ខួបលើកទី ៦៨ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន

(The Cambodia Daily /ដោយ តាំង សារ៉ាដា / 28-6-2019)
នៅក្នុងមហាសន្និបាទរំលឹកខួបលើកទី៦៨ ឆ្នាំ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ផងនោះ បានបង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ដ្រ។

លោកបានលើកឡើងថា គណបក្សមួយនេះ មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់ នៅលើកំណាត់ផ្លូវយ៉ាងវែងឆ្ងាយ រហូតធ្វើឱ្យប្រទេសជាតិ និងប្រជាជនទទួលបាននូវសន្តិភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយមោទនភាពជាទីបំផុត។ 

លោកបញ្ជាក់ថា គណបក្សនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ និងបានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៩១ ប៉ុន្តែប្រធានគណបក្សរូបនេះ មិនបានបង្ហាញពីសាវតាលម្អិត នៃបក្សរបស់ខ្លួនឡើយ។ 

ឯកសារប្រវត្តិសាស្ត្ររបស់ប្រវត្តិវិទូមួយចំនួន រួមមាន លោក ដេវីត ឆានល័រ (Devid Chandler) ជាដើម បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ត្រូវបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សនេះ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន ដែលមានស្រុកកំណើតនៅកម្ពុជាក្រោម និងជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ ១៩៣០ ។ 

បក្សប្រជាជនបដិវត្តន៍ខ្មែរ បង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីយួន​កុម្មុយនីស្​តវៀតមិញ ដើម្បីបណ្ដេញអាណានិគមនិយមបារាំង ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិន។ ចលនា​នេះ បានធ្វើការតស៊ូជារបៀបទ័ពព្រៃ ប្រឆាំងបារាំង រហូតដល់ឆ្នាំ ១៩៥៤។ ក្រោយ​មក មហាសន្និបាតបក្សលើកទី២ បក្សមួយនេះ ត្រូវបានសម្រេចប្តូរឈ្មោះទៅជា បក្សពលករកម្ពុជា នាខែកញ្ញាឆ្នាំ១៩៦០ ក្រោមការដឹកនាំរបស់ លោក ទូ សាមុត ជាលេខាបក្សពេលនោះ។

នៅឆ្នាំ១៩៦២ លោក ទូ សាមុត ឬអាចារ្យសុខ ដែលមានស្រុកកំណើតនៅកម្ពុជាក្រោមដែរនោះ ត្រូវបានបាត់ខ្លួន នៅរាជធានីភ្នំពេញយ៉ាងអាថ៌កំបាំង។ ក្រោយមក នៅខែកុម្ភៈឆ្នាំ ១៩៦៣ បក្សពលករកម្ពុជា បានធ្វើមហាសន្និបាតបក្សជាលើកទី៣ ដោយអង្គមីទ្ទីងពេលនោះ សម្រេចតែងតាំង លោក សាឡុត ស ហៅ ប៉ុល ពត ឲ្យធ្វើជាអគ្គលេខាធិការបក្ស។ លុះ ៣ ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ ១៩៦៦ ដោយចង់ផ្តាច់ខ្លួនចេញពី បក្សកុម្មុយនីស្ត​វៀតណាម ប៉ុល ពត បានសម្រេចប្តូរឈ្មោះបក្សរបស់ខ្លួនពី បក្សពលករកម្ពុជា ទៅជាបក្សកុម្មុយនីស្តកម្ពុជា តែម្តង។ 

បក្សកុម្មុយនីស្តកម្ពុជា ឬក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត ឬបងធំទី១ នេះ បានគ្រប់គ្រងប្រទេសកម្ពុជា ក្រោយការផ្តួលរំលំ របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ ពីខែមេសា ឆ្នាំ ១៩៧៥ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលវៀតណាម លើកទ័ពចូលឈ្លានពានកម្ពុជា រួចលើកបន្តុបរដ្ឋាភិបាលថ្មី ឬរដ្ឋាភិបាលអាយ៉ង ពេលនោះ ដោយមានសមាសភាពខ្មែរកុម្មុយនីស្ត និង កម្មាភិបាលខ្មែរក្រហមមួយចំនួនដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ជាដើម។


នៅខែមករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នោះ បានរៀបចំមហាសន្និបាត បក្សកុម្មុយនីស្តកម្ពុជា ដោយរៀបចំរចនាសម្ព័ន្ធដឹកនាំបក្សនេះឡើងវិញ ដោយសម្រេចប្តូរឈ្មោះយកឈ្មោះដើមវិញគឺ បក្សប្រជាជនបដិវត្តន៍ខ្មែរ និងប្រើប្រាស់ឈ្មោះដើមនេះ ចាប់តាំងពីខែមករាឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៩១ នៅពេលដែលឈ្មោះនេះ ត្រូវបានគេប្ដូរទៅជា គណបក្សប្រជាជនកម្ពុជា ដើម្បីលាងខ្លួនឱ្យស្អាត ដោយមិនចង់ឱ្យគេដឹងអំពីឫសកែវកុម្មុយនីស្ត និងខ្មែរក្រហមរបស់ខ្លួន ហើយឈ្មោះបក្សថ្មីនេះ ត្រូវបានគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។

អគ្គលេខាធិការបក្សនេះ រួមមានលោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សជ្រើសតាំងចាប់ពីឆ្នាំ ១៩៧៩ រហូតដល់ពេលលោកត្រូវបានវៀតណាម ចាប់ខ្លួននៅឆ្នាំ ១៩៨១។ បន្ទាប់មកលោក ហេង សំរិន ដឹកនាំបន្តរហូតដល់ឆ្នាំ ១៩៩១។ ហើយលោក ជា ស៊ីម ក៏បានដឹកនាំពីឆ្នាំ ១៩៩១ រហូតទល់ពេលលោកទទួលមរណភាព នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៥។ ចាប់ពីថ្ងៃទី ២០ មិថុនា ២០១៥ តំណែងជាអគ្គលេខាបក្ សឬជាប្រធាន បក្សប្រជាជនកម្ពុជា ត្រូវបានទៅលើកណ្តាប់ដៃរបស់លោក ហ៊ុន សែន ដឹកនាំរហូតមកទល់ពេលបច្ចុប្បន្ន៕

Advertisements