គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា ​នៅ​ប្រទេស​បារាំង ​បាន​ផ្ញើ​លិខិត​អរគុណ​ដល់​នាយក​រដ្ឋមន្ត្រី​ប្រទេសសិង្ហបុរី ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​មួយ ​ទាក់ទង​នឹង​តួនាទី​កងទ័ព​វៀតណាម ​ចូលឈ្លាន​ពាន​កម្ពុជា ​ក្នុងឆ្នាំ​១៩៧៩ ​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​ពី​អំណាច។

(VOA Khmer, 10 th-6-2019)
នៅក្នុង​លិខិត​ចំហ​របស់​លោក​ ឌី ការ៉េត​ កាលពី​ថ្ងៃទី​៧ ខែ​ មិថុនា ​ឆ្នាំ២០១៩​ ពីទីក្រុង​ប៉ារីស​ ផ្ញើ​ជូនលោក ​លី​ ស៊ានឡុង​ (Lee Hsien Loong)​ នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ ដែល ​VOA ​ទទួល​បាន​នោះ​បាន បញ្ជាក់​ថា៖ ​«គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង​ ដែល​ខ្ញុំ​ជា​តំណាង ​សូម​បង្ហាញនូវ​គារវកិច្ច​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះការ​រំឭក​ពិភព​លោក​ នៅថ្ងៃ​ទី៣១ ​ខែឧសភា​ នៅ​ឯ​សន្និសីទ​ Shangri-La Dialogue ​Conference ​អំពី​ការ​ឈ្លានពាន​ ហើយ​និង​ការ​ត្រួតត្រា​ប្រទេស​កម្ពុជា​ ពី​វៀតណាម​កាលពី​ឆ្នាំ១៩៧៩ ​ដែល​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ភ្លេច​អំពី​រឿងនេះ​ ឬធ្វើ​ជា​ភ្លេច‍»។

លោក ​ឌី ការ៉េត​ បាន​បន្ថែម​ការ​អរគុណ​ជាថ្មី​ផងដែរ ​ចំពោះ​ប្រទេស​សិង្ហបុរី ​ដែលបាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​ ចំពោះ​វៀតណាម​ក្នុង​ការ​បង្កើត​ «ដែនទឹក​ប្រវត្តិសាស្ត្រ‍»​ ជាមួយ​កម្ពុជា​ នៅឯ​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី ​១៥ ​ខែធ្នូ ឆ្នាំ​ ១៩៨៦។

​ភ្លាមៗ​ក្រោយពី​សេចក្តី​ថ្លែងការណ៍​របស់​មេដឹកនាំ ​សិង្ហបុរី ​ក្រុមមន្ត្រី​រដ្ឋាភិបាល​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដោយ​ចាត់ទុក​ថា ​ជាការ​បង្ហាញ​ថា​ កាល​នោះ​សិង្ហបុរី​ បាន​គាំ​ទ្រ​របប​ប្រល័យ​ពូជសាសន៍​ និង​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍ ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​បញ្ជាក់​ទៀត​ថា៖ «ការ​លើក​ឡើង​នេះ ​ក៏​ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​ របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​នោះ»។

លោក​ ហ៊ុន សែន​ បាន​សង្កត់​ធ្ងន់​ថា​ ការ​លើក​ឡើង​របស់ ​លោក​ Lee​ នា​ពេល​នេះ​ក៏​បាន​បង្ហាញ​ប្រជាជន​សិង្ហបុរី​ និង​ពិភព​លោក​ថា​ មេដឹក​នាំ​សិង្ហបុរី ​នា​ពេល​នោះ​បាន​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។

កម្ពុជា​ និង​សិង្ហបុរី​ បាន​ផ្លាស់ប្តូរ​កិច្ច​សន្ទនា ​ដើម្បីសម្រប​សម្រួល​ពីរឿង​អត្ថាធិប្បាយ​នេះ​ ទន្ទឹម​គ្នា ​ដែល​មាន​ការ​ពន្យល់​ពីមន្ត្រី​សិង្ហបុរី​ អំពី​ជំហរ​របស់​ខ្លួន រួច​ហើយ​ថា គ្មាន​ចេតនា​បង្ក​បញ្ហា​ជាមួយ​កម្ពុជា​ និង​វៀតណាម​នោះ​ទេ៕

Advertisements