កោះត្រល់ ដែលសព្វថ្ងៃកាន់កាប់ដោយប្រទេសវៀតណាម ដាក់ឈ្មោះថ្មីថា Phú Quốc ។ កោះ​នេះ ជា​កោះ​របស់ខ្មែរ ដែល​មាន​ចម្ងាយប្រមាណ ១៥ គ.ម ពីឆ្នេរសមុទ្រ​កម្ពុជា ខេត្តកំពត និងមានចម្ងាយប្រហែល ៤៥ គ.ម ពី​តំបន់​ហា​ទៀន កម្ពុជាក្រោម (ប្រទេស​វៀណាម​​សព្វថ្ងៃ)។

បើតាមវិទ្យុ RFA Khmer ឆ្នាំ 2012 បញ្ជាក់ថា កោះត្រល់ មានផ្ទៃក្រឡា ៥៧៤ គ.ម.ការ៉េ ហើយ​​មានទំហំជិតប៉ុនប្រទេស សង្ហបូរី។ នៅលើកោះ មានពលរដ្ឋប្រម៉ាណជា ៥ សែន​នាក់ ក្នុង​នោះ មាន​ពលរដ្ឋខ្មែរ​​ប្រហែលជា ២០០ គ្រួសារ រួមបញ្ចូល​ទាំងខ្មែរ​កម្ពុជាក្រោម និង ខ្មែរ ដែលមក​ពីខេត្តកំពត ក្រៅពីនោះ សុទ្ធសឹងតែជាពលរដ្ឋយួន ហើយ​ពលរដ្ឋ​យួន ដែល​មក​រស់នៅទីនោះ​យូរបំផុត តាំងពីឆ្នាំ ២០០០។

កោះត្រល់នេះ កាន់កាប់ដោយរដ្ឋាភិបាលកម្ពុជា តាំងពីដើម​រហូតមក ដែល​មាន​ឯកសារ​បញ្ជាក់​ជាហូរហែរ «ឯកសារ​ប្រជុំកោះត្រល់» ។ នៅក្រោយរបបខ្មែរក្រហម កោះនេះ មិនមាន​មូលដ្ឋានទ័ព​របស់កម្ពុជា​ទៀតទេ។ ទោះ​បើកម្ពុជា ពុំមាន​មូលដ្ឋាន​ទ័ព​ក៏ដោយ តែពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏រស់នៅ​ប្រកបរបរ​ចិញ្ចឹម​ជីវិត នៅទីនោះជាធម្មតា។ ក្រោយមកទៀត ដោយសារតែមិនមានការយកចិត្តទុកដាក់ ពីរដ្ឋាភិបាលកុម្មុនិស្តកម្ពុជា ក្នុងទសវត្សទី៨០ របស់លោក ហ៊ុន សែន, ហេង សំរិន, ជា ស៊ីម ម្ល៉ោះហើយកោះនោះ ក៏ត្រូវពួកអ្នកនេសាទជនជាតិយួន ទៅធ្វើនេសាទ និងតាំងទីនៅទីនោះ ជាទីសំចត។

នៅថ្ងៃ ០៧ ខែកក្កដា ឆ្នាំ ១៩៨២ រដ្ឋមន្រ្តីការបរទេសខ្មែរ ហ៊ុន សែន បានចុះ សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្ត្រ ជាមួយវៀតណាម ដោយរាប់បញ្ចូលទាំង «កោះត្រល់» ផង ដែលធ្វើឲ្យ យួន មានសិទ្ធិរកស៊ីនេសាទ និងតាំងលំនៅ ទីនោះដែរ។ ប៉ុន្តែសន្ធិសញ្ញាទាំងឡាយ នៅមុនឆ្នាំ ១៩៩០ គឺត្រូវបានចាត់ទុកថា «សនិ្ធសញ្ញាខុសច្បាប់» ពីព្រោះវាផ្ទុយនឹង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ ដោយហេតុនេះហើយ រដ្ឋាភិបាលវៀតណាម បង្ខំឲ្យរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ត្រូវធ្វើ «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម» រួមគ្នាមួយទៀតនៅខែតុលា ឆ្នាំ ២០០៥ ដែលសន្ធិសញ្ញាថ្មីនេះ មានលក្ខណៈគ្របដណ្តប់ទៅលើសន្ធិសញ្ញានានាឡើងវិញ នៅមុនឆ្នាំ១៩៩០។

កោះត្រល់ សព្វថ្ងៃត្រូវបានរដ្ឋាភិបាលវៀតណាម កាន់​កាប់​ផ្លូវការ ដែល​ក្រុម​អ្នក​ជាតិនិយម​ខ្មែរ​ ហៅថា «វៀតណាម រំលោភ​លើ​បូរណភាព​ទឹកដី​កម្ពុជា ក្នុង​សំណុំ​រឿងកោះ​ត្រល់»។

កោះត្រល់ មានឆ្នេរសមុទ្រ សរុបជាង ១០០ គ.ម ហើយមានឆ្នេរ​ធម្មជាតិ​ស្អាតៗ​ជា​ច្រើន ​ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ណាស់ កោះនេះ មិន​មាន​នៅ​សេសសល់​ឈ្មោះ​ខ្មែរ សូម្បី​តែមួយ​ម៉ាត់។ បើនិយាយ​ពីរមណីយដ្ឋាន​វិញ នៅទីនោះរួមមាន ទឹកឆា ឬ ទឹកធ្លាក់ មាន ២ កន្លែង៖
១. រមណីយដ្ឋានទឹកឆា គំនូរ (SUOI TRANH)
២. រមណីយដ្ឋានទឹកឆា ថ្មតុក (SUOI DA BAN) មានឆ្នេរស្អាត់ៗជាច្រើនទៀតដូចជា៖
២/១. ឆ្នេរផ្កាយ (BAI SAO)
២ /២. ឆ្នេរធំ (BAI THOM)
២/៣. ឆ្នេរវែង (BAI DAY) និងឆ្នេរមួយចំនួនធំទៀត ដែលមិនបានរៀបរាប់អស់ នៅក្នុងអត្ថបទនេះ។

កោះនេះ មានឆ្នេរចំនួន ២ ប្រភេទឆ្នេរមួយប្រភេទ ដែលនៅខាងត្បូងកោះ ជា​ឆ្នេរ​មួយ ដែល​អំណោយ​ផល​ដល់​វិស័យទេសចរណ៍ សម្រាប់ជិះទូកលើរលក និង​ជិះ​ទូកប្រដេញ​ខ្យល់ ​យ៉ាង​សប្បាយ ព្រោះ​ឆ្នេរនេះ មានខ្យល់ខ្លាំង ហើយរលកធំៗ ជាអំណោយផល ទៅដល់ទេសចរណ៍​ប្រភេទ​នេះ។ ចំណែក​ ឆ្នេរ​ខាង​ជើង​កោះ ជាឆ្នេរ​ស្ងប់ខ្យល់ ដូចនៅក្រុងព្រះសីហនុ​ដែរ។ ដោយសារ​ស្ងប់ខ្យល់នេះ​ហើយ វាអំណោយផល​ដល់ការងូតទឹកកម្សាន្ត របស់ភ្ញៀវ​ទេសចរ។ ហើយឆ្នេរនេះ មានខ្សាច់សក្បុសស្អាត ហួសនឹងថ្លែង។

កោះត្រល់ មាន​ហេដ្ឋារចនា​សម្ព័ន្ធដូចជា ស្ពាន ថ្នល់ អាកាសយានដ្ឋាន និង​រមណីយដ្ឋាន​ សណ្ឋាគារ ផ្ទះសំណាក់ ទីផ្សារ ផ្សារាត្រីលក់​គ្រឿង​សមុទ្រស្រស់ៗ និង​វត្ថុអានុស្សាវរីយ៍ ក្នុងតំបន់។

បញ្ជាក់៖ កោះត្រល់ មានចម្ងាយប្រហែល​តែ ៥ គ.ម. ប៉ុណ្ណោះ​ពី កោះសេះ នៃ​ខេត្តព្រះសីហនុ

បញ្ជីរាយនាម កោះ ៤៧ ក្នុង​ចំណោម​កោះ ៦៤ ​ក្នុង​ដែន​សមុទ្រ​ខ្មែរ

នេះជាបញ្ជីឈ្មោះកោះ ជាភាសាខ្មែរ៖
១. កោះកណ្ដុរ ខេត្តកោះកុង (Koh Kandol) អ្នកស្រុកច្រើនហៅ “កោះនូ”
២. កោះកោងកាង ក្រុងព្រះសីហនុ (Koh Kaongkang)
៣. កោះកុង ខេត្តកោះកុង (Koh Kong)
៤. កោះក្របី ក្រុងព្រះសីហនុ (Koh Krabey)
៥. កោះក្រចកសេះ (Koh Krachak Seh)
៦. កោះក្រាស ខេត្តកំពត (Koh Kras)
៧. កោះការាំង ខេត្តកំពត (Koh Kareang)
៨. កោះខ្មោច ខេត្តកោះកុង (Koh Khmaoch)
៩. កោះខ្ទះ ក្រុងព្រះសីហនុ (Koh Khteah)
១០. កោះគុណ ក្រុងព្រះសីហនុ (Koh Kaun)
១១. កោះគុត ខេត្តកោះកុង (Koh Kut)
១២. កោះចន្លុះ ក្រុងព្រះសីហនុ (Koh Chanlouh)
១៣. កោះឆាន់ ខេត្តកោះកុង (Koh Chhan)
១៤. កោះឆាង ខេត្តកោះកុង (Koh Chhang)
១៥. កោះដំឡូង ខេត្តកោះកុង (Koh Damlaung)
១៦. កោះដែកគោល ក្រុងព្រះសីហនុ (Koh Dekkol)
១៧. កោះតាកៀវ ក្រុងព្រះសីហនុ (Koh Takeav)
១៨. កោះតាង ក្រុងព្រះសីហនុ (Koh Tang)
១៩. កោះតាទាម ក្រុងព្រះសីហនុ (Koh Tateam)
២០. កោះត្បាល់ ខេត្តកំពត (Koh Tbal)
២១. កោះត្រល់ ខេត្តកំពត (Koh Kral)
២២. កោះត្រឡាច (Koh Kralach)
២៣. កោះថាស (Koh Thas)
២៤. កោះថ្មដុស ក្រុងព្រះសីហនុ (Koh Thma-Dos)
២៥. កោះថ្មី ក្រុងព្រះសីហនុ (Koh Thmei)
២៦. កោះទន្សាយ ខេត្តកំពត (Koh Tonsay)
២៧. កោះទ្រាស ក្រុងព្រះសីហនុ (Koh Treas)
២៨. កោះពស់ ក្រុងព្រះសីហនុ (Koh Puos)
២៩. កោះពូឡូវៃ ក្រុងព្រះសីហនុ (Koh Poulouvai)
៣០. កោះពោធិ ខេត្តកំពត (Koh Po)
៣១. កោះព្រីង ក្រុងព្រះសីហនុ (Koh Pring)
៣២. កោះព្រឺស ក្រុងព្រះសីហនុ (Koh Prus)
៣៣. កោះម្នាស់ ខេត្តកោះកុង (Koh Monoas) ខ្លះច្រឡំថា “កោះមនុស្ស”
៣៤. កោះម៉ាកប្រាង ខេត្តកំពត (Kah Makbrang)
៣៥. កោះមូល ខេត្តកោះកុង (Koh Moul)
៣៦. កោះរុង ក្រុងព្រះសីហនុ (Koh Roung)
៣៧. កោះរុងសន្លឹម ក្រុងព្រះសីហនុ (Koh Rong Sanloem)
៣៨. កោះសំពោច ក្រុងព្រះសីហនុ (Koh Sampoch)
៣៩. កោះសេះ ក្រុងព្រះសីហនុ (Koh Seh, Sihanoukville)
៤០. កោះសេះ ខេត្តកំពត (Koh Seh, Kampot)
៤១. កោះស្តេច ខេត្តកោះកុង (Koh Sdach)
៤២. កោះស្មាច់ ខេត្តកោះកុង (Koh Smach)
៤៣. កោះស្រមោច ក្រុងព្រះសីហនុ (Koh Sramoch)
៤៤. កោះស្វាយ ខេត្តកំពត (Koh Svay)
៤៥. កោះអង្ក្រង ខេត្តកំពត (Koh Angkrang)
៤៦. កោះអណ្ដើក ខេត្តកោះកុង (Koh Andaek)
៤៧. កោះឫស្សី ខេត្តកំពត (Koh Russei)

បើតាមលោកបណ្ឌិត កែម ឡី កាលនៅរស់ បានរំលឹកថា បញ្ជីឈ្មោះ​កោះ​ខ្មែរ​ទាំងអស់​​មាន​ ៦៤ កោះ នៅសមុទ្រ​កម្ពុជា។ ទោះបីយ៉ាង​ណាក្តីអត្ថបទនេះ សូមចាត់ថា​ ជា​គំនិត​យោបល់ សម្រាប់​អ្នកសិក្សាបន្ត៕ (អត្ថបទស្រាវជ្រាវដោយលោក ម៉ែន ណាត និងអត្ថបទបន្ថែមដោយអ្នកស្រី សម សុខា)។

កោះត្រល់វិលវិញ Koh Tral (Phu-Quoc) Khmer return

១. ជំនោររំភើយឯនាយកោះត្រល់… រលកតាមខ្យល់អំពល់ចិត្តខ្ញុំ
បង្កើយក្រុងកែបកំពតខេត្តមុំ… កោះត្រល់ស្រែកយំទូញសុំវិលវិញ។
២. កាត់ផ្តាច់ផ្ទៃទឹកសន្ធឹកសមុទ្រ… រលកបោកផុតស្រយុតទន្ទេញ
ដែនដីកោះត្រល់ខ្វល់ខ្វាយពោរពេញ… ទុក្ខធំទោម្នេញឃ្លាតចេញពីខ្មែរ។
៣. ទុកស្នាមញញឹមសង្ឃឹមថ្ងៃមួយ… ជាតិយើងអស់ព្រួយមានច្បាប់កែប្រែ
ប្តឹងប្តល់ផលបុណ្យជាទុនមាសស្នេហ៍… កោះត្រល់នឹងបែរមកខ្មែរជាគូ។
៤. ញ៉ាំងចិត្តសង្ឃឹមប៉ប្រឹមនួននាក់… ញ៉ាំងចិត្តជឿជាក់ រកអ្នកគំរូ
ជួយស្រាយស្រង់ជាតិញោមញាតិមីងពូ… រួមស្នេហ៍ជាគូ កំពត-កោះត្រល់៕

អត្ថបទកំណាព្យពាក្យ៨ ដោយលោក មែ៉ន ណាត