ការ​លើកឡើងថា ​វៀតណាម ​ឈ្លានពាន​កម្ពុជា ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង (Lee Hsien Loong) ធ្វើ​ឲ្យ​ទីក្រុង​ហាណូយ ​ខកចិត្ត​យ៉ាងខ្លាំង​។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃទី​៤ ខែមិថុនា បានបង្ហាញ​ការសោកស្ដាយ​ចំ ពោះ​ការលើកឡើង​របស់​មេដឹកនាំ​សិង្ហ​បុរី ​ដែល​ធ្វើឡើង​អំឡុងពេល​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់លោក​។ វៀតណាម ចាត់ទុក​សម្ដី​លោក លី ថា មិនបាន​ឆ្លុះបញ្ចាំង​ការពិត។​
 
(ThmeyThmey News /ដោយ តន ចាន់​រិ​ទ្ធា​រ៉ា / 05th-6-2019)
តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​នៅ​ថ្ងៃទី ​៣១ ខែឧសភា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​សរសេរ​រំលែក​មរណទុក្ខ និង​បង្ហាញ​ការ​ស្ងើចសរសើរ​ភាពជា​អ្នកដឹកនាំ​របស់លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា អតីត​នាយករដ្ឋមន្ត្រី​ថៃ ​ក្នុង​ទសវត្សរ៍​១៩៨០ និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​ របស់​ព្រះមហាក្សត្រ​ថៃ ដែល​ទើបបាន​ទទួលមរណភាព​ កាលពី​ថ្ងៃទី​២៦​ ខែឧសភា​។ ប៉ុន្តែ​លោក លី ក៏បាន​និយាយ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​ ដែល​កើតឡើង​នៅ​កម្ពុជា ​តែ​ពាក់ព័ន្ធ​វៀតណាម។​

«​ក្នុងអំឡុង​ពេលដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេលដែល​សមាជិក​អាស៊ាន​ទាំង ​៥ ​នៅពេលនោះ បាន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម ​មកលើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា (​ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​។ ប្រទេស​ថៃ ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម ​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជា មួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន ​ដើម្បី​ប្រឆាំង​វៀតណាម ​នៅតាម​វេទិកា​អន្តរជាតិ​នានា​»​។ នេះ​ជា​សំណេរ​របស់លោក លី។ 

សំណេរ​ខាងលើនេះ បន្ថែម​ពីលើ​ការនិយាយ​លើ​បញ្ហា​ដូចគ្ នា​អំឡុងពេល​កិច្ចសន្ទនា Shangri-La កាលពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​វៀតណាម​ ចេញមក​ប្រតិកម្ម​។ អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​វៀតណាម ​មានការ​សោកស្ដាយ ​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នា​កិច្ចប្រជុំ​ Shangri-La និង​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន ​ក្នុងចំណោម​សាធារណមតិ។» ​មន្ត្រី​ក្រសួងការបរទេស​វៀត​ណា​ម​ដដែល ​បន្តថា ក្នុងនាម​ជា​សមាជិក​សកម្ម និង​មានការ​ទទួលខុសត្រូវ​របស់​អាស៊ាន វៀតណាម បាននិង​បន្ត​ធ្វើការ ​ជាមួយ​សមាជិក​ដទៃទៀត​ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ ​ប្រកបដោយ​ការរួបរួម និង​សាមគ្គីភាព ហើយ​ដើរតួនាទី​ស្នូល​នៅក្នុង​តំបន់៕

Advertisements