​ថា មិន​ឱន​ក្បាល​ចំពោះ​បរទេស រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​របប​នេះ ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ក៏ដោយ ក៏​លោក​នៅតែ​ឆ្លៀត​បញ្ជូន​មន្ត្រី​របប​លោក និង​លោក​ខ្លួន​ឯង ក្នុង​ការ​ស្វះ​ស្វែងរក​ការចរចា​ជាមួយ​ភាគី​បរទេស ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​នេះ។

ទោះជា​លោក ហ៊ុន សែន ខិតខំ​យ៉ាង​នេះ​ក្តី ក៏​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ គ្មាន​ជំនឿ​ថា កម្ពុជា​នឹង​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​នោះ​ដែរ ដរាបណា​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន នៅតែ​ដដែល​បែបនេះ​នោះ​។

កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់​ទុក​ការជួល​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ឱ្យ​ជួយ​រត់ការ​ជួយ​របប​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​បែប​នេះ គឺជា​រឿង​ឥតប្រយោជន៍​។ កញ្ញា កឹម មនោវិទ្យា សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​កញ្ញា​ថា ទោះ​ជួល​អ្នកគ្រាន់បើ​ជាង​នេះ រហូត​ដល់ ៥០​ លាន​ដុល្លារ​ទៅទៀត ក៏​មិន​អាច​ជួយ​បង្វែរ ឬ​កែប្រែ​គោលជំហរ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​នោះ​ដែរ​។ កញ្ញា​បន្ថែម​ថា ដំណោះស្រាយ​មានតែ​មួយ​គត់ គឺ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​បើក​លំហ​ប្រជាធិបតេយ្យ ដូច​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើង​វិញ។
.

.
លោក ហ៊ុន សែន កំពុង​ខិតខំ​ផ្ដល់​តម្លៃ​ខ្ពស់ ដល់​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ដែល​មាន​ឋានៈ​ត្រឹម​ចៅហ្វាយស្រុក​មួយ​រូប​នេះ ស្រប​ពេល​ដែល​លោក​ចាត់​ទុក​មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ចុះទៅ​ស្រុក​ខ្មែរ កាលពី​ខែ​មីនា ដើម្បី​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ថា​ជា​មន្ត្រី​តូចតាច មិន​សម​នឹង​លោក​ជួប។

ការ​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ជួល​មន្ត្រី​រូប​នេះ លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ចំណាយ​ថវិកា​ខ្ជះខ្ជាយ និង​ឥតប្រយោជន៍ ស្រប​ពេល​លោក ដាហ្គ អេរ៉ិកសិន ត្រឹមតែ​ជា ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ (State Senator) មួយ​រូប ដែល​គ្មាន​តួនាទី​អ្វី​ក្នុង​កិច្ចការ​​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ទាល់​តែ​សោះ។ លោក​មិនមែន​សមាជិកសភា​ថ្នាក់​ជាតិ​ទេ (US senator)​។ រដ្ឋ​នីមួយៗ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ តិច​ឬ​ច្រើន ទៅតាម​របាយ​ប្រជាជន​។ គ្រាន់តែ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត​មួយ ដែល​លោក​រស់នៅ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ៤៩ នាក់ ដែល​ម្នាក់​តំណាង​ឱ្យ​ស្រុក​មួយ​។ ជារួម​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ម្នាក់ តំណាង​ពលរដ្ឋ​ប្រមាណ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ ក្នុង​រដ្ឋ​នោះ។ តួនាទី​លោក ដាហ្គ អេរ៉ិកសិន គឺ​ប្រហាក់ប្រហែល​តួនាទី​តំណាង​សង្កាត់ ឬ State Representative បន្តិច​បន្តួច​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​លោក ដាហ្គ អេរ៉ិកសិន ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​ជាប់​ជា​តំណាង​សង្កាត់​មួយ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក មុំ រ៉ាឌី នោះ គឺ​ពួកគាត់ មាន​ឋានៈ​កម្រិត​ប្រហាក់ប្រហែលគ្នា ដែលគ្មានតួនាទី​កម្រិត​ទំនាក់ទំនង​អន្តរជាតិ​នោះឡើយ៕

.

Advertisements