លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបច្ចុប្បន្នជាប្រធាន សហភាពសហជីពកម្ពុជា ចូលរួមសន្និសីទអន្តរជាតិ លើក​ទី​​១០៨ (International Labour Conference) ស្តីអំពីការងារ​សម្រាប់អនាគត​ភ្លឺស្វាង (Work for a brighter future) ដែលរៀបចំដោយ​អង្គការពលកម្មអន្តរជាតិ (ILO) នៅទីស្នាក់ការ​កណ្តាល​ក្នុងទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស (Geneva, Switzerland) ប្រព្រឹត្តទៅថ្ងៃទី ១០-២១ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមមន្រ្តីសហជីពពីប្រទេសកម្ពុជា ដែលគាំទ្ររដ្ឋាភិបាល និង សហជីពឯករាជ្យ មានសមាសភាព​ជិត ១០ រូបរួមមានលោក រ៉ុង ឈុន, លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ, លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា, លោក ជួន មុំថុល សហជីព​របស់រដ្ឋាភិបាល និងមន្រ្តី​សហជីព​អមដំណើរមួយចំនួនទៀត ចូលរួមក្នុងសន្និសីទអន្តរជាតិនេះ។

លោក រ៉ុង ឈុន បានថ្លែងថា សម្រាប់ប្រទេសកម្ពុជា យើងផ្តោតសំខាន់ទៅលើលក្ខខណ្ឌការងារ ដែលក្នុងនោះមានកិច្ចសន្យាការងាររយៈពេលវែង និងរយៈពេលខ្លី ហើយនិងបញ្ហាប្រាក់ឈ្នួលរបស់កម្មករនិយោជិត។ កិច្ចសន្យាការងាររយៈពេលខ្លី គឺជាបញ្ហាដ៏ចម្រូង​ចម្រាស់​ក្នុងការចរចា រវាងក្រុមសហជីព ជាមួយនិងពួកនិយោជក ពីព្រោះច្បាប់ការងាររបស់កម្ពុជា មិនទាន់មានភាពប្រសើរនៅឡើយ។

លោក រ៉ុង ឈុន បន្ថែមថា «ចំពោះសេីភាពសហជីព និងស្ថានភាពការងាររបស់​កម្មករនិយោជិតគឺ កម្ពុជា​​នៅមានហានីភ័យខ្ពស់» ស្របពេលស្ថានភាព​នយោបាយខ្មែរ ស្ថិតក្នុងស្ថានភាពស្រពិចស្រពិល និង​ការធ្លាក់ចុះនៃ​លទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យរងទណ្ឌកម្មធ្ងន់​ធ្ងរ​ពីសហភាពអឺរ៉ុប ក្នុងរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA និងពីសហរដ្ឋអារិក ក្នុងរឿងប្រព័ន្ធ GSP។

នៅលើគេហទំព័ររបស់ អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា អង្គការនេះគឺជាស្ថាប័ន​សម្រសម្រួលការងារ ទៅលើភាគីក្រុមសហជីពកម្មករ ជាមួយភាគីក្រុមហ៊ុននិយោជក និង​ភាគីរដ្ឋាភិបាល ដើម្បីលើកកំពស់វិស័យការងារ វិស័យសុខុមាលភាពសង្គម ការការពារបណ្តាញការងារសកល និងស្ថិរភាពសម្រាប់អនាគតការងារ។

(អត្ថបទដោយលោក ម៉ែន ណាត /១៣ មិថុនា ២០១៩)

លោក រ៉ុង ឈុន (កាន់ឆ័ត្រ) និងលោក សូ ចាន់ដារ៉ា
Advertisements