(អត្ថបទដោយលោក ម៉ែន ណាត /CWCI Cambodia /20-6-2019)

ឯកសារធនាគារមួយ ត្រូវបានចែកចាយទូលំទូលាយនៅលើបណ្តាញសង្គម បង្ហាញ​​ថាលោក ហ៊ុន ម៉ានិត មេដឹកនាំ​ផ្នែក​ចារកិច្ច​របស់របប ហ៊ុន សែន និងជាកូនប្រុសលោក ហ៊ុន សែន ផងនោះ បាន​ផ្ញើ​លុយ​នៅ​ធនាគារអន្តរជាតិ ១០០ លាន​ដុល្លារ​អាមេរិក។

ក្រុមបណ្តាញសង្គមហ្វេសប៊ុក និងធ្វីតធ័រ បានដាក់សំណួរជាច្រើន ទៅលើ​លោក ហ៊ុន ម៉ានិត ដែល​ជាមន្រ្តីរាជការ​មាន​ប្រាក់ខែបន្តិចបន្តួច ប៉ុន្តែ​បែរ​ជា​មាន​លុយ​​រាប់​លានដុល្លារ ផ្ញើ​នៅ​ក្រៅប្រទេស។ ពួកគេដាក់ការសង្ស័យថា «ជាលុយ បានមកពីអំពើពុករលួយ និងកេងប្រវញ្ចជាតិ»

ភ្លាមនោះលោក ហ៊ុន ម៉ានិត សរសេរលើបណ្តាញហ្វេសប៊ុករបស់ខ្លួន ច្រានចោលទាំងស្រុង នូវព័ត៌មាន និងឯកសារ ដែល​គេ​ចែក​​ចាយ​​ក្នុង​​បណ្តាញសង្គមថា «ជារឿងមិនពីត និងជាឯកសារ​ក្លែងក្លាយ»។ ជាមួយគ្នានោះ លោក ក៏បានព្រមានទៅលើ​ម្ចាស់ហ្វេសប៊ុក​ឈ្មោះ Tor Nimol ថាអាចប្រឈម​មុខ​ផ្លូវច្បាប់ ពីបទបរិហារ​កេរ្តិ៍ ដូចក្រុមអ្នកប្រឆាំងកន្លង​មក។

ក្រុមបណ្តាញព័ត៌មានដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយព្រោងព្រាត ការពារចំពោះការលើកឡើងរបស់​លោក ហ៊ុន ម៉ានិត ជាមន្រ្តីស្អាតស្អំ មិនខុសពីឳពុករបស់លោក។

ករណីបែកធ្លាយឯកសារ របស់សមាជិកក្រុមគ្រួសារលោក ហ៊ុន សែន នេះ មិនមែនជាលើក​ទីមួយ​ទេ ដែលក្នុងនោះក៏មានលោកស្រី ហ៊ុន ម៉ាលី ផងដែរ។ ហើយ​មន្រ្តី​របប ហ៊ុន សែន និងសមាជិកក្រុមគ្រួសារលោក ហ៊ុន សែន តែងតែបដិសេធព័ត៌មានបែកធ្លាយទាំងនោះជាហូរហែរ បើទោះជាមានឯកសារភស្តុតាង​ជាក់លាក់យ៉ាងណាក្តី។

លោកស្រី ហ៊ុន ម៉ាលី ជាកូនស្រីរបស់លោក ហ៊ុន សែន និងជាភរិយារបស់លោក សុខ ពុទ្ធិវុទ្ធ ជាកូនរបស់ខ្មោចលោក សុខ អាន កាលពីឆ្នាំ ២០១២ បានបែកធ្លាយឯកសារធនាគារឈ្មោះ HSBC នៅទីក្រុងហុងកុង ដែលមានទឹកប្រាក់ជាង ៤២ លានដុល្លារអាមេរិក

កាសែត The Cambodia Daily បានចុះផ្សាយករណីបែកធ្លាយឯកសាររបស់លោកស្រី ហ៊ុន ម៉ាលី កាលពីខែមេសារ ឆ្នាំ២០១៩ ប៉ុន្តែអង្គភាពមួយរបស់រដ្ឋាភិបាលឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យិនទៀង ក៏នៅមិនទាន់ហ៊ាន​បើកការស៊ើបអង្កេត​នៅឡើយដែរ។

កាលពីឆ្នាំ ២០១៦ អង្គការឃ្លាំមើលពិភពលោក ក្លូបប៊ល វីដនេស (Global Witness) មានមូលដ្ឋាន ក្នុងប្រទេសអង់គ្លេស បានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា អធិរាជត្រកូលហ៊ុន កំពុងក្តោបក្តាប់ សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល តាមរយៈការរំលោភដីធ្លី ការធ្វើអាជីវកម្មឈើខុសច្បាប់ និងក្តោបក្តាប់ក្រុមហ៊ុនសំខាន់ៗជាច្រើន នៅក្នុងប្រទេស។ ហើយរបាយការណ៍ ក៏បានបង្ហាញទៀតថា ក្រុមគ្រួសារត្រកូល ហ៊ុន មានលុយពី ៥០០ លានទៅ ១០០០ លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ និងលួចជាតិ

Advertisements